ក្រុងហុងកុងៈ ទាំង​អ្នកដំណើរ និង​បរិមាណ​ទំនិញ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង (HKIA) បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ខែ​សីហា ដោយសារ​ការបាតុកម្ម​ខុសច្បាប់ និង​អំពើហិង្សា​បាន​រារាំង​យ៉ាងខ្លាំង​ដល់​ប្រតិបត្តិការ​របស់​ព្រលាន​នេះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​កាលពី​ថ្ងៃអាទិត្យ​ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​របស់​ប្រទេស​ចិន​។

អាជ្ញាធរ​ព្រលាន​យន្តហោះ (AA) បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ព្រលាន HKIA ទទួលបាន​អ្នកដំណើរ​ចំនួន ៦ ​លាន​នាក់​ កាលពី​ខែ​មុន ធ្លាក់​ចុះ ១២,៤ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​មុន​។ ចលនា​ចរាចរណ៍​ផ្លូវអាកាស​មាន​ចំនួន ៣៥ ៦៥៥ ​ជើង ​ដែល​ធ្លាក់ចុះ ៣,៥ ភាគរយ​ ក្នុង​ខែ​សីហា ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ខែ​មុន​។


ការធ្លាក់ចុះ​ទាំងនេះ​កើត​មាន​ដោយសារ​ការធ្លាក់ចុះ​ចរាចរណ៍​អ្នក​ដំណើរ ដោយសារ​អ្នកធ្វើ​ដំណើរ​មកពី និង​ទៅ​ប្រទេស​ចិន អាស៊ីអាគ្នេយ៍ និង​កោះ​តៃវ៉ាន់​បាន​ជួបប្រទះ​ការធ្លាក់ចុះ​ខ្លាំង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។


យោង​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ ប្រតិបត្តិការ​របស់​ព្រលាន និង​ការហោះហើរ​ត្រូវ​បាន​រារាំង​ដោយសារ​បាតុកម្ម​នៅ​ព្រលាន​។


លោក C K Ng នាយក​ប្រតិបត្តិ​ផ្នែក​ប្រតិបត្តិការ​ព្រលាន​យន្តហោះ​របស់​អាជ្ញាធរ AA បាន​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ ២-៣ ​ខែ​ចុង​ក្រោយនេះ​មាន​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ចំពោះ​ប្រតិបត្តិការ​របស់​ព្រលាន​»​។


បរិមាណ​ទំនិញ​បាន​បន្ត​ធ្លាក់ចុះ​នៅ​ខែ​សីហា​ដោយ​ការផ្ទេរ​ទំនិញ និង​ការនាំចូល​ធ្លាក់ចុះ ១៩ ​ភាគរយ និង ១៥ ​ភាគរយ​រៀង​គ្នា​។ តួលេខ​សម្រាប់​អាស៊ីអាគ្នេយ៍ និង​ចិនដីគោក​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ក្នុងចំណោម​តំបន់​ពាណិជ្ជកម្ម​សំខាន់​របស់​ទីក្រុង​ហុងកុង​។


ក្នុង​រយៈពេល​ ៨ ​ខែ​ក្នុង​ឆ្នាំ​នេះ​ព្រលាន HKIA បាន​ទទួល​អ្នកដំណើរ ៥០,៦ ​លាន​នាក់​ កើន ០,៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​៕ People''s Daily/KC