ក្រុងប្រ៊ុចសែលៈ អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​បង្ហាញ​សាមគ្គីភាព និងយក​ឈ្នះ​ការបែកបាក់​ដ៏ជ្រាលជ្រៅ ដើម្បី​អនុម័ត​ផែនការ​ស្តារ​ឡើង​វិញ​ដ៏សម្បើម​ក្រោយ​វិបត្តិ​វីរុស​កូរ៉ូណា​ក្នុង​រដូវក្តៅ​នេះ​។

ថ្នាក់ដឹកនាំ​នៃ​រដ្ឋ​ក្នុង​សហភាព​អឺរ៉ុប​ទាំង​ ២៧ ​នឹង​ជួបប្រជុំ​នៅ​ប្រ៊ុចសែល​នៅ​សប្តាហ៍​ក្រោយ​សម្រាប់​កិច្ចប្រជុំ​ដោះស្រាយ​វិបត្តិ​ដែល​មាន​បំណង​ផ្តល់​ការយល់ព្រម​ដល់​ផែនការ​ដែល​មាន​ទឹកប្រាក់​ ៧៥០ ​ពាន់​លាន​អឺរ៉ូ (៨៤៣ ពាន់​លាន​ដុល្លារ​) ដើម្បី​ដោះស្រាយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច បណ្តាល​មកពី​ការរីករាលដាល​។


លោកស្រី​អធិការបតី Merkel កាលពី​ថ្ងៃ​ពុធ​បាន​ជួប​ជាមួយ​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​អឺរ៉ុប​កំពូល ២ ​រូប​ផ្សេងទៀត​គឺ លោក​ Charles Michel និង លោក​ David Sassoli ដើម្បី​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ១៧-១៨ ខែ​កក្កដា​នេះ​។


ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ពួកគេ​យល់ព្រម​ថា ពន្លឿន​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ស្តារ​ឡើងវិញ​ប្រកប​ដោយ​មហិច្ឆតា​របស់​អឺរ៉ុប​គឺជា​អាទិភាព​ខ្ពស់បំផុត​សម្រាប់​កិច្ចប្រជុំ​នៅ​សប្តាហ៍​ខាងមុខ​របស់​សហភាព​អឺរ៉ុប​។


ក្រៅពី​នោះ​ពួកគេ​សង្កត់ធ្ងន់​ថា វា​មាន​សារៈសំខាន់​ដែល​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​សម្រេច​បាន​កិច្ចព្រមព្រៀង​អំឡុងពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​នេះ​។


ប៉ុន្តែ​ក្រុម​ប្រទេស​ជាច្រើន​ដែល​ហៅថា «​សន្សំសំចៃ​ ៤» ​កំពុង​ព្យាយាម​ដើម្បី​រឹតត្បិត​ការចំណាយ​ឡើងវិញ ដែល​ត្រូវ​បាន​កំណត់​ជាសំខាន់​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​នៃ​តំបន់​អឺរ៉ុប​ភាគខាងត្បូង​ដែល​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ដោយ​ការរីករាលដាល​នៃ​កូវីដ​១៩​។


លោកស្រី Merkel ​បាន​ប្រាប់​សភា​អឺរ៉ុប​ក្នុង​សុន្ទរកថា ដែល​ថ្លែង​ពេល​អាល្លឺម៉ង់​ទទួលយក​ប្រធាន​ប្តូរវេន​សម្រាប់​រយៈពេល​ ៦ ​ខែ​ថា​៖ «​យើង​ត្រូវការ​សាមគ្គីភាព​បន្ថែម​ទៀត គ្រប់គ្នា​ត្រៀម​រួចហើយ ជាពិសេស​អាល្លឺម៉ង់​ដើម្បី​យកឈ្នះ​នូវ​ការរីករាលដាល​ដើម្បី​ដោះស្រាយ​ផលវិបាក​របស់ខ្លួន​»​។

កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ ជា​កិច្ចប្រជុំ​ជាក់ស្តែង​នៃ​ក្រុម​មេដឹកនាំ​ចាប់​តាំងពី​ការរឹតត្បិត​ការធ្វើ​ដំណើរ​ត្រូវបាន​ដាក់​ជា​ធរមាន​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​។

ប្រទេស​អូទ្រីស ដាណឺម៉ាក ហូឡង់ និង​ស៊ុយអែត ទទូច​ថា​កម្ចី​ជាមួយ​លក្ខខណ្ឌ​ដ៏តឹងរ៉ឹង​ភ្ជាប់​ជាមួយ​ប្រសើរ​ជាង​ការផ្តល់​ជំនួយ​ឥតសំណង​ដែល​ជា​មធ្យោបាយ​ដែល​គេ​ពេញចិត្ត​នៃ​ផែនការ​សង្គ្រោះ និង មិន​ប្រញាប់ប្រញាល់​ដើម្បី​ទទួល​បាន​ការឯកភាព​នោះទេ​។

ប្រទេស​ដទៃទៀត​បាន​ជំទាស់​ផែនការ​នេះ​ដែល​គូសវាស​ដោយ​គណៈកម្មការ​អឺរ៉ុប​បែងចែក​ថវិកា​ខុស​ដោយ​ផ្តល់​ច្រើនពេក​ទៅ​ដល់​ប្រទេស​អឺរ៉ុប​ខាងកើត ដែល​មិន​ដែល​ស្ថិតនៅ​ជួរមុខ​នៃ​ការរាលដាល​នោះឡើយ​។

លោកស្រី Merkel បាន​និយាយ​ដោយ​ជំរុញ​គ្រប់ភាគី​ដើម្បី​ឯកភាព​គ្នា​ថា​៖ «​វត្ថុបំណង​រួម​របស់​ពួកយើង​គឺ​ស្វែងរក​ការព្រមព្រៀង​ឲ្យ​បាន​ឆាប់ ព្រោះ​ពេលវេលា​អស់ហើយ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច យើង​មិន​ត្រូវ​ខ្ជះខ្ជាយ​ពេលវេលា ប្រទេស​ក្រីក្រ​បំផុត​កំពុងតែ​វាយតម្លៃ​»​។

ក្នុង​ចំណោម​ទឹកប្រាក់​ដែល​បាន​ស្នើឡើង​ចំនួន​ ៧៥០ ​ពាន់​លាន​អឺរ៉ូ ៥០០ ​ពាន់​លាន​អឺរ៉ូ​ នឹង​ត្រូវ​បែងចែក​ម្តងទៀត​ក្នុង​ទម្រង់​នៃ​ជំនួយ​ឥតសំណង ហើយ​ចំណែក​សេសសល់​នឹង​ត្រូវ​គិតគូរ​ជា​ឥណទាន​។

ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ទទូច​ឲ្យ​មាន​ការជជែក​ទៅលើ​មូលនិធិ​នេះ​ឲ្យ​មាន​ការប្រសើរ​ឡើង បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ហូឡង់​លោក Mark Rutte ដែលជា​អ្នក​សន្សំសំចៃ​ឈានមុខ​មួយ​សម្រាប់​ការពិសា​អាហារ​ពេល​ល្ងាច​កាលពី​ចុងខែ​មុននេះ​៕ RR