ទីក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ពេញចិត្ត​ចំពោះ​កម្មវិធី​ដែល​ប្រកាស​ដោយ​ធនាគារកណ្តាល​អាមេរិក​ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ដ៏ច្រើន​របស់​រដ្ឋាភិបាល​សម្រាប់​អាជីវកម្ម​ធុន​តូច​ដែល​រង​ការបិទ​អាជីវកម្ម​ដោយ​វីរុស​កូរ៉ូណា​។

ក្នុង​សន្និសីទ​ប្រចាំថ្ងៃ សង្ខេប​ព័ត៌មាន​ស្តីពី​វីរុស​កូរ៉ូណា​លោក​ប្រធានាធិបតី​បាន​និយាយថា​៖ «​ពិតជា​ធ្វើការ​ល្អ​មែនទែន​»​។


លោក​និយាយថា​៖ «​រហូត​មកទល់​ថ្ងៃ​ចន្ទ អាជីវកម្ម​ខ្នាតតូច​រាប់ម៉ឺន​បានដាក់​ពាក្យស្នើសុំ​កញ្ចប់​ជំនួយ​ច្រើនជាង​ចំនួន​ ៤០ ​ពាន់​លាន​ដុល្លារ​» ដោយ​កត់សម្គាល់​ថា មូលនិធិ​នោះ​នឹង​សង្គ្រោះ​ការងារ​ជិត​ ២ ​លាន​។


ប៉ុន្តែ​លោក​ ត្រាំ​ មិន​អាច​បញ្ជាក់​ច្បាស់លាស់​ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ត្រូវបាន​ចំណាយ​ដល់​ម្ចាស់​អាជីវកម្ម​រួច​នោះទេ​។


ធនាគារកណ្តាល​អាមេរិក​បាន​និយាយថា ខ្លួន​នឹង​ទិញ​កម្ចី​ចាំបាច់​ដែល​ធនាគារ​ផ្តល់​ដល់​អាជីវកម្ម​ខ្នាតតូច​ក្រោម​កម្មវិធី​ការពារ​ប្រាក់បៀវត្សរ៍ (PPP) ​ដែល​បានដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។ កម្មវិធី​នោះ​នឹង​ធ្វើឲ្យ​អ្នកផ្តល់​កម្ចី​ជា​សាច់ប្រាក់​ដើម្បី​ផ្តល់​បន្តទៅ​អ្នក​ផ្សេងទៀត​។


កម្មវិធី​នោះ​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣៥០ ​ពាន់​លាន​ដុល្លារ​ ក្នុង​ហិរញ្ញប្បទាន​ធានា​ដោយ​រដ្ឋាភិបាល​តាមរយៈ​អ្នកផ្តល់​កម្ចី​ឯកជន​ដែល​នឹង​ត្រូវបាន​លើកលែង ប្រសិន​បើ​អាជីវកម្ម​ទាំងឡាយ​ណា​រាប់​ចាប់តាំងពី​ហាង​តូចៗ​ដល់​ភោជនីយដ្ឋាន​ធំ​ដែល​ប្រើប្រាស់​មូលនិធិ​នោះ ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ពួកគេ​។


កម្មវិធី​នោះ​ដែល​ជា​ផ្នែក​នៃ​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន​ ២,២ ​ពាន់​ពាន់​លាន​ដុល្លារ​ ត្រូវបាន​អនុម័ត​កាលពី​​ខែមីនា និង​ត្រូវ​បាន​ធ្វើការងារ​ជាបន្ទាន់​ដោយ​រតនាគារ​ជាតិ និង​រដ្ឋបាល​អាជីវកម្ម​ធុន​តូច​កាលពី​សប្តាហ៍​មុន​។

ធនាគារ​បាន​ត្អូញត្អែរ​ថា ពួកគេ​មិន​ទទួលបាន​ការណែនាំ​លម្អិត​អំពី​របៀប ដើម្បី​គ្រប់គ្រង​ដំណើរការ ខណៈ​អ្នក​ខ្ចី​ត្រូវបាន​ទុក​មួយ​ឡែក​នោះ​។

លោក​ ត្រាំ ក៏បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​ដើម្បី​ស្នើសុំ​ប្រាក់​បន្ថែមទៀត បើសិន​ចាំបាច់​។

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​ស្នើ​ប្រាក់កម្ចី​ចំនួន​ ១៣០ ០០០ ​គណនី​ដែល​មាន​ទឹកប្រាក់​សរុប​ ៣៨ ​ពាន់​លាន​ដុល្លារ​ពី​អ្នកផ្តល់​កម្ចី​ចំនួន ​២ ៤០០ ​នាក់ និង​ស្ថាប័ន​ផ្សេងៗ​គ្នា​។

ប៉ុន្តែ​សំណួរ​អំពី​កម្មវិធី​បាន​ប្រមូលផ្តុំ​លើ​អ្វីៗ​គ្រប់យ៉ាង​ពី​ច្បាប់​លាង​លុយកខ្វក់​ធនាគារ​រហូត​ដល់​របៀប​ដែល​ប្រាក់កម្ចី​នេះ​អាច​ត្រូវ​បានអនុម័ត​យ៉ាងរហ័ស​ពី​អ្នកផ្តល់​កម្ចី​ដែល​មិនមែន​ជា​ផ្នែក​របស់ SBA កាលពីមុន​នោះ​។

ចំណុច​ដែល​សំខាន់​នៃ​រឿង​នោះ​ជា​ចំណុច​លម្អិត​យ៉ាង​ល្អិតល្អន់​អំពី​ទម្រង់ និង​ឯកសារ​។

អាជីវកម្ម​ខ្លះ​ដែល​ដាក់ពាក្យ​ស្នើសុំ​ជំនួយ​ហិរញ្ញប្បទាន​បាន​និយាយថា ការស្នើសុំ​របស់​ពួកគេ​ត្រូវ​ដាក់​ជា​ពំនូក ប៉ុន្តែ​គ្មាន​ពាក្យ​ឆ្លើយតប​ថា ពួកគេ​ត្រូវ​រង់ចាំ​យូរ​ប៉ុនណា​នោះទេ​។

សមាគម​ធនាគារ​សហគមន៍​ឯករាជ្យ (ICBA) កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នោះ​ថា «​ទន់ខ្សោយ​» ​និង​បានលើកឡើង​ «​នូវ​កង្វះខាត​ការណែនាំ​ច្បាស់លាស់​» និង «​ការពន្យារពេល​ដ៏សែន​យូរ​» ​ក្នុង​ការទទួលបាន​ដំណើរការ​ប្រាក់កម្ចី ដោយសារ​ការមិន​ចង់​ដោះស្រាយ​នៅ​ SBA​។

លោកស្រី Rebeca Romero Rainey ប្រធាន ICBA បាន​ថ្លែង​​ឲ្យ​ដឹងថា​៖ «​ជិត​ ៤៨ ​ម៉ោង បន្ទាប់ពី​កម្មវិធី​ដាក់​ឲ្យ​ដំណើរការ អ្នកផ្តល់​កម្ចី​រាប់រយ​នាក់​នៅតែ​ព្យាយាម​ទទួល​ការអនុម័ត ដើម្បី​ចូលទៅ​កាន់​ប្រព័ន្ធ SBA ដូចនេះ​គេ​អាច​ដំណើរការ​ប្រាក់កម្ចី​បាន​»​។

លោកស្រី​ក៏​បាន​អំពាវនាវ​ផងដែរ ដល់​ធនាគារកណ្តាល​ដើម្បី​ដំណើរការ​ទីផ្សារ​ទី​ ២ ​សម្រាប់​កម្ចី​នោះ​ស្រដៀង​ទៅនឹង​អ្វីដែល​គេ​ធ្វើ​ជាមួយ​ការបង់រំលស់​ផ្ទះ​ដែល​ប្រាក់កម្ចី​ត្រូវ​បាន​គេ​លក់ ដោយ​ពួកគេ​មិន​ស្ថិតនៅក្នុង​បញ្ជី​របស់​អ្នកផ្តល់​ប្រាក់កម្ចី​នោះទេ ហើយ​ធនាគារកណ្តាល​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​ធ្វើ​បែប​នោះ​។

ធនាគារ​កណ្តាល​បាន​អះអាង​ក្នុង​សេចក្តី​ប្រកាសថា​៖ «​ដើម្បី​សម្រួល​ដល់​ការផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រាស​ខ្នាតតូច​តាមរយៈ​កម្មវិធី​ការពារ​ប្រាក់ខែ​បុគ្គលិក​របស់​រដ្ឋបាល​អាជីវកម្ម​ខ្នាតតូច ធនាគារកណ្តាល​នឹង​បង្កើត​ការសម្របសម្រួល​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​មាន​កាលកំណត់ គាំទ្រ​ដោយ​កម្ចី​របស់​កម្មវិធី​ (PPP)»​។ ធនាគារកណ្តាល​បន្ថែម​ថា​៖ «​សេចក្តី​លម្អិត​បន្ថែម​នឹង​ត្រូវ​ប្រកាស​នៅក្នុង​សប្តាហ៍​នេះ​»៕ RR