ភ្នំពេញៈ ក្រុមអាជីវករ​ខ្នាតតូច​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ​បាន​អះអាងថា ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​ថយចុះ​ជាង​ឆ្នាំមុន ដោយសារ​ប្រជាពលរដ្ឋ​រឹតត្បិត​ការចំណាយ​នៅមុន​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ព្រោះតែ​ការបារម្ភ​ពី​ការរីករាលដាល​របស់​ជំងឺ​កូវីដ ​១៩ អូសបន្លាយ​រយៈពេល​យូរ​។

បើទោះបី​ជា​រដ្ឋាភិបាល​បានប្រកាស​លុបចោល​ការ​រៀបចំ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ក៏ប៉ុន្តែ​ពិធី​សែនព្រេន​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅហើយ​នឹង​នៅតែ​អនុវត្ត​ទៅ​តាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ជាធម្មតា​។ ការណ៍​នេះ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទិញ​គ្រឿង​សំណែន និង​បន្លែ​ត្រី​សាច់​ទុក​ធ្វើ​ម្ហូប​អាហារ​សម្រាប់​សែនដូនតា​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី​ ១៣ ដល់ ១៦ ខែ​មេសា ​ខាងមុខ​។


អាជីវករ​លក់​បន្លែ និង​អីវ៉ាន់​ចាប់ហួយ​នៅ​ភ្នំពេញ អ្នកស្រី ហាក់ ឡាយហៀក បាន​ឲ្យ​ដឹងថា​ជាទូទៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចូល​មកដល់​សកម្មភាព​លក់ដូរ​របស់​គាត់​មាន​ភាពមមាញឹក​ខ្លាំង ប៉ុន្តែ​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​ទេ ដោយសារ​ប្រជាពលរដ្ឋ​មាន​ការត្បិតត្បៀត​ក្នុង​ការចាយវាយ​ចំពេល​ការរីក​រាលដាល​កូវីដ​ ១៩​។


អ្នកស្រី​ថ្លែងថា​៖ «​នៅពេល​នេះ​ខ្ញុំ​លក់ដាច់​មួយៗ បើ​មើល​ទៅ​លក់​មិនសូវ​ដាច់​ដូច​ឆ្នាំមុន​ទេ ហើយ​ចំណូល​ក៏ធ្លាក់​តាម​ហ្នឹង​ដែរ​។ ខ្ញុំ​ឃើញថា ទំនិញ​សម្រាប់​សែនដូនតា​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខែ្មរ ដូច​ភេសជ្ជៈ និង​ទៀនធូប​ហាក់​លក់​មិនសូវ​ដាច់​ទេ​»​។


កំពុង​ហាន់សាច់​ជ្រូក​ចៀន​បណ្តើរ​និយាយ​ត្អូញត្អែរ​បណ្តើរ អ្នកស្រី ម៉ី រ៉ាណែត អាជីវករ​លក់​បាយ​នៅក្បែរ​ផ្សារ​សារឿន​ស្ថិត​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​រៀបរាប់​ថា ការលក់ដូរ​មិន​កាក់កប​នោះទេ​នៅ​ប៉ុនា្មន​ខែ​មក​នេះ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩​។


អ្នកស្រី​ជឿថា​ការបាត់បង់​ការងារ​របស់​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការរកស៊ី​ទទួលទាន​របស់​គាត់​។


អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់តែ​លក់​បាយ​ដាច់​ខ្លាំង​នៅពេល​ជិត​ចូលឆ្នាំ​ខែ្មរ​ម្តងៗ ដោយ​ពីមុន​ ១ ​ថ្ងៃ​អង្ករ ៣០ ​កំប៉ុង​សម្រាប់​ដាំបាយ និង​សាច់​ជាង ១០ ​គីឡូក្រាម​លក់​គ្មាន​សល់ តែ​សព្វថ្ងៃនេះ​វិញ​ ១ ​ថ្ងៃ​អង្ករ ១០ ​កំប៉ុង លក់​មិន​ចង់​អស់​ផង បើ​លក់​មិន​ដាច់​ដូច្នេះ​ខ្ញុំ​មិនដឹង​បាន​លុយ​មកពីណា​បង់​កម្ចី​ឲ្យ​ធនាគារ​ទេ​»​។

អ្នកស្រី គីម សុង ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ IDOL ដែលមាន​ ៤ ​សាខា​នៅ​ភ្នំពេញ​បាន​ប្រាប់ថា ការលក់ដូរ​របស់​ហាង​អ្នកស្រី​នៅ​ឆ្នាំនេះ​ហាក់​ថមថយ​បន្តិច​ដោយសារ​តែ​សាខា​មួយ​របស់​អ្នកស្រី​នៅក្នុង​ផ្សារ​ច្បារអំពៅ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​ប្រជាពលរដ្ឋ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ ១ ​ករណី​នៅ​តំបន់​នោះ​។

អ្នកស្រី​ថ្លែងថា​៖ «​សាខា​នោះ​ធ្លាប់តែ​លក់ដាច់​ខ្លាំង តែ​តាំងពី​រកឃើញ​មាន​កូវីដ​នៅ​តំបន់​នោះ ខ្ញុំ​លក់​មិន​ដាច់​សោះ​។ សព្វ​ថ្ងៃជា​មធ្យម​លក់បាន​ចន្លោះ​ពី ៦០-៨០ ​កែវ​ប៉ុណ្ណោះ​ដែល​កាលពី​មុន​លក់បាន​ច្រើនជាង​នេះ ជាពិសេស​ជិត​ចូលឆ្នាំ​ខ្មែរ​ម្តងៗ​»​។

ចំណែក​ម្ចាស់​ហាង​លក់​អីវ៉ាន់​ចាប់ហួយ​មួយរូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​ស្របពេល​លក់​មិនសូវ​ដាច់ បែរ​ជា​ទំនិញ​មួយចំនួន​ត្រូវបាន​អាជីវករ​លក់​ទំនិញ​បោះ​ដុំ​ឆ្លៀត​ឡើងថ្លៃ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ទំនិញ​ភាគច្រើន​នាំចូល​ពី​ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​ដំឡើងថ្លៃ​ដូច​ត្រីខកំប៉ុង និង​មី​ជាដើម សព្វថ្ងៃ​ត្រីខកំប៉ុង​ឡើង​ថ្លៃ​រហូតដល់​ជាង ៣០ ០០០ ​រៀល​ ក្នុង​ ១ ​ឡូ ប៉ុន្តែ​ទំនិញ​ដែល​ផលិត​ក្នុងស្រុក​អត់​ឡើងថ្លៃ​ទេ​ដូចជា​ភេសជ្ជៈ ទឹក​សុទ្ធ ជាដើម​»​។

កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចេញ​វិធានការ​មិន​ឲ្យ​មាន​នាំចេញ​ស្រូវ អង្ករស ត្រី ទៅ​ក្រៅប្រទេស​ដើម្បី​រក្សា​ស្ថិរភាព​ស្បៀងអាហារ និង​ទប់​កុំឲ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់​ចំពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩៕