CCC និង SECC អំពាវនាវ​ក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយ​មូលបត្រ

Content image - Phnom Penh Post
សមាជិកសភា​ពាណិជ្ជកម្ម​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្ងៃ​ម្សិលមិញ​។ រូបថត ធូ វិរៈ

ភ្នំពេញ: ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មក​ចុះបញ្ជី​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កៀរគរ​មូលធន​ពី​ផ្សារ​នេះ​ដើម្បី​និរន្តរភាព​អាជីវកម្ម​របស់ខ្លួន​។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​សក្តានុពល​ទីផ្សារ​មូលបត្រ​សម្រាប់​និរន្តរភាព​អាជីវកម្ម​នៅ​កម្ពុជា​ដល់​ធុរជន​ក្នុងស្រុក កាលពី​ថ្ងៃ​អង្គារ​នៅ​សភាពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក លឹម ហេង អនុប្រធាន CCC ដែល​តំណាង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការកៀរគរ​ទុន​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម នៅពេល​ជំងឺ​កូវីដ​១៩​អាច​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​ក្រោយពី​ចប់​សិក្ខាសាលា​នេះ​ទៅ​ សមាជិក​របស់​សភាពាណិជ្ជកម្ម​នឹង​យល់ដឹង​កាន់តែ​ច្រើន​ពី​ទីផ្សារ​មូលបត្រ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា សមាជិក​របស់​សភាពាណិជ្ជកម្ម​នឹង​ចូល​បោះផ្សាយ​ភាគហ៊ុន​នៅ​ផ្សារមូលបត្រ ដើម្បី​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ចូលរួម​បណ្តាក់ទុន​តាមរយៈ​ការទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​»​។

លោក​បានឱ្យ​ដឹងថា សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ និង​បង្កើន​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​មូលបត្រ​។

លោក​បញ្ជាក់ថា​៖ «​សិក្ខាសាលា​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​អំពី​ការ​កៀរគរ​មូលធន​សម្រាប់​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​តាមរយៈ​ទីផ្សារ​មូលបត្រ និង​ការស្វែងរក​ហិរញ្ញប្បទាន​នៅក្នុង​ទីផ្សារ​មូលបត្រ​សម្រាប់​ពង្រឹង​ការគ្រប់គ្រង​ក្រុមហ៊ុន ដើម្បីឱ្យ​អាជីវកម្ម​មាន​និរន្តរភាព​»​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ការចូលរួម​ពី​វិស័យ​ឯកជន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​ចំណែក​បង្កើន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​នៅលើ​ផ្សារមូលប​ត្រ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​សូម​ស្វាគមន៍​គ្រប់​ក្រុមហ៊ុន​ក្នុង​តំបន់​ចូលរួម​ជាមួយ​យើងខ្ញុំ​សង្ឃឹមថា ធុរជន​យើង​ទាំងអស់​គ្នា​នេះ​នឹង​ចុះបញ្ជី​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ដែល​វា​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​អាច​ប្រមូល​សាច់ប្រាក់​មក​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​»​។
លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបតិ្ត​នៃ​ធនាគារ អេស៊ីលីដា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ធនាគារ អេស៊ីលីដា​គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ និង​ដាក់លក់​ភាគហ៊ុន​របស់​ធនាគារ​ឱ្យ​ជួញដូរ​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំនេះ ដោយ​ទទួលបាន​ទុន​ ១៧,៦ ​លាន​ដុល្លារ ស្មើនឹង ១៥,៨៦ ​ភាគរយ​នៃ​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​នឹង​ផ្តល់​លទ្ធភាព​ទទួលបាន​ដើមទុន​ធ្វើឱ្យមាន​កំណើន ការធ្វើ​ពិពិធ​កម្ម​កាន់តែ​ទូលាយ​នៃ​ជម្រើស​ហិរញ្ញប្បទាន ទទួល​បាន​ការចាប់អារម្មណ៍​ពី​សាធារណជន​កាន់តែច្រើន បង្កើន​តម្លាភាព និង​សុចរិតភាព ហើយ​ជួយ​បង្កើន​សន្ទនីយភាព​របស់​ភាគហ៊ុន និង​តម្លៃ ព្រមទាំង​ដំណើរការ​អាជីវកម្ម​មាន​ភាពរឹងមាំ រីកចម្រើន​ប្រកប​ដោយ​ចីរភាព​»​។

គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ​នេះ​ធនាគារ​អេស៊ីលីដា​បាន​បញ្ចេញ​ឥណទាន​សរុប​ចំនួន ៣ ៩៧០ លាន​ដុល្លារ និង​មាន​អតិថិជន​ឥណទាន​សរុប​ចំនួន ៤១៣ ៦១៣ ​នាក់​។

ទិន្នន័យ​បាន​ពី CSX រហូត​មក​ដល់​ពេលនេះ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៣ ក្នុងនោះ ក្រុមហ៊ុន ៧ ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន​ ៦ ​ផ្សេង​ទៀត​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន ១៣ នេះ​បាន​ប្រមូល​មូលនិធិ​រួមគ្នា​បាន​ប្រហែល ២៥៣ ​លាន​ដុល្លារ​។

ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំនេះ​មូលធន​ភាវូបនីយកម្ម​ទីផ្សារ​មួយ​នេះ​បាន​កើនឡើង​ដល់​ ២,៥៧ ពាន់​លាន​ដុល្លារ​ដែល​មាន​ចំនួន ៤,៥ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕ LA

ព័ត៌មានថ្មីៗ