ភ្នំពេញៈ ធនាគារ​កម្ពុជា​សាធារណៈ (Campu Bank) ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃ​ពុធ ដើម្បី​ដើរតួ​ជា​ទីភ្នាក់ងារ​ទូទាត់​សាច់ប្រាក់ (CSA) ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​ការជួញដូរ​របស់​ទីផ្សារ​មូលធន​។

លោក Phan Ying Tong ប្រធាន​ប្រចាំ​តំបន់​ទទួល​បន្ទុក​ប្រតិបត្តិការ​ឥណ្ឌូចិន​នៃ​ធនាគារ Campu Bank បាន​ឲ្យ​ដឹងថា ការទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ចូលរួម​នេះ​មិន​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត និង​ការជឿជាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួលស្គាល់​ដោយ SECC និង CSX នេះ​ជា​ការរួម​ចំណែក​ដល់​ការរីកចម្រើន​របស់​ទីផ្សារ​មូលបត្រ​មួយ​នេះ​ផងដែរ​។


លោក​ថ្លែងថា​៖ «​ការទទួល​ស្គាល់​ធនាគារ​នេះ​ជា​ទីភ្នាក់ងារ​ទូទាត់​សាច់ប្រាក់ មិន​គ្រាន់​តែ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការសហការ​អាជីវកម្ម​កាន់តែ​ច្រើន​ជាមួយ SECC និង CSX ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​នាំ​យក​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​របស់​យើង ដើម្បី​អនុវត្ត​ការជួញដូរ​មូលបត្រ​តាមរយៈ Campu Securities ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ និង​ការទូទាត់​តាមរយៈ​ធនាគារ Campu Bank ជា​សេវា​ច្រកចេញ​ចូល​តែមួយ​»​។


លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ឲ្យ​ដឹងថា​នៅក្នុង​ការប្រគល់​អាជ្ញាប័ណ្ណ​ថា​កាលពី​ឆ្នាំ​ ២០១៩ ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ជាមួយ​នឹង​និន្នាការ​វិជ្ជមាន​បំផុត​ទាក់ទង​នឹង​ការកើនឡើង​ចំនួន​ក្រុម​វិនិយោគិន កំណើន​សកម្មភាព​ជួញដូរ ភាព​យល់ដឹង​របស់​សាធារណជន​នៃ​វិស័យ​មូលបត្រ និង​អ្នកចូលរួម​ទីផ្សារ​មូលបត្រ​។​ល​។ ដែល​បង្ហាញ​ឱកាស​មួយ​សម្រាប់​អាជីវកម្ម​មូលបត្រ​។


លោក​លើកឡើង​ថា​៖ «​ជាមួយ​នឹង​កំណើន​វិស័យ​មូលបត្រ និង​ការកើនឡើង​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ កម្ពុជា ខ្ញុំ​ជឿជាក់​ថា​ទីភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​របស់​ធនាគារ Campu Bank នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​និន្នាការ​ទីផ្សារ​មូលបត្រ​វិជ្ជមាន​នេះ​»​។


លោក​បន្តថា​៖ «​ខ្ញុំ​ផ្ទាល់ និង​ក្រុម​របស់​ខ្ញុំ​ស្វាគមន៍​ដោយ​កក់ក្ដៅ​ដល់​ធនាគារ Campu Bank ជា CSA នៅពេល​ក្រោយ​។ ខ្ញុំ​ជឿជាក់ថា ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ប្រតិបត្តិការ​រួម​របស់​យើង​សម្រាប់​ពេល​អនាគត​នៃ​ទីផ្សារ​មូលបត្រ​កម្ពុជា​»​។


លោក ហុង សុខហួរ អគ្គនាយក CSX ក៏​ស្វាគមន៍​ដល់​វត្តមាន​របស់​ធនាគារ Campu Bank ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​ដែល​បាន​ប្រតិបត្តិការ​ល្អ​ប្រសើរ​កាលពី​ឆ្នាំមុន​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ធនាគារ Campu Bank ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​ក្នុង​ចំណោម​ធនាគារ​ក្នុង​តំបន់​ឈានមុខ​គេ​ជាច្រើន​នឹង​បន្ត​ផ្ដល់​សេវា​កាន់តែ​ប្រសើរ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កាន់តែ​ទូលំទូលាយ​»​។

លោក ស៊ូ សុជាតិ បាន​ឲ្យ​ដឹងថា​កាលពី​ចុង​ឆ្នាំ ២០១៩ មាន​ក្រុម​វិនិយោគិន​ ២២ ០០០ ​នាក់​ដែល​បាន​ទទួល​អត្តសញ្ញាណ​ជា​វិនិយោគិន​ពី SECC​។

សន្ទស្សន៍​ទីផ្សារ​នេះ​កើនឡើង​ដល់​ ៨៧០,៦៥ ពិន្ទុ ខណៈ​មូលធននីយកម្ម​ទីផ្សារ​បាន​កើនឡើង​ដល់​ប្រហែល​ ៨០២ ​លាន​ដុល្លារ និង​ទំហំ​ជួញដូរ​បាន​កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រហែល​ ៣៧ ​លាន​ដុល្លារ ជាមួយ​នឹង​ភាគហ៊ុន​ដែល​បាន​ជួញដូរ​ជាង​ ១៥ ​លាន​។

លោក ស៊ូ សុជាតិ បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២០ យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ ៧ បោះផ្សាយ​លក់​មូលបត្រ​ដែល​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ក្រុមហ៊ុន​ ៣ និង​ប្រមូល​​មូលនិធិ​តាមរយៈ​បោះ​បណ្ណ​បំណុល​សាជីវកម្ម​»៕LA