ក្រុងសេអ៊ូលៈ ​រដ្ឋាភិបាល​អាមេរិក​កំពុង​បញ្ចុះ​បញ្ចូល​​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ មិន​ឲ្យ​ប្រើប្រាស់​​ផលិតផល​​របស់​ក្រុមហ៊ុន Huawei ​ចំពេល​មាន​ការ​ជំរុញ​​កាន់​តែ​ទូលំ​ទូលាយ​របស់​​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឲ្យ​បដិសេធ​​ទំនិញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស ​ចិន ​មួយ​នេះ​។ នេះ​បើ​យោង​តាម​​សេចក្តី​រាយការណ៍​របស់​​កាសែត​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​​​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍។

កាសែត Chosun Ilbo បាន​រាយការណ៍​ថា មន្ដ្រី​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​​មួយ​នៅ​ពេល​ថ្មីៗ​​ជាមួយ​សមភាគី​​ប្រទេស ​កូរ៉េ​ខាង​ត្បូង​​ថា ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ telco LG Uplus ដែល​​ប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​ Huawei «​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​បម្រើ​នៅ​ក្នុង​វិស័យ​ងាយ​បង្ក​ជា​បញ្ហា​​នៅ​ក្នុង​ប្រទេស ​​កូរ៉េ​ខាង​ត្បូង ​នោះ​ទេ​»។​


មន្ដ្រី​នោះ​​បន្ថែម​ថា ​ក្រុមហ៊ុន Huawei នៅ​ទី​បញ្ចប់​ត្រូវ​​បណ្ដេញ​ចេញ​ពី​ប្រទេស​នេះ​។


មន្ដ្រី​ក្រុមហ៊ុន LG Uplus ​បាន​ប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «​​LG Uplus ​មិន​បាន​ទទួល​​សេចក្ដី​ប្រកាស​ ឬ​សំណើ​ណា​មួយ​​ពី​​ក្រសួង​​ការ​បរទេស​របស់​ប្រទេស ​​កូរ៉េ​ខាង​ត្បូង ឬ​អាមេរិក ​ទាក់ទង​​ទៅ​នឹង​ការ​ប្រើប្រាស់​​ឧបករណ៍​​ក្រុមហ៊ុន​ Huawei ​របស់​យើង​នោះ​ទេ​»។​


ទីក្រុង​វ៉ាស៊ីនតោន​ កំពុង​ដាក់​សម្ពាធ​​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិន​​ឲ្យ​ប្រើប្រាស់​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ​Huawei ​ដោយសារ​បារម្ភ​ថា ឧបករណ៍​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ចារកិច្ច​ ឬ​ការ​វាយ​ប្រហារ​អ៊ីនធឺណិត​​ជា​ការ​បារម្ភ​ដែល​​ក្រុមហ៊ុន​ Huawei ​​ចាត់​ទុក​ថា​​មិន​មាន​មូលដ្ឋាន​។​


យុទ្ធនាការ​ប្រឆាំង​​ក្រុមហ៊ុន​ Huawei បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន ​នៅ​ពេល​​លោក​ប្រធានាធិបតី​អាមេរិក​​​ ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ ​ដែល​បាន​ហាម​ឃាត់​​ការ​ប្រើប្រាស់​ឧបករណ៍​​របស់​ក្រុមហ៊ុន​ Huawei នៅ​ក្នុង​បណ្ដាញ​ទូរគមនាគមន៍​អាមេរិក​ដោយ​ឈរ​​លើ​មូលដ្ឋាន​សន្ដិសុខ​ជាតិ។ លើស​​​ពីនេះ​ ក្រសួង​ពាណិជ្ជកម្ម​ បាន​ដាក់​កម្រិត​លើ​ការ​ទិញ​បច្ចេកវិទ្យា​អាមេរិក​របស់​ក្រុមហ៊ុន​នេះ​។​


កាសែត ​Chosun Ilbo បាន​រាយការណ៍​ដោយ​​លើក​ឡើង​ប្រភព​ទូត​មិន​បញ្ចេញ​ឈ្មោះ​នៅ​ទីក្រុង​សេអ៊ូល​ថា រដ្ឋាភិបាល​អាមេរិក បាន​បញ្ជូន​សារ​ម្ដង​ហើយ​ម្ដង​ទៀត​ ទៅ​ក្រសួង​ការ​បរទេស​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​តាមរយៈ​បណ្ដាញ​ទូត​ផ្សេងៗ​ ដែល​ថា​ ការ​​ប្រើប្រាស់​​ផលិតផល​របស់​ក្រុមហ៊ុន​ Huawei អាច​បង្ក​បញ្ហា​សន្ដិសុខ​។

ក្រសួង​ការ​បរទេស​ប្រទេស ​កូរ៉េ​ខាងត្បូង ​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​មួយ​ថា​៖​​ «​អាមេរិក​បាន​បញ្ជាក់​​ពី​សារៈសំខាន់​នៃ​សន្ដិសុខ​ សម្រាប់​ឧបករណ៍​ 5G ហើយ​យើង​យល់​ដឹង​អំពី​តួនាទី​របស់​អាមេរិក​»​។ ​ក្រសួង​បន្ថែម​ថា ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​វ៉ាស៊ីនតោន​ បាន​បន្ត​ការ​ចរចា​​លើ​បញ្ហា​នេះ ​ប៉ុន្តែ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។​ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​សេអ៊ូល ​មិន​បាន​ឆ្លើយ​តប​ការ​​ស្នើសុំ​ការ​អត្ថាធិប្បាយ​​ភា្លមៗ​ទេ៕​ LA​