ភ្នំពេញ: កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ១៦ (16th APT Telecommunication /ICT Development-ADF-16) ​ក្នុង​គោលបំណង​កំណត់​ពី​បញ្ហា​ប្រឈម និង​ការរារាំង​ដល់​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​ជនបទ​។

វេទិកា​ដែល​មាន​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១២ ខែ​ញ្ញា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ភ្នំពេញ​នេះ​មាន​អ្នកចូលរួម​ប្រមាណ ២០០ ​នាក់​មកពី​ប្រទេស​ជា​សមាជិក​ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់​ដូចជា បញ្ហា​ប្រឈម​ក្នុង​ការតភ្ជាប់​អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​តំបន់​ប្រជុំជន និង​ជនបទ ការជំរុញ​ការតភ្ជាប់​អ៊ីនធឺណិត​ល្បឿនលឿន តម្លៃ​សមរម្យ និង​មាន​និរន្តរភាព ការផ្លាស់ប្តូរ​បទពិសោធ​ក្នុង​ការរៀបចំ​គោលនយោបាយ បទដ្ឋាន​គតិយុត្ត​សម្រាប់​គាំទ្រ​ដល់​ការធ្វើ​នវានុវត្តន៍​បច្ចេកវិទ្យា និង​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។


វេទិកា​នេះ​ក៏​នឹង​មាន​ការពិភាក្សា​ផ្តោតលើ​ការបង្កើត​ប្រព័ន្ធ​អេកូ​សម្រាប់​នវានុវត្តន៍​ការដាក់​ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។


លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ថ្លែង​ក្នុង​វេទិកា​នេះ​កាលពី​ម្សិលមិញ​ថា សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក (APT) បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​លើកកម្ពស់​គុណភាព​ជីវិត​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​កម្ពុជា​ផង​ដែរ​។


លោក​ថ្លែងថា​៖ «​ក្នុង​វេទិកា​នេះ APT នឹង​ពិភាក្សា​ពី​បញ្ហា​អភិវឌ្ឍន៍​សម្រាប់​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ព្រម​ទាំង​ចែករំលែក​បទពិសោធ​រវាង​ប្រទេស​ជា​សមាជិក​»​។


លោកស្រី Areewan Haorangsi អគ្គលេខាធិការ APT បាន​ឲ្យ​ដឹងថា ការជួបជុំ​នេះ​នឹង​បន្ត​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់ APT សម្រាប់​ឆ្នាំ​ ២០១៨ ទៅ​ដល់ ឆ្នាំ​ ២០២០ ពិសេស​សសរស្តម្ភ​ការភ្ជាប់​នឹង​នវានុវត្តន៍​។


លោកស្រី​ថ្លែង​ថា​៖ «​គម្រោង​ទាំងនោះ​រួមមាន​ការតភ្ជាប់​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅ​តាម​តំបន់​ជនបទ គំនិត​ផ្តួចផ្តើម​ពី​ប្រទេស​ជា​សមាជិក APT ក្នុង​ទម្រង់​ជា​គម្រោង​សាកល្បង ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។

កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៩ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​ផ្តួចផ្តើម​ដោយ​ប្រទេស​ចិន​បានផ្តល់​កម្ចី​ ៧៥ លាន​ដុល្លារ​ជា​លើកដំបូង​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​ខ្សែអុបទិក (FOCN) នៅ​កម្ពុជា ដើម្បី​កែលម្អ​ល្បឿន​អ៊ីនធឺណិត​។ គម្រោង AIIB នេះ​បាន​បណ្តាក់ទុន​លើ​ការអូស​ខ្សែបណ្តាញ​អុបទិក​ក្រោម​ដី​សរុប​ប្រវែង ២ ០០០ ​គីឡូម៉ែត្រ ​គ្របដណ្តប់​នៅ​តាម​ទីក្រុង​ធំៗ​តាម​តំបន់​ជាយក្រុង និង​នៅ​ទីជនបទ​នៃ​ប្រទេស​ កម្ពុជា​។

គម្រោង​នេះ​ត្រូវ​រំពឹង​ថា​នឹង​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT) របស់​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៃ​ការ​គ្របដណ្តប់​សេវា​អ៊ីនធឺណិត ១០០ ​ភាគរយ​ នៅ​ទីក្រុង និង​ ៧០ ​ភាគរយ​ នៅ​ជនបទ​។

ទិន្នន័យ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​បង្ហាញ​ថា​កាលពី​ឆ្នាំ​ ២០១៨ ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត កើនឡើង​យ៉ាង​រហ័ស​ជាមួយ​នឹង​ស៊ីមកាត ១២,៩ ​លាន​ត្រូវ​បាន​ប្រើ​តាមរយៈ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ​ដើម្បី​ទទួល​បាន​មាតិកា​អនឡាញ​កើនឡើង ២២,៧៩ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ខណៈ​ប្រតិបត្តិករ ៣៤ បាន​ផ្ដល់​អ៊ីនធឺណិត​លើ​តុ​ដល់​អ្នក​ប្រើ ១៤៧ ៥៩៦ នាក់ កើនឡើង ៩,១៦ ​ភាគរយ​៕ LA