វ៉ាស៊ីនតោនៈ រដ្ឋមន្ត្រីក្រសួង​រតនាគារ​អាមេរិក​លោក Steven Mnuchin នឹង​ជំរុញ​ឲ្យ​ប្រទេស​ជាច្រើន​ដូចជា​បារាំង​ពន្យារ​ការយកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក ដូចជា Google និង Amazon ជាដើម​ដោយ​រង់ចាំ​ការចរចា​កិច្ចព្រមព្រៀង​ស្តីពី​ពន្ធ​អន្តរជាតិ​ជាមុនសិន​។ នេះ​បើ​យោងតាម​លិខិត​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

ខណៈ​ដែល​អាមេរិក​គ្រោង​នឹង​យកពន្ធ​នាំចូល​លើ​ទំនិញ​របស់​ប្រទេស​បារាំង​រហូតដល់​ ១០០ ​ភាគរយ ​ដែល​មាន​តម្លៃ​ ២,៤ ​ពាន់​លាន​ដុល្លារ​ ទៅលើ​សេវា​ពន្ធ​ឌីជីថល​របស់​ប្រទេស​នេះ​លោក Mnuchin និយាយ​ថា​ចរចា​នៅក្នុង​អង្គការ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) គឺជា​កូន​សោ​ដ៏សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ពន្ធ​ដ៏ចម្រូងចម្រាស​នេះ​។


លោក​ថ្លែង​ក្នុង​លិខិត​ទៅកាន់​លោក Jose Angel Gurria ប្រធាន OECD ថា​៖ «​យើង​ជឿថា វា​មាន​សារៈសំខាន់​ដែល​ការជជែក​ទាំងនេះ​នឹង​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ការពារ ការសម្រេច​ជា​ឯកតោភាគី ដូចជា​ពន្ធ​លើ​សេវា​ឌីជីថល ដែល​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​ពន្ធ​អន្តរជាតិ​»​។


លោក​បាន​បន្តថា​៖ «​យើង​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ពន្យារ​គំនិត​ផ្តួចផ្តើម​ការយកពន្ធ​លើ​សេវា​ឌីជីថល ដើម្បី​ទុកពេល​ឲ្យ OECD ឈាន​ទៅរក​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​»​។


លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​បញ្ចេញ​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដោយ​រិះគន់​វិធានការ​ពន្ធ​របស់​បារាំង​ថា​ជា ការរើសអើង​នឹង​ធ្វើ​ឡើង​ដើម្បី​សំដៅ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក ដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និង ក្រុមហ៊ុន Amazon​។


លោក​បន្តថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ចាត់ចែង​ឲ្យ​បាន​លឿន​ជាមួយ​នឹង​ផែនការ​យកពន្ធ​លើ​ទំនិញ​បារាំង រួមមាន ស្រាសាំប៉ាញ គ្រឿងសម្អាង ទឹកដោះគោជូរ និង​ឈីស​។


ការសម្រេចចិត្ត​នេះ​បាន​ផ្ញើ​សារ​យ៉ាងច្បាស់​ដែល​ថា​អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​របប​ពន្ធ​លើ​សេវា​ឌីជីថល​ដែល​រើសអើង ដែល​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន​អាមេរិក​។ នេះ​បើ​យោងតាម​លោក Lighthizer​។

ការយកពន្ធ​របស់​បារាំង​គឺ​ ៣ ​ភាគរយ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​បារាំង​ដែល​បាន​មកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម អន​ឡាញ និង​សេវា​ឌីជីថល​ផ្សេងទៀត​។

វិធាន​នេះ​សំដៅ​ដល់​ប្រាក់ចំណូល​ជាជាង​ប្រាក់ចំណេញ​ដែល​តែងតែ​ត្រូវបាន​រាយការណ៍​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​ដែល​មាន​ពន្ធ​ទាប​ដូចជា អៀរឡង់ និង​លុច​សំបួ​។

ការិយាល័យ​របស់លោក Lighthizer បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ពិចារណា ពង្រីក​ការស៊ើបអង្កេត​ករណី​ស្រដៀង​គ្នា​នេះ​នៅក្នុង​ប្រទេស​អូស្ត្រាលី អ៊ីតាលី និង​តួកគី​ផងដែរ​។

លោក Mnuchin បាន​និយាយថា​៖ «​មានការ​គាំទ្រ​ដ៏ទូលំទូលាយ​ដែល​ផ្តល់នូវ​ពន្ធ​ជាក់លាក់​ដ៏អស្ចារ្យ​មួយ​»​។ លោក​បន្តថា​៖ «​យើង​រង់ចាំ​ធ្វើការ​ជាមួយ OECD លើ​បញ្ហា​នេះ​ដែល​បាន​ធ្វើ​រួចហើយនោះ​»​។

មន្ត្រីជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​ក្តីបារម្ភ​នៅ​សប្តាហ៍​នេះ ថា​រដ្ឋាភិបាល​លោក​ ត្រាំ កំពុង​រៀប​ចាំ​ផែនការ​ដក​ចេញ​ពី​ការចរចា​ជា​ឯកតោ​ភាគី​។

លោក Cedric O រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​បាន​ប្រាប់​AFP នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ បារាំង​មាន​ជំនឿ​ថា​នឹង​នៅតែមាន​ពេល​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​ពន្ធ​នេះ​។

លោក​ថ្លែង​​ថា​៖ «​នេះ​ជា​លើក​ទី​ ១ ហើយ​កម្មបទ​ដ៏សំខាន់​ដែល​យើង​ត្រូវតែ​ជម្នះ​កិច្ចព្រមព្រៀង​នៅ​អង្គការ OECD​។ ជម្លោះ​បច្ចុប្បន្ន​នេះ​មិនមែន​ជា​ចុងបញ្ចប់​នៃ​រឿង​ទេ​»៕ LA