ភ្នំពេញ: ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាន​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្ដើម​ថ្មី​មួយ​ដែល​ហៅថា «៣៥ ​នាទី​អំពី​អាជីវកម្ម​» ដើរតួ​ជា​វេទិកា​ថ្មី​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក (SME) បង្ហាញ​អំពី​គំរូ​អាជីវកម្ម និង​ចែករំលែក​បទពិសោធ និង​យុទ្ធសាស្ដ្រ​អាជីវកម្ម ជាពិសេស​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការកៀរគរ​មូលនិធិ​តាមរយៈ​ទីផ្សារ​ភាគហ៊ុន​។

លោក ហុង សុខហួរ អគ្គនាយក ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា វេទិកា​ថ្មី​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​ការផ្ដល់​ឱកាស​ដល់ SMEs ក្នុងស្រុក ដើម្បី​ចែករំលែក​បទពិសោធ​អាជីវកម្ម​របស់​ពួកគេ និង​គំរូ​មិន​គ្រាន់តែ​ដល់​សាធារណជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដល់​វិនិយោគិន​ផងដែរ​។


លោក​ថ្លែងថា​៖ «​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ដើរតួ​ជា​វេទិកា​សម្រាប់ SME ដើម្បី​ចែករំលែក​បទពិសោធ​អាជីវកម្ម​របស់​ពួកគេ និង​អាច​ប្រាប់​ដល់​សាធារណជន​អំពី​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​។ វា​ក៏​ជា​ស្ពាន​ភ្ជាប់​ពួកគេ​ជាមួយ​វិនិយោគិន​ផ្សេងៗ​ទៀត ដែល​មាន​ចំណាប់អារម្មណ៍​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​អាច​និង​ចាប់ដៃ​វិនិយោគ​រួមគ្នា​ផងដែរ​»​។


CSX បាន​ដាក់​ដំណើរការ​ទីផ្សារ​កំណើន​របស់ខ្លួន​កាលពី​ចុងឆ្នាំ​ ២០១៥​។ យោងតាម​បទប្បញ្ញត្តិ​ក្រុមហ៊ុន​ត្រូវបាន​តម្រូវ​​ឱ្យ​មាន​ដើមទុន ប្រតិបត្តិការ​អប្បបរមា ៥ ​សែន​ដុល្លារ​ដើម្បី​ចុះបញ្ជី​។ ក្រុមហ៊ុន​នេះ​ក៏​តម្រូវឱ្យ​ចេញផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​សវនកម្ម​ ១ ​ឆ្នាំ និង​បង្ហាញ​ប្រាក់ចំណេញ​វិជ្ជមាន ឬ​លំហូរ​សាច់ប្រាក់​ប្រតិបត្តិការ​វិជ្ជមាន​ជាមួយ​នឹង​កម្រិត​ប្រាក់ចំណេញ​ដុល​ឱ្យ​បាន​យ៉ាង​ហោចណាស់​ ១០ ​ភាគរយ​៕ LA