ក្រុងប្រ៊ុចសែលៈ ក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុសហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទបានយល់ព្រមចំពោះការផ្អាកច្បាប់ដ៏តឹងរ៉ឹងលើដំណើរការឱនភាពសាធារណៈក្នុងប្លុកអឺរ៉ុបដែលនេះគឺជាប្រវត្ដិសាស្ដ្រលើកដំបូងក្នុងការផ្តល់ឲ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបអាចចំណាយដោយសេរី ដើម្បីដោះស្រាយផលប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ ១៩។
វិធានការបណ្ដោះអាសន្ននេះនឹងបញ្ឈប់ប្រកបដោយប្រសិទ្ធភាពលើការត្រួតពិនិត្យដ៏តឹងរ៉ឹងដោយទីក្រុងប្រ៊ុចសែលចំពោះការចំណាយថ្នាក់ជាតិ។
វានឹងត្រូវស្វាគមន៍ជាពិសេសដោយប្រទេស អ៊ីតាលី ដែលជាសមាជិក EU កំពុងទទួលរងនូវផលប៉ះពាល់ខ្លាំងដោយសារកូវីដ ១៩ និងជាប្រទេសមួយដែលជារឿយៗគេរកឃើញថា បានរំលោភលើច្បាប់នេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា អ្វីដែលហៅថា «ខ» ចៀសវាងជាទូទៅផ្ដល់ដល់រដ្ឋាភិបាលនានានូវភាពបត់បែនដែលគេត្រូវការ ដើម្បីចាត់វិធានការចាំបាច់នានាគាំទ្រទៅដល់វិស័យសុខាភិបាល ប្រព័ន្ធការពារប្រជាជនស៊ីវិល និងដើម្បីការពារសេដ្ឋកិច្ច។
ការលើកលែងច្បាប់សារពើពន្ធដែលតំណាងភាគច្រើនបំផុតរបស់ EU គឺជាកិច្ចខិតខំធំជាងគេដោយរដ្ឋជាសមាជិកក្នុងការប្រឈមជារួមនឹងគ្រោះមហន្តរាយ ដោយសារការរីករាលដាលកូវីដ ១៩។
ទន្ទឹមគ្នានេះធនាគារកណ្ដាលអឺរ៉ុបក៏បានប្រកាសប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨១០ ពាន់លានដុល្លារ) ជាការលើកទឹកចិត្តដើម្បីធានាជាថ្មីដល់ទីផ្សារ និងមិនកម្រិតចំពោះធនាគារជាច្រើនក្នុងការផ្ដល់កម្ចីបន្ថែម ១,៨ ពាន់ពាន់លានអឺរ៉ូ។
ប្រទេសអាល្លឺម៉ង់ដែលជាធម្មតាបារម្ភអំពីតុល្យភាពថវិកាបានបើកចំហការប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ដោយបានប្រកាសនូវការខ្ចីប្រាក់ចំនួន ១៥៦ ពាន់លានអឺរ៉ូ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន។
«ខ» ចៀសវាងត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ នៅពេលមានវិបត្តិបំណុលតំបន់ចាយប្រាក់អឺរ៉ូ។ ច្បាប់ស្ដីពីបំណុល និងឱនភាពត្រូវបានរឹតបន្តឹង ដែលនោះគឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការការពារតំបន់ចាយប្រាក់អឺរ៉ូពីវិបត្តិ។
ដោយត្រូវបានដឹងជារួមថា ជាកិច្ចព្រមព្រៀងស្ថិរភាព និងកំណើនច្បាប់នេះតាមទ្រឹស្ដីបានកម្រិតឱនភាពថវិកាប្រចាំឆ្នាំរបស់ប្រទេសមួយឲ្យមកនៅត្រឹម ៣ ភាគរយនៃទិន្នផលសេដ្ឋកិច្ច និងបំណុលជារួមរបស់ខ្លួនមកនៅត្រឹម ៦០ ភាគរយ។ ប្រទេសអ៊ីតាលីបានរំលោភលើការកម្រិតបំណុលលើសពី ២ ដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
«ខ»ចៀសវាងនេះនឹងអនុញ្ញាតឲ្យប្រទេសនានាចំណាយដោយមិនមានការកម្រិតលើឧបករណ៍វេជ្ជសាស្ដ្រ ការពង្រឹងវិធានការទប់ស្កាត់ និងការចំណាយលើមន្ទីរពេទ្យ។
លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ EU បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំថា៖ «លក្ខខណ្ឌនានាត្រូវបានឆ្លើយតបត្រង់ថា យើងកំពុងជួបប្រទះការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅតំបន់ចាយប្រាក់អឺរ៉ូ និង EU ទាំងមូល»។
ក្រុមរដ្ឋមន្ដ្រីបានធ្វើសន្និសីទសារព័ត៌មានតាមរយៈវីដេអូជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាមធ្យោបាយផ្សេងទៀតក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងអ្វីមួយពិតប្រាកដជាជាងការដើរថយក្រោយនៃសេដ្ឋកិច្ចដែលទន់ខ្សោយសម្រាប់ទ្វីបអឺរ៉ុប និងសេដ្ឋកិច្ចពិភពលោក។
បំណុលជំពាក់ជំពិននៅក្នុងចំណោមប្រទេសសមាជិក EU គឺជាការបំពុលផ្នែកនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ។
ប្រជាជនអឺរ៉ុបភាគខាងជើងមានការមិនទុកចិត្តដោយការភ្ជាប់ជោគវាសនារបស់ពួកគេទៅនឹងអ្នកជាប់បំណុលធំៗ ដូចជាប្រទេសក្រិក ឬអ៊ីតាលីហើយជារឿយៗតែងចោទប្រកាន់ដៃគូភាគខាងត្បូងគេពីបទខ្វះវិន័យសារពើពន្ធ។
ជំនួសមកវិញក្រុមរដ្ឋមន្ដ្រីទាំងនោះត្រូវរំពឹងថា អនុញ្ញាតដល់ប្រទេសនានាឲ្យស្នើសុំការធានាប្រាក់កម្ចីពីមូលនិធិជំនួយសង្គ្រោះរបស់តំបន់ចាយប្រាក់អឺរ៉ូជាយន្តការរក្សាស្ថិរភាពអឺរ៉ុប (ESM) ដែលអាចរកបាន ៤០០ ពាន់លានអឺរ៉ូ។
តាមទ្រឹស្ដីការផ្ដល់កម្ចីពី ESM ធ្វើឡើងជាមួយលក្ខខណ្ឌជាច្រើនដែលប្រទេសអ៊ីតាលីជំទាស់ ប៉ុន្តែបណ្ដាប្រទេសនៅភាគខាងជើងដូចជាអាល្លឺម៉ង់ ហូឡង់ ទំនងជានឹងទាមទារជំនួយសង្គ្រោះទាំងអស់នេះ៕ LA