ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airlines បាន​បង្វែរ​ជើង​ហោះហើរ​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​​ ភ្នំពេញ​-​ឌូបៃ ​តាមរយៈ​ទីក្រុង​បាងកក​​ជំនួស​ឲ្យ​ការ​ឈប់​សំចត​​​ទីក្រុង​យ៉ាំងហ្គោន ​ប្រទេស ​មីយ៉ាន់ម៉ា ​វិញ​ ដោយសារ​តែ​កំណើន​តម្រូវការ​ការ​ធ្វើ​ដំណើរ​​ពី​​កម្ពុជា​ទៅ​ទីក្រុង​បាងកក​។ ​នេះ​បើ​​តាម​​បុគ្គលិក​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​​មួយ​កាល​ពី​ម្សិលមិញ​។​​

ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airlines បាន​បញ្ឈប់​សេវា​របស់​ខ្លួន​ ភ្នំពេញ​-ឌូបៃ តាមរយៈ​ទីក្រុង​យ៉ាំងហ្គោន ​កាល​ពី​ថ្ងៃទី ​៣១ ​ខែ ​ឧសភា​ ដោយ​ងាក​ឈប់​សំចត​តាមរយៈ​ទីក្រុង​​បាងកក​វិញ។​


លោក ​Abdulla Adnan ប្រធាន​​ផ្នែក​ពាណិជ្ជកម្ម​ទទួល​បន្ទុក​​ក្រុមហ៊ុន​​អាកាសចរណ៍​ Emirates Cambodia ​បាន​ឲ្យ​ដឹង​ថា ​កំណើន​តម្រូវការ​​ធ្វើ​ដំណើរ​ពី​ប្រទេស ​កម្ពុជា ​ទៅ​ទីក្រុង​បាងកក​ ព្រម​ទាំង​ការ​តភ្ជាប់​ជើង​​ហោះហើរ​កាន់​តែ​ប្រសើរ​​នៅ​ក្នុង​ព្រលាន​​យន្តហោះ​ទីក្រុង​បាងកក គឺ​ជា​​មូលហេតុ​សម្រាប់​​ក្រុមហ៊ុន​អាកាស​​ចរណ៍​ Emirates ​ផ្លាស់ប្តូរ​​ពី​ទីក្រុង​យ៉ាំងហ្គោន ទៅ​ទីក្រុង​បាងកក ជា​កន្លែង​ឈប់​សំចត​របស់​ខ្លួន​ទៅ​ទីក្រុង​ឌូបៃ​វិញ​។​ ​​


លោក​ថ្លែង​ថា​៖ «​យើង​សម្លឹង​​មើល​ទីក្រុង​បាងកក​ ជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​សម្រាប់​អ្នក​ដំណើរ​ ដើម្បី​ចេញ​ដំណើរ​ពី​អាស៊ីអាគ្នេយ៍​ទៅ​ទិសដៅ​ផ្សេងៗ​ដូច​ជា​អឺរ៉ុប​ និង​អាមេរិក​»​។


លោក​បន្ត​ថា​៖ «​យើង​ចង់​បង្កើន​​ទាំង​អ្នក​ដំណើរ​​ក្នុង​ស្រុក ​និង​អ្នក​ដំណើរ​ក្រៅ​ស្រុក​សម្រាប់​ប្រទេស ​កម្ពុជា​»។ ​លោក​បន្ត​ថា​៖ «​ដោយ​ពឹង​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ទីផ្សារ​ យើង​មាន​ទំនុក​ចិត្ត​ថា​ នឹង​ទាក់ទាញ​អ្នក​ដំណើរ​មាន​ទ្រព្យ​ច្រើន​​​របស់​យើង​»។​


លោក Abdulla Adnan ថ្លែង​ថា​៖ «​ទាក់ទង​នឹង​​ប្រជាសាស្ដ្រ​ យើង​កំពុង​សម្លឹង​មើល​អ្នក​ដំណើរ​មាន​ទ្រព្យ​ច្រើន​​ចម្រុះ​ដែល​ចូល​មក​ប្រទេស​ កម្ពុជា​ និង​ចេញ​ពី​ប្រទេស ​កម្ពុជា​»​។​


ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ដែល​តភ្ជាប់​ទីក្រុង​ឌូបៃ មក​ទីក្រុង​ភ្នំពេញ​តាមរយៈ​ទីក្រុង​បាងកក នឹង​ប្រើប្រាស់​យន្តហោះ​ Boeing 777-300 ER ដោយ​មាន​កៅអី​ថ្នាក់​អ្នក​មាន​ទ្រព្យ​ច្រើន ​៨​ កៅអី​ថ្នាក់​ជំនួញ ​៤២ និង​កៅអី​តម្លៃ​ទាប​ ៣១០ ​កន្លែង។​

ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines បាន​ដំណើរការ​ជា​លើក​ដំបូង​នូវ​សេវា​អ្នក​ដំណើរ​របស់​ខ្លួន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​ឌូបៃ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ ​២០១៧ ដោយ​សម្លឹង​​មើល​ការ​បង្កើន​តួលេខ​ទេសចរណ៍​ស្រប​ជាមួយ​នឹង​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​ការ​ត​ភ្ជាប់​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ រវាង​ទីក្រុង​ឌូបៃ និង​មជ្ឈមណ្ឌល​នៅ​​​អឺរ៉ុប ដូចជា​ទីក្រុង​ប៉ារីស ទីក្រុង​ឡុងដ៍ ​និង​ Frankfurt​។​

លោក​ស្រី​ ឆាយ ​ស៊ីវលីន ​ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​​កម្ពុជា​ ស្វាគមន៍​ការដំណើរការ​ផ្លូវ​ហោះហើរ​ថ្មី​​នេះ ​ដោយសារ​តែ​វា​នឹង​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មជ្ឈិមបូព៌ា​កាន់​តែ​ច្រើន​មក​ប្រទេស​ កម្ពុជា​។​ ​

លោកស្រី​ថ្លែង​ថា​៖ «​​ការ​មាន​ជម្រើស​ជើង​ហោះហើរ​ថ្នាក់​អ្នក​មាន​ទ្រព្យ​ច្រើន​ នឹង​ជួយ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ប្រទេស​ កម្ពុជា​ ជា​ពិសេស​មក​ពី​ទីក្រុង​ឌូបៃ ​និង​មក​ពី​បណ្ដា​ប្រទេស​​មជ្ឈិមបូព៌ា​»៕​LA​