ភ្នំពេញៈ ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ធៀប​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ ៩ ​ផ្សេង​ទៀត​។

ADB កាលពី​ដើមខែ​នេះ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ខាតបង់​ជាង​ ៣៩០ ​លាន​ដុល្លារ​ លើ​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ឬ​ធ្លាក់ចុះ​ ១,៥៩ ​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឲ្យ​ប្រទេស​នេះ​ជា​ប្រទេស​មាន​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​បំផុត​ដែល​បាន​បង្កឡើង​ដោយ​ការរីករាលដាល​កូវីដ​ ១៩ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។


រដ្ឋាភិបាល​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ ៦,១ ​ភាគរយ​ ពី​ការព្យាករ​លើកមុន​របស់ខ្លួន ៦,៥ ​ភាគរយ ​ដោយសារ​ការរីករាលដាល​កូវីដ​ ១៩ ការប្រែប្រួល​អាកាសធាតុ និង​ភូមិសាស្ដ្រ​នយោបាយ​។


ADB សង្ខេប​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ លើ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ក្នុងនោះ​ប្រទេស​ថៃ​នឹង​ខាតបង់​ ៥ ៦០១ ​លាន​ដុល្លារ​អាមេរិក ឬ​ធ្លាក់ចុះ​ ១,១១ ​ភាគរយ​នៃ​ GDP ប្រទេស ​សិង្ហបុរី (១ ០៤៧ ​លាន​ដុល្លារ ឬ​ដក​ ០,៥៧ ​នៃ GDP) វៀតណាម​ (១០១២ ​លាន​ដុល្លារ ឬ​ដក​ ០,៤១ នៃ GDP) ប្រទេស​ ឡាវ (៣៩,២៧ លាន​ដុល្លារ ឬ​ដក​ ០,២២ ​ភាគរយ​នៃ GDP) ប្រទេស​ម៉ាឡេស៊ី (៨៣០ ​លាន​ដុល្លារ ឬ​ដក​ ០,២៣ ​ភាគរយ​នៃ GDP) ប្រទេស ​ហ្វីលីពីន (៩៨៩ ​លាន​ដុល្លារ​ ឬ​ដក​ ០,៣ ​ភាគរយ​នៃ GDP) ប្រទេស​ ឥណ្ឌូនេស៊ី (២ ២៦៣ ​លាន​ដុល្លារ ឬ​ដក​ ០,២២ ​ភាគរយ​នៃ GDP) និង​ប្រទេស ​ប្រ៊ុយណេ (២៨ ​លាន​ដុល្លារ ឬ​ដក ០,២១ ​ភាគរយ​នៃ GDP)​។


ADB បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​លើ​ពិភពលោក​ចាប់ពី​ ៧៧ ​ពាន់​លាន​ដុល្លារ​ ទៅ​ ៣៤៧ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ ២ ​ភាគ​ ៣ ​នៃ​ចំនួន​សរុប​។


ADB បាន​បន្តថា ការរីក​រាលដាល​កូវីដ​ ១៩ ​ជា​បន្ត​ប៉ះពាល់​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​តាមរយៈ​បណ្ដាញ​ជាច្រើន​ដែល​រួមមាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផ្នែក​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរ​អាជីវកម្ម​កាន់តែ​ទាប ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការផលិត​ការរំខាន​ការផ្គង់ផ្គង់ និង​ផលប៉ះពាល់​ផ្នែក​សុខភាព​។


កាលពី​ឆ្នាំ​ ២០១៨ ប្រាក់ចំណូល​បាន​ពី​ទេសចរណ៍​អន្តរជាតិ​បាន​កើនឡើង​ ២០,៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។ ប្រាក់ចំណូល​ទេសចរណ៍​រួមចំណែក​ប្រហែល​ ១២,១ ​ភាគរយ​ ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​ក្រសួង​ទេសចរណ៍​។

របាយការណ៍​បាន​ឲ្យ​ដឹងថា វិស័យ​ទេសចរណ៍​កម្ពុជា​រកបាន​ប្រាក់ចំណូល ៤,៩១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​កើនឡើង​ ១២,៤ ​ភាគរយ​ ធៀប​នឹង​ ៤,៣៧ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ភ្ញៀវទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ ដោយ​ការរីក​រាលដាល​កូវីដ​ ១៩​។ លោក​បន្តថា រហូត​មក​ដល់​ពេលនេះ​សណ្ឋាគារ​ ៤១ បាន​បិទទ្វារ (​ជា​បណ្ដោះអាសន្ន ឬ​អចិន្រៃ្តយ៍​) នៅ​ខេត្តសៀមរាប​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ការងារ​ចំនួន​ ២០១៤ ​នាក់​ ចាប់តាំងពី​ការរីករាលដាល​បានចាប់ផ្ដើម​។

លោក តុប សុភ័ក បាន​ថ្លែងថា​៖ «​យើង​ប៉ាន់ប្រមាណ​ថា ចំនួន​នៃ​ការបាត់បង់​ការងារ​នឹង​កើនឡើង​នៅក្នុង​រយៈពេល​ ២ ​សប្ដាហ៍​ចុងក្រោយ​នៅ​​ខែ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​នឹង​បិទទ្វារ​ទាំងស្រុង​»​។

បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​កំពុង​ឆ្លើយតប​នឹង​ការរីករាលដាល​កូវីដ ​១៩​ រួចហើយ​តាម​មធ្យោបាយ​ផ្សេងៗ​។ រដ្ឋាភិបាល​ជាច្រើន​បាន​ប្រមូល​កម្លាំង​ពិសេស​អន្តរ​ភ្នាក់ងារ និង​យន្តការ​សម្របសម្រួល​ផ្សេងទៀត ដើម្បី​ធានា​ការឆ្លើយតប​ប្រកប​ដោយ​ការចុះ​សម្រុង​គ្នា​។ នេះ​បើ​យោងតាម ADB​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​បាន​លៃ​ទុក​ប្រាក់​ចន្លោះ​ពី​ ៨០០ ​លាន​ដុល្លារ ​ទៅ​ ២ ​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ដែល​រួមទាំង​ ៣០ ​លាន​ដុល្លារ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការគាំទ្រ​ដល់​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​កូវីដ​ ១៩៕LA