GDCE ​លើកលែង​ការបង់​ជើងសាគយ​សម្រាប់​ឆ្នាំ​ ២០១៩-២០២០

Content image - Phnom Penh Post
មន្ត្រី​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ត្រួតពិនិត្យ​ការលើកដាក់​កុងតឺន័រ​ទំនិញ​។ ហេង ជីវ័ន

ភ្នំពេញ: អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​ពន្យារពេល​នៃ​ការបង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២០ ដល់​វិស័យ​ភ័ស្តុភារកម្ម​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការបន្ត​រីករាលដាល​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ការស្នើសុំ​របស់​វិស័យ​ឯកជន​ដែល​ធ្លាក់ចុះ​ប្រាក់ចំណូល​ដោយសារ​វិបត្តិ​កូវីដ​ ១៩​។

លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៣ សីហា ដែល​កាសែត ​ភ្នំពេញ ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា ការសម្រេច​លើកលែង​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសាគយ​ឆ្នាំ​ ២០១៩ និង​ ២០២០ ​គឺ​ឆ្លើយតប​តាម​សំណើ​របស់​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​។

លិខិត​នេះ​បាន​ឱ្យ​ដឹងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​តម្រូវឱ្យ លោក លោកស្រី​ជា​រូបវន្តបុគ្គល និង​នីតិបុគ្គល​ជើងសា​គយ​ដែល​កំពុង​ប្រកប​អាជីវកម្ម​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ត្រូវ​បង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​ឆ្នាំ​ ២០២១ ឱ្យបាន​មុន​ដំណាច់​ឆ្នាំ​ ២០២០​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) ​ដែល​មាន​សមាជិក​ ១២០ ​ក្រុមហ៊ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ចន្ទ​ថា លោក​បានដាក់​សំណើ​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថ​កាលពី​ថ្ងៃទី​ ៣០ ​ខែ​មិថុនា ឆ្នាំនេះ បន្ទាប់ពី​មើលឃើញ​ពី​ផលប៉ះពាល់​បណ្តាល​មកពី​ការរីករាលដាល ជំងឺ​កូវីដ​១៩​លើ​ដំណើរការ​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។

លោក​ឱ្យដឹងថា អ្នក​ប្រកប​អាជីវកម្ម​ជើងសា​គយ​ដែល​កំពុង​ប្រតិបត្តិការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ត្រូវ​បង់ក​ម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​ចំនួន ៥០០ ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់ ១ អាជ្ញាប័ណ្ណ ក៏​កំពុងតែ​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព​នេះ​។

លោក​ថ្លែងថា​៖ «​យើង​សប្បាយ​រីករាយ​ណាស់ និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​បានសម្រេច​លើកលែង​ការបង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើង​សាគយ ព្រោះ​យើង​កំពុង​ជួប​បញ្ហា​កង្វះខាត​ [​ធ្លាក់​ចំណូល​របស់​ក្រុមហ៊ុន​] ​ដែល​ជួបប្រទះ​នូវ​បញ្ហា​ជំងឺ​កូវីដ​១៩»​។

សព្វថ្ងៃ ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ជើងសា​គយ​បាន​ចំនួន​ជិត ៥០០ អាជ្ញាប័ណ្ណ​។ នេះ​បើតាម​លោក ចន្ធី​។

យោង​តាម​ទិន្នន័យ​ពី GDCE ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ អគ្គនាយកដ្ឋាន​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង ១,២៧ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ ធ្លាក់ចុះ ១៦,២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ចំនួន ១,៥១៧ ពាន់​លាន​ដុល្លារ​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ធ្លាប់បាន​លើកឡើង​ក្នុងពេល​កន្លងមក​ថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ពន្ធគយ​គឺ​ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណូល​ពន្ធ​ពីមុខ​ទំនិញ​យានយន្ត​ដែលមាន​ ៣១,៧ ភាគរយ គ្រឿងសំណង់ ធ្លាក់ ២៨,២ ភាគរយ ប៉ុន្តែ​ប្រាក់ចំណូល​ពន្ធ​បាន​ពី​ប្រេងឥន្ធនៈ​កើនឡើង ៥,៥ ភាគរយ និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន ៣,១ ភាគរយ​។

លោក​ថ្លែងថា​៖ «​ការនាំចូល​មុខទំនិញ​យានយន្ត​ដែល​ជា​ប្រភព​ចំណូល​គយ​សំខាន់​សម្រាប់ GDCE បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​»​។

លោក​បាន​ពន្យល់ថា ការធ្លាក់ចុះ​ចំណូល​ពេលនេះ​ព្រោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​ដោយ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ ការនាំចូល​ទំនិញ​បាន​ធ្លាក់ចុះ ៩,៤ ភាគរយ ខណៈ​តម្លៃ​នាំចេញ​ធ្លាក់ចុះ​ ០,៧ ភាគរយ ក្នុងចំណោម​នោះ​តម្លៃ​នាំចេញ​ផលិតផល​កាត់ដេរ​បាន​ធ្លាក់ចុះ ៧,៥ ភាគរយ ប៉ុន្តែ​តម្លៃ​ផលិតផល​ស្រូវ​អង្ករ កៅស៊ូ និង​កសិផល​ផ្សេងទៀត​សរុប​កើនឡើង ១៤,៥ ភាគរយ​។

កាលពី​ឆ្នាំមុន កម្ពុជា​ប្រមូល​ពន្ធ​បាន​ប្រហែល ៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ១,៤៨ ពាន់​លាន​ដុល្លារ​នៃ​ផែនការ​។ ក្នុងចំណោម​តួលេខ​នេះ​គឺ​ចំនួន ២,២៦ ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​ចំនួន ២,៣ ពាន់​លាន​ដុល្លារ​​ ត្រូវបាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ LA

ព័ត៌មានថ្មីៗ