Cambodia Airways នឹង​ពង្រីក​ផ្លូវ​ហោះហើរ បន្ទាប់ពី​កូវីដ​១៩​ត្រូវបាន​បញ្ចប់

Content image - Phnom Penh Post
បច្ចុប្បន្ន Cambodia Airways មាន​ជើងហោះហើរ​ជាច្រើន​ទៅកាន់​ទីក្រុង​សំខាន់ៗ​ប្រទេស​ចិន​។ ហេង ជីវ័ន

ភ្នំពេញ: ក្រុមហ៊ុន Cambodia Airways បាន​ប្តេជ្ញា​ពង្រីក​អាជីវកម្ម និង​ពង្រីក​ការតភ្ជាប់​កម្ពុជា​ទៅកាន់​ទិសដៅ​នានា​ជុំវិញ​ពិភពលោក​បន្ថែមទៀត​នៅពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ត្រូវបាន​បញ្ចប់​។

លោក Chen Bo ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​នៅឯ​ការិយាល័យ​កាលពី​ថ្ងៃ​អង្គារ​។

លោក​ថ្លែងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​ផ្អាក​ពី​ការដឹក​អ្នក​ដំណើរ​ដោយ​បង្វែរ​ទៅ​បម្រើ​សេវាកម្ម​ដឹកទំនិញ​វិញ​ក្នុង​នោះ​ក៏មាន​ក្រុមហ៊ុន​លោក​ផងដែរ​។

លោក​និយាយថា​៖ «​យើង​សង្ឃឹមថា វីរុស​កូរ៉ូណា​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways នឹង​ពង្រីក​អាជីវកម្ម និង​ដាក់​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។

លោក ម៉ៅ ហាវណ្ណាល់ បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អ​ណាស់ ព្រោះ​មេដឹកនាំ​ប្រទេស​ទាំង​ ២ មាន​ភាពជិតស្និទ្ធ ដូច្នេះ​ការវិនិយោគ​របស់​ក្រុមហ៊ុន Cambodia Airways គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ក្នុង​ការជំរុញ​ការវិនិយោគ​របស់​ចិន​មក​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នៅក្នុង​កិច្ចប្រជុំ​ថ្មីៗ​នេះ​របស់​សម្តេច ហ៊ុន សែន ជាមួយ​ប្រធានាធិបតី Xi Jinping និង​លោកនាយក​រដ្ឋមន្ត្រី Li Keqiang នៅ​ប្រទេស​ចិន ប្រមុខ​ដឹកនាំ​ចិន នៅ​តែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុជា​ហើយ​នឹង​បន្ត​ជំរុញ​វិនិយោគិន​ចិន​បន្ថែម​ទៀត​មក​ប្រទេស​កម្ពុជា ទោះបី​ជា EBA ​ត្រូវ​បាន​ដកចេញ​ក៏ដោយ​»​។

យោងតាម​សារព័ត៌មាន​ចិន China Daily បាន​រាយការណ៍​កាលពី​ខែមីនា​ថា ឧស្សាហកម្ម​អាកាសចរណ៍​កំពុង​ប្រឈមមុខ​នឹង​ភាព​ខាតបង់​បន្ទាប់ពី​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ដោយ​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ថា ការខាតបង់​ប្រាក់​ចំណូល​មាន​ប្រមាណ​ជាង ១០០ ​ពាន់​លាន​ដុល្លារ​។

លោក Alexandrede Juniac អគ្គនាយក​ប្រតិបត្តិ​នៃ​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ​បាន​និយាយ​​ថា​៖ «​ក្នុង​រយៈពេល​តែ​ជាង ២ ​ខែ​សោះ​ឧស្សាហកម្ម​អាកាសចរណ៍​នៅលើ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​»​។

គាត់​បាន​ពិពណ៌នា​អំពី​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឧស្សាហកម្ម​ដែល​បណ្តាល​មកពី​កូ​វីដ​១៩ នេះ​។

ក្នុងការ​វិភាគ​ថ្មីៗ​នេះ​សមាគម​អាកាសចរណ៍​អន្តរជាតិ​កំពុង​ប៉ាន់ប្រមាណ​ថា អាជីវកម្ម​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​នឹង​ខាតបង់​ពី ៦៣ ​ពាន់​លានដុល្លារ​ទៅ ១១៣ ​ពាន់​លាន​ដុល្លារ​អាស្រ័យ​លើ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

យោងតាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​ការមក​ដល់​របស់​ភ្ញៀវទេសចរ​តាមរយៈ​ផ្លូវ​អាកាស​បាន​ធ្លាក់ចុះ​ប្រហែល ៣៦ ​ភាគរយ​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។

ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Prince International Airlines បាន​ចុះបញ្ជី​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹង​ការវិនិយោគ​ដំបូង​ចំនួន ២០០ ​លាន​ដុល្លារ​ និង​ទទួលបាន​ការយល់ព្រម​ដំបូង​ដើម្បី​ដំណើរការ​នៅ​ខែសីហា ឆ្នាំ​ ២០១៧​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ពង្រីក​គោលដៅ​ទៅកាន់​ទីក្រុង Chengdu​។ ​Chengdu គឺជា​ទីក្រុង​ទី​ ៥ នៅក្នុង​ប្រទេស​ចិន​ដែល​ក្រុមហ៊ុន​បាន​ភ្ជាប់ បន្ទាប់ពី​ទីក្រុង​ម៉ាកាវ Fuzhou Wenzhou និង​​ទីក្រុង​សិនជិន​៕