Booyoung វិនិយោគ$១ពាន់លាន

ភ្នំពេញៈ ក្រុមហ៊ុន Booyoung Group ជាក្រុមហ៊ុនពហុធុរកិច្ច ដ៏ធំរបស់សាធារណរដ្ឋកូរ៉េបានបើកការដ្ឋានសាងសង់ទីក្រុងថ្មីមួយកាលពីថ្ងៃអង្គារ ដែលមានតម្លៃ១,១ពាន់លានដុល្លារ។
គម្រោងទីក្រុងឈ្មោះថា Booyoung Townដែលជាទីក្រុងពាណិជ្ជកម្ម និងលំនៅឋាន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាស៧មករា។
លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញដែលបានចូលរួមក្នុងពិធីបើកការដ្ឋាននេះបានឲ្យដឹងថា ជាសញ្ញាល្អមួយដែលក្រុមហ៊ុន Booyoung Group ចាប់ផ្តើមបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក Lee Joo Keun ប្រធានក្រុមហ៊ុន Booyoung Group ឲ្យដឹងថា Booyoung Group គឺជាក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េ ដែលមានបទពិសោធជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់។
លោក Kim Han Soo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា នៅឆ្នាំ២០១២ជនជាតិកូរ៉េបានមកវិនិយោគនៅកម្ពុជាមាន ២៧២លានដុល្លារ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នឹងមានក្រុមហ៊ុនកូរ៉េច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ហើយតាមរយៈគម្រោងនឹងជួយឲ្យប្រជាជនកម្ពុជាបានទទួលនូវលំនៅឋានរស់នៅកាន់តែទំនើប»។
គម្រោង Booyoung Town១ សាងសង់លើផ្ទៃដីសរុបប្រមាណជាង២លានម៉ែត្រការ៉េ ក្នុងនោះក្រុមហ៊ុននឹងសាងសង់លំនៅឋានស្នាក់នៅ១៧ ០០០ល្វែង អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលកីឡា និងសាលារៀន ដែលមានទឹកប្រាក់វិនិយោគសរុបជាង១,១ពាន់លានដុល្លារ។
ដំណាក់កាលទី១ ក្រុមហ៊ុននឹងធ្វើការសាងសង់អគារស្នាក់នៅរួមនិងអគារពាណិជ្ជកម្មលើផ្ទៃដី២៥ម៉ឺនម៉ែត្រការ៉េ ដោយវិនិយោគប្រមាណ១០៥លានដុល្លារ។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទីក្រុងពាណិជ្ជកម្ម និងលំនៅឋានថ្មីនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើន ដែលនឹងជួយលើកស្ទួយដល់ការអភិវឌ្ឍវិស័យលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្មនៅកម្ពុជា។ ប៉ុន្តែលោកថ្លែងថា ការសាងសង់ក្រុមហ៊ុនក៏ត្រូវគិតគូរពីការការពារបរិស្ថានជាចម្បងផងដែរ។
លោកថា៖ «ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Booyoung Group នៅកម្ពុជានៅពេលនេះគឺជាការត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់ផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគទុនកូរ៉េ និងបរទេសក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាដើម្បីឆ្លើយតបសេចក្តីត្រូវការនៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា»។
លោក នួន រិទ្ធី នាយកគ្រប់គ្រងក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បាននិយាយថា គម្រោងនេះគឺជាការសាងសង់ដ៏ធំពីកូរ៉េខាងត្បូងមកកម្ពុជា។
លោកបន្ថែមថា៖ «ក្រុមហ៊ុនធ្វើការសម្រេចចិត្តត្រឹមត្រូវដើម្បីចាប់ផ្ដើមគម្រោងរបស់ខ្លួនដោយសារពួកគេបានយល់ច្បាស់អំពីនិន្នាការសេដ្ឋកិច្ច»។
លោកបន្តថា កម្ពុជាបានទទួលវិនិយោគិនកូរ៉េធំៗជាច្រើន ដែលកំពុងសាងសង់ដូចជាPosco គម្រោង Hyundai គម្រោង Camko គម្រោង Decastle និង Gold Tower 42 ជាគម្រោងមួយដែលបានពន្យារពេលសាងសង់បណ្ដោះអាសន្ន។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា នៅចន្លោះឆ្នាំ២០០០ ដល់ចុងត្រីមាសទី១ ឆ្នាំនេះមានក្រុមហ៊ុនចំនួន១០០គ្រប់គ្រងដោយវិនិយោគិនកូរ៉េបានចុះបញ្ជីនៅក្រសួងដែលក្នុងនោះមានក្រុមហ៊ុន៣៤ នៅកាន់កាប់អាជ្ញាប័ណ្ណមានសុពលភាព។
ក្រសួងបានឲ្យដឹងថា កាលពីឆ្នាំ២០១២ កម្ពុជាបានអនុម័តគម្រោងវិនិយោគទឹកប្រាក់២,១ពាន់លានដុល្លារធៀបនឹង១,២ពាន់លានដុល្លារកាលពីឆ្នាំ២០១១។
នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានទីក្រុងរណបចំនួន ៥នៅរាជធានីភ្នំពេញក្នុងនោះមានក្រុមហ៊ុន World City ដែលវិនិយោគទឹកប្រាក់ចំនួន២ពាន់លានដុល្លារបង្កើតទីក្រុងរណប ខេមកូស៊ីធី ដែលនឹងបញ្ចប់ត្រឹមឆ្នាំ២០១៨ទីក្រុងរណប Grand Phnom Penh International ដែលវិនិយោគដោយក្រុមហ៊ុន Cambodia YNP និងវិនិយោគិន ឥណ្ឌូនេស៊ីមានតម្លៃ៦០០លានដុល្លារដែលនឹងត្រូវបញ្ចប់ត្រឹមឆ្នាំ២០១៨ទីក្រុងរណប Diamond Island City ដែលវិនិយោគដោយក្រុមហ៊ុន OCIC មានតម្លៃ៣០០លានដុល្លារដែលនឹងត្រូវបញ្ចប់ត្រឹមឆ្នាំ២០១៦ ទីក្រុងរណប Beoung Kak ដែលវិនិយោគដោយក្រុមហ៊ុន Sukaku Inc មានតម្លៃ១,៥ពាន់លានដុល្លារ និងទីក្រុងរណប The Future of Dream មានតម្លៃ១,៦ពាន់លានដុល្លារនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦៕ PB