អាមេរិក​ស៊ើប​ករណី​ឧក្រិដ្ឋកម្ម​ ដែល​អាច​ពាក់ព័ន្ធ Huawei

Content image - Phnom Penh Post
បញ្ជរ​ក្រុមហ៊ុន Huawei ក្នុង​ពិព័រណ៍​គ្រឿង​អេឡិច​ត្រូនិក​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​២០១៩ នៅ​អាមេរិក។ រូបថត AFP

ក្រុង​វ៉ាស៊ីនតោនៈ អាជ្ញាធរ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កម្រិត​​​​ខ្ពស់​​មួយ​នៃ​ការ​ស៊ើប​​អង្កេត​ឧក្រិដ្ឋកម្ម​​​ ដែល​អាច​​បណ្ដាល​ឲ្យ​មាន​​ការ​ចោទ​ប្រកាន់​​​​​​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ Huawei របស់​​​​ប្រទេស ​ចិន​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​។

កាសែត​ Wall Street Jour​nal ដែល​បាន​ដក​ស្រង់​​ប្រភព​អនាមិក​​​រាយការណ៍​​ថា​ ក្រសួង​យុត្តិធម៌ កំពុង​ពិនិត្យ​មើល​​ការ​ចោទ​​ប្រកាន់​​ពី​បទ​ចារកម្ម​​ព័ត៌មាន​សម្ងាត់​ពាណិជ្ជកម្ម​ពី​ដៃគូ​ពាណិជ្ជកម្ម​​អាមេរិក​របស់​ក្រុមហ៊ុន​ Huawei ដែល​រួមមាន​ទាំង​ឧបករណ៍​​មនុស្ស​យន្ត​របស់​​ក្រុមហ៊ុន​​ T-Mobile​ ដែល​ត្រូវ​បាន​ប្រើប្រាស់​​ក្នុង​ការ​ធ្វើ​តេស្ត​​​ទូរស័ព្ទ​ស្មាត​ហ្វូន​ផង​ដែរ។​

ក្រុមហ៊ុន​ Huawei និង​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ​អំពី​សេចក្តី​រាយ​​ការណ៍​​​​នេះ។​

ប៉ុន្តែ​ក្រុមហ៊ុន​ Huawei បាន​កត់​សម្គាល់​ថា​៖ «​​ក្រុមហ៊ុន​ Huawei និង​ T-Mobile ​បាន​ដោះស្រាយ​ជម្លោះ​របស់​ខ្លួន​​​កាល​ពី​ឆ្នាំ​ ២០១៧ រួច​ហើយ បន្ទាប់​ពី​សាល​ក្រម​តុលា​ការ​អាមេរិក​​​មិន​បាន​រក​​ឃើញ​ការ​ខូចខាត​ ការ​​រក​ប្រាក់​ចំណេញ​ដោយ​​មិន​ស្មើភាព​ ការ​ធ្វើ​តាម​ចិត្ត​​ឯង និង​ការ​ព្យាបាទ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បង្ក​​ឡើង​ដោយ​​ Huawei ​ក្នុង​ករណី​​​​ព័ត៌មាន​សម្ងាត់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន T-Mobile​​​»។​​

វិធានការ​នេះ​ នឹង​បង្កើន​ភាព​តាន​តឹង​បន្ថែម​ទៀត​រវាង​អាមេរិក​ និងចិន​ បន្ទាប់​ពី​មាន​ការ​ចាប់​​​ខ្លួន​លោក​ស្រី​ Meng Wanzhou ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ​ ដែល​ជា​កូន​ស្រី​របស់​ស្ថាបនិក​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ឈាន​មុខ​គេ​របស់​ចិន​នេះ កាល​ពី​ចុង​ឆ្នាំ​​​មុន​នៅ​ប្រទេស​​ កាណាដា​។​

ករណី​លោក​ស្រី​ Meng ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ​ រង់​ចាំ​ដំណើរ​ការ​នីតិ​វិធី​តុលាការ​ បាន​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទំនាក់ទំនង​អាមេរិក និងចិន និង​ទំនាក់​ទំនង​​កាណាដា​ និង​ចិន​។​

ជនជាតិ​កាណាដា​ ២ ​រូប ត្រូវ​បាន​​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ ចិន​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​របស់​លោក​​​​ស្រី Meng និង​​មនុស្ស​ទី​ ៣ ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ការ​ចោទ​ប្រកាន់​រត់​ពន្ធ​គ្រឿង​ញៀន​ ពោល​គឺ​ជា​ចំណាត់​ការ​​មួយ​ដែល​ក្រុម​អ្នក​អង្កេត​ស្ថានការណ៍​មើល​ឃើញ​ថា​​ជា​ការ​ប៉ុនប៉ង​ដោយ​ទីក្រុង​ប៉េកាំង​ ដើម្បី​ដាក់​សម្ពាធ​​លើ​ទីក្រុង​​​អូតាវ៉ា​ ដោយ​សារ​តែ​ករណី​របស់​លោក​ស្រី​ Meng។​

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ទី ២ ក្នុង​​ពិភព​លោក និង​ជា​ក្រុមហ៊ុន​ផលិត​​ឧបករណ៍​​ទូរគមនាគមន៍​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ ត្រូវ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​អាមេរិក​ ដោយ​សារ​​ការ​ចោទ​​ប្រកាន់​ថា​​មាន​ទំនាក់ទំនង​ជា​មួយ​រដ្ឋាភិបាល​របស់​ប្រទេស​ ចិន​។​

លោក​ Ren Zhengfei ស្ថាបនិក​​​​ក្រុមហ៊ុន​ Huawei ​ក្នុង​បទ​សម្ភាស​តាម​ប្រព័ន្ធ​ព័ត៌មាន​​ដ៏​កម្រ​មួយ​​កាល​ពី​ថ្ងៃ​អង្គារ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​​ថា ​ក្រុមហ៊ុន​​​របស់​លោក​​បាន​​ជាប់​ពាក់ព័ន្ធ​ចារកម្ម​​តាំង​នាម​ឲ្យ​រដ្ឋាភិបាល​ចិន​។​

ភាព​តានតឹង​កើត​ឡើង​ក្នុង​គ្រា​ដែល​​មាន​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានា​ធិបតី​ ដូណាល់​ ត្រាំ​ ក្នុង​ការ​បង្កើន​​​ផលិតកម្ម​​​នៅ​លើ​ទឹក​ដី​អាមេរិក​ ​និង​ក្នុង​ការ​ដំឡើង​​​ពន្ធ​នាំចូល​​​លើ​​ទំនិញ​របស់​​ចិន​ សម្រាប់​អ្វី​ដែល​លោក​​បាន​អះអាង​ថា ជា​ការ​អនុវត្ត​​​ពាណិជ្ជកម្ម​មិន​​ស្នើភាព​គ្នា​ ដោយ​ទីក្រុង​ប៉េកាំង​។​

ក្នុង​វិធានការ​ដែល​ពាក់ព័ន្ធ​មួយ​ផ្សេង​ទៀត​ តំណាង​រាស្ដ្រ​​បាន​ដាក់​សំណើ​ច្បាប់​មួយ​ ដើម្បី​​ហាមឃាត់​ការ​នាំ​ចេញ​គ្រឿង​បន្លាស់​​របស់​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​​​ទូរគមនាគមន៍​របស់​ប្រទេស​ ចិន ដែល​​​រំលោភ​​ច្បាប់​​គ្រប់គ្រង​ការ​នាំចេញ ឬ​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ ដោយ​ក្រុមហ៊ុន​ Huawei និង​ ZTE របស់​ចិន​ទំនង​ជា​នឹង​ក្លាយ​ជា​​​ទិស​ដៅ​នេះ​។​

លោក​ Tom Cotton សមាជិក​ព្រឹទ្ធសភា​សាធារណៈ​រដ្ឋ​ ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ដែល​​គាំទ្រ​ច្បាប់​នេះ​ ​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ Huawei គឺជា​​សាខា​​ប្រមូល​ព័ត៌មាន​ចារកម្ម​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន​ ដែល​ស្ថាបនិក​ និង​អគ្គនាយក​របស់​ខ្លួន​ គឺជា​វិស្វករ​​បម្រើ​ការងារ​នៅ​ក្នុង​​ កង​ទ័ព​រំដោះ​​​ប្រជាជន​ចិន​»​។​

លោក Chris Van Hollen ​សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​​​ប្រជាធិបតេយ្យ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ថា​៖ «​​ក្រុមហ៊ុន​ Huawei និង ZTE គឺ​ជា​ផ្នែក​សង​ខាង​​នៃ​កាស​តែ​​មួយ​។ ​ក្រុមហ៊ុន​ទាំង ២ ​​បាន​រំលោភ​​ច្បាប់​អាមេរិក​ជា​បន្ត​បន្ទាប់​ ដែល​បង្ក​ជា​ហានិភ័យ​​​ធំ​មួយ​​ដល់​​ផល​ប្រយោជន៍​សន្ដិសុខ​ជាតិ​ ​ហើយ​ចាំ​បាច់​ត្រូវ​​​ធ្វើ​ឲ្យ​មាន​គណ​នេយ្យភាព​»​។​

កាល​ពី​ឆ្នាំ​មុន​ លោក​ ត្រាំ​ សម្រេច​បាន​កិច្ច​ព្រមព្រៀង​​ជា​មួយ​ក្រុមហ៊ុន​ ZTE ដែល​ជួយ​សម្រាល​ការ​ផាក​ពិន័យ​ហិរញ្ញវត្ថុ​យ៉ាង​តឹងរ៉ឹង​លើ​ក្រុមហ៊ុន​នេះ​ ដោយ​សារ​បទ​ចោទ​ពី​​ការ​ជួយ​ប្រទេស​ អ៊ីរ៉ង់​ និង​កូរ៉េ​ខាង​ជើង​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក៕​ AFP/LA