ក្រុងវ៉ាស៊ីនតោនៈ និយតករ​ទូរគមនាគមន៍​អាមេរិក​កាលពី​ថ្ងៃ​អង្គារ បាន​អនុម័ត​ការច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន T-Mobile និង​ក្រុមហ៊ុន Sprint ដែល​ធ្វើឲ្យ​ការចងសម្ព័ន្ធភាព​រវាង​ក្រុមហ៊ុនទូរស័ព្ទ​ធំ​លំដាប់​ទី​ ៣ និង​លំដាប់​ទី​ ៤ របស់​អាមេរិក​កាន់តែ​ខិតជិត​ទៅរក​ការបញ្ចប់​។

គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ (FCC) បានបញ្ចប់​កិច្ចព្រមព្រៀង​តម្លៃ ២៦ ​ពាន់​លាន​ដុល្លារ ​ដែល​មាន​រយៈពេល​ ៣ ​ខែ​មកនេះ បន្ទាប់ពី​ការយល់ព្រម​ពី​ក្រុមមន្ដ្រី​ប្រឆាំង​ភាព​ផ្ដាច់មុខ​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក​។


ការបោះឆ្នោត​របស់ FCC ដែល​មាន ៣ ​សំឡេង​ទល់នឹង ២ ​សំឡេង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​ក្រុមហ៊ុន Sprint ដក​ការវិនិយោគ​ចេញពី​ក្រុមហ៊ុន​អាជីវកម្ម​បង់ប្រាក់​មុន Boost Mobile ហើយ​លក់​ភាគហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សាយ​តាម​ផ្កាយរណប Dish ដែល​ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​បណ្ដាញ​ឥត​ខ្សែ​ថ្នាក់ជាតិ​ថ្មី​មួយ​។


ក្រុម​អ្នកគាំទ្រ​ដល់​កិច្ចព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​នេះ​បាន​ឲ្យ​ដឹងថា ការរួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន T-Mobile និង​ក្រុមហ៊ុន Sprint នឹង​បង្កើតបាន​ក្រុមហ៊ុន​ឥត​ខ្សែ​របស់​អាមេរិក​លំដាប់​លេខ​ ៣ ដ៏រឹងមាំ​មួយ​នៅ​ពីក្រោយ​ក្រុមហ៊ុន Verizon និង​ក្រុមហ៊ុន AT&T ជាមួយ​នឹង​ការ​មាន​ធនធាន​ដើម្បី​វិនិយោគ​លើ​បណ្ដាញ 5G​។


លោក Ajit Pai ប្រធាន FCC បាន​ថ្លែងថា​៖ «​ប្រតិបត្តិការ​ច្របាច់​បញ្ចូល​គ្នា​នេះ នឹង​ជួយ​ធានា​ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​ខាង​បច្ចេកវិទ្យា 5G បង្រួម​គម្លាត​បច្ចេកវិទ្យា​ឌីជីថល​នៅតាម​តំបន់​ជនបទ​របស់​អាមេរិក និង​លើកកម្ពស់​ការប្រជែង​ក្នុង​ទីផ្សារ​អ៊ីនធឺណិត​»​។


ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​អះអាង​ថា វា​នឹង​កាត់បន្ថយ​ជម្រើស​សម្រាប់​អតិថិជន​អាមេរិក ហើយ​ទីបំផុត​បណ្ដាល​ឲ្យ​តម្លៃ​កើនឡើង​កាន់តែ​ខ្ពស់​។


ការបោះឆ្នោត​ជំទាស់​នឹង​កិច្ចព្រមព្រៀង​នេះ​រួមមាន​លោកស្រី Jessica Rosenworcel ប្រធាន FCC ដោយ​លោកស្រី​បាន​ឲ្យ​ដឹងថា វា​នឹង​បណ្ដាល​ឲ្យ​មាន​ក្រុមហ៊ុន​ចំនួន​តែ ៣ ប៉ុណ្ណោះ​ដែល​គ្រប់គ្រង ៩៩ ​ភាគរយ​ នៃ​ទីផ្សារ​បណ្ដាញ​ឥត​ខ្សែ​នេះ​៕ LA