ក្រុងវ៉ាស៊ីនតោនៈ លោកស្រី Kristalina Georgieva មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក (WB) ឥឡូវ​មិន​ប្រឈម​នឹង​ការប្រឆាំង​ណា​មួយ​ចំពោះ​បេក្ខភាព​របស់​លោកស្រី​ក្នុង​តំណែង​ជា​អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឡើយ​។ នេះ​បើ​យោង​តាម​ការប្រកាស​របស់ IMF កាលពី​ថ្ងៃ​ចន្ទ​។

លោកស្រី Georgieva បច្ចុប្បន្ន​គឺជា​ប្រធាន​នាយកប្រតិបត្តិ (CEO) ធនាគារពិភពលោក ជិត​ធានា​បាន​តំណែង​នេះ​ដែល​នឹង​ក្លាយ​ជា​ស្ត្រី​ទី​ ២ ​ក្នុងការ​ដឹកនាំ​មូលនិធិ IMF​។


លោកស្រី​នឹង​ជំនួស​តំណែង​របស់​លោកស្រី Christine Lagarde អតីត​ប្រធាន IMF ដែល​ត្រូវ​បាន​ស្នើ​ឈ្មោះ​ទៅ​ដឹកនាំ​ធនាគារកណ្តាល​អឺរ៉ុប​។


ក្រុមប្រឹក្សា​របស់ IMF បាន​ឲ្យ​ដឹងថា​៖ «​គោលដៅ​របស់​ក្រុមប្រឹក្សាភិបាល​គឺ​ដើម្បី​បញ្ចប់​ដំណើរការ​ជ្រើសរើស​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​នៅ​ចុងក្រោយ​បំផុត​គឺ​នៅ​ថ្ងៃទី​ ៤ ខែ​តុលា ឆ្នាំ​ ២០១៩»​។


ស្ថិតក្រោម​វិធាន​ដែល​គ្មាន​ការចែង ជនជាតិ​អឺរ៉ុប​តែងតែ​ដឹកនាំ​មូលនិធិ IMF គិត​ចាប់តាំងពី​មូលនិធិ​នេះ​បង្កើត​ឡើង​មក​បន្ទាប់ពី​សង្គ្រាមលោក​លើក​ទី​ ២ ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​តែងតែ​ចាត់តាំង​មេដឹកនាំ​សម្រាប់​ធនាគារ​ពិភពលោក​។


រយៈពេល​ដាក់​ស្នើ​ឈ្មោះ​បាន​បិទបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ពោល​គឺ​ ១ ​ថ្ងៃ​បន្ទាប់ពី​មូលនិធិ​នេះ​បាន​លុបចោល​ជា​ផ្លូវការ​នូវ​លក្ខខណ្ឌ​តម្រូវ​កម្រិត​អាយុ ៦៥ ​ឆ្នាំ​សម្រាប់​ការ​ក្លាយ​ជា​មេដឹកនាំ​របស់​មូលនិធិ​នេះ​ដែល​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ស្ត្រី​អាយុ ៦៦ ​ឆ្នាំ​រូបនេះ​ចូលកាន់​តំណែង​។


មិនមាន​បេក្ខជន​បេក្ខនារី​ផ្សេង​ទៀត​បង្ហាញខ្លួន​ប្រជែង​នឹង​លោកស្រី Georgieva ឡើយ​៕ KC