ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ព្យាករ​ថា តម្លៃ​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​អឺរ៉ុប អាច​ធ្លាក់ចុះ​ប្រមាណ​ ១០ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹង​តាមរយៈ Facebook របស់​លោក​ថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​មានតម្លៃ​ជាង​ ២០០ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​នៅ​ឆ្នាំ​ ២០១៩ នេះ CRF ព្យាករ​ថា តម្លៃ​នាំ​ចេញទៅ​ទីផ្សារ​នេះ​នឹង​ធ្លាក់​មក​នៅ​ប្រហែល ១៨០ លាន​ដុល្លារ ដោយសារ​វិធានការ​ការពារ​ដែល​បាន​ដាក់ចេញ​ដោយ​សហភាព​អឺរ៉ុប កាលពី​ដើម​ឆ្នាំនេះ​។


លោក​បន្ថែមថា ក្នុងចំណោម​អង្ករ​ជាង ២៧ ​ម៉ឺន​តោន​ដែល​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ​ ២០១៨ ប្រហែល ៨០ ​ភាគរយ​គឺជា​អង្ករ​ក្រអូប​។


ទោះជា​យ៉ាងណា​ការនាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​នឹង​កើនឡើង​តាមរយៈ​ការលក់​ចេញ​អង្ករ​ក្រអូប​ដែល​អតិថិជន​ត្រូវការ​។


លោក​បញ្ជាក់ថា​៖ «CRF នឹង​ព្យាយាម​ក្លាយជា​អ្នក​នាំចេញ​លំដាប់​ទី​ ៣ ដែល​មាន​តម្លៃ​នាំចេញ​ប្រមាណ ១៦០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩ កើន​ពី ១១៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨»​។


លោក​បន្ថែមថា ជារួម CRF គ្រោង​នឹង​នាំចេញ​ក្នុង​តម្លៃ​រហូតដល់ ៤៣០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩ នេះ​។


វិស័យ​អង្ករ​របស់​កម្ពុជា​បាន​បាត់បង់​សិទិ្ធ​ទទួល​ការលើកលែង​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប​ចាប់​ខែមករា​ឆ្នាំនេះ បន្ទាប់ពី​សហភាព​អឺរ៉ុប​បានសម្រេច​យកពន្ធ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្រោម​ហេតុផល​ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ​នៅ​អឺរ៉ុប​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​អឺរ៉ុប​សម្រេច​យកពន្ធ​ពី​អង្ករ​កម្ពុជា​នៅ​ឆ្នាំនេះ CRF ត្រូវការ​ពេលវេលា​ដើម្បី​កសាង​ទីផ្សារ​បន្ថែមទៀត​។ លោក​បន្ថែមថា ក្រៅពី​ទីផ្សារ​ប្រទេស​ចិន CRF ក៏​កំពុង​ធ្វើការ​ពង្រីក​ទីផ្សារ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី កាណាដា អាហ្វ្រិក និង​អារ៉ាប់​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​ក្រអូប​ទៅ​ប្រទេស​នៅ​អាហ្វ្រិក និង​ប្រទេស​នៅក្នុង​តំបន់​អារ៉ាប់ ព្រោះ​ជា​ប្រទេស​អ្នក​មាន​ដែល​បាន​ប្រើ​អង្ករ​ថៃ​ច្រើន​ដែរ​។ ខ្ញុំ​សង្ឃឹមថា ទីផ្សារ​ដែល​យើង​បង្កើត​ថ្មី​នឹង​អាចជួយ​ប៉ះប៉ូវ​ការបាត់បង់​ទៅ​អឺរ៉ុប​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Mekong Oryza Tradind បាន​និយាយថា ទោះបី​ជា​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប​អាច​នឹង​ធ្លាក់ចុះ​ក្តី ក៏​ការនាំចេញ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចិន​នឹង​កើនឡើង​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ទាក់ទង​ទីផ្សារ​អាស៊ាន​ដោយ​គេ​ចង់​បាន​អង្ករ​កម្ពុជា​យើង ពិសេស​អង្ករ​ក្រអូប​»​។

របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​បាន​បង្ហាញថា​ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន ៣០៨ ០១៣ តោន កើនឡើង ៣,៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ២៩៧ ០៨០ តោន​។ ចិន គឺជា​ទីផ្សារ​នាំមុខគេ​ដោយ​គិតពី​ខែ​មករា-កក្កដា មាន​បរិមាណ ​១២៣ ៣៦១ តោន កើន ៩៤ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។

កាលពី​ឆ្នាំ​មុន​ប្រទេស​ ចិន ​បាន​ផ្តល់​កូតា​ឲ្យ​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន​ចំនួន ៣០ ម៉ឺន​តោន ប៉ុន្តែ​កម្ពុជា​សម្រេច​បាន​ត្រឹមតែ ១៧០ ១៥៤ តោន​ប៉ុណ្ណោះ​។ កាលពី​ដើម​ឆ្នាំ ២០១៩ ចិន​បាន​បន្ថែម​កូតា​ដល់​កម្ពុជា ១០ ម៉ឺន​តោន​បន្ថែម​ទៀត​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​នាំចេញ​អង្ករ​សរុប ៦២៦ ២២៥ ​តោន​ ធ្លាក់​ចុះ ១,៥ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧​។ ទីផ្សារ​អឺរ៉ុប​មាន​បរិមាណ​ច្រើនជាងគេ គឺ​រហូត​ដល់ ២៦៩ ១២៧ តោន ហើយ​ប្រទេស​ ចិន​ មាន​ចំនួន ១៧០ ១៥៤ ​តោន​៕ LA