ក្រុងតេអេរ៉ង់ៈ ក្រុមហ៊ុន​ប្រេង​អ៊ីរ៉ង់​ចំនួន​ ២ កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ ៤៤០ ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​វាល​ឧស្ម័ន​មួយ​នៅ​ឈូង​សមុទ្រ​ដែល​មាន​ភាពរសើប​របស់​ប្រទេស​នេះ​ដោយ​ក្រសួង​ប្រេង​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​បង្ហាញថា អាមេរិក​មិនអាច​បញ្ឈប់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​នឹង​ការដាក់​ទណ្ឌកម្ម​បានទេ​។

លោក Bijan Namdar Zanganeh រដ្ឋមន្ត្រី​ក្រសួង​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែងថា កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវបាន​ធ្វើឡើង​រវាង​ក្រុមហ៊ុន​រដ្ឋ​ចំនួន ២ គឺ​ក្រុមហ៊ុន Pars Oil and Gas Company និង​ក្រុមហ៊ុន PetroPars ដើម្បី​អភិវឌ្ឍ​អណ្តូង​ឧស្ម័ន Balal នឹង​ជា​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​នឹងត្រូវ​ធ្វើឡើង​។


ភាពតានតឹង​បាន​កើនឡើង​ក្នុង​ឈូងសមុទ្រ​នេះ​ចាប់​តាំងពី​ឆ្នាំមុន​មក​ជា​ពេល​ដែល​អាមេរិក​បានចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​ឡើងវិញ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​បាន​ដក​ខ្លួន​ដោយ​ឯកតោភាគី​ពី​កិច្ចព្រមព្រៀង​សម្រេច​បាន​ឆ្នាំ​ ២០១៥ ដែល​បាន​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​បស់​ប្រទេស​នេះ​។


លោក Zanganeh ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​គេហទំព័រ Shana របស់​ក្រសួង​ប្រេង​អ៊ីរ៉ង់​ ខណៈ​លោក​ថ្លែងថា​៖ «​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ដំណើរការ​មួយ​»​។


លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា យើង​នៅតែ​កំពុងដំណើរការ​មុខងារ​ដដែល​បើទោះ​ជា​ការដាក់​ទណ្ឌកម្ម​ឡើងដល់​កម្រិត​កំពូល​ក្តី​។ យើង​នៅរស់ យើង​នៅតែ​សកម្ម និង​ធ្វើ​ការងារ​សម្រាប់​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​»​។


លោក​បន្តថា ទណ្ឌកម្ម «​មិនអាច​បញ្ឈប់​វឌ្ឍន​ភាព​របស់​ឧស្សាហកម្ម​ប្រេង​អ៊ីរ៉ង់ និង​ការអភិវឌ្ឍ​របស់​ឧស្សាហកម្ម​នេះ​បាន​ឡើយ​»៕ KC