ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ​ (HKL) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ Bank of Ayudhya Public Limited Company(Krungsri) បានទទួល​កម្ចី​ចំនួន​ ៥០ ​លាន​ដុល្លារ​ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុង​ការគាំទ្រ​ដល់​សហគ្រាស​មីក្រូ​ធុន​តូច និង​មធ្យម​ (MSME) ​នៅក្នុង​តំបន់​ជនបទ​។

ស្ថាប័ន​ទាំង​ ២ ​បាន​ឈានដល់​កិច្ចព្រមព្រៀង​កម្ចី​កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា ដើម្បី​ផ្ដល់​មូលនិធិ​ដល់​សហគ្រាស​មីក្រូ​ធុន​តូច និង​មធ្យម​ (MSME) ​នៅ​តាម​ទីជនបទ​តាមរយៈ​គម្រោង​វិនិយោគ និង​ហិរញ្ញវត្ថុ​វិស័យ​ឯកជន​ដែល​ពឹង​ផ្អែកលើ​ការជួយ​សម្រួល​សម្រាប់​ការបង្កើន​ល្បឿន​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​នៅ​អាស៊ី (FAIA)​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ JICA​។


សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា ៩០ ​ភាគរយ ​នៃ​ចំនួន​ប្រជាជន​ស្ថិតក្រោម​បន្ទាត់​ក្រីក្រ​នៅតាម​ទីជនបទ​ប្រទេស​កម្ពុជា ដូច្នេះ​កម្ចី​នេះ​ដើរតួនាទី​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ពួកគេ​ក្នុង​ការដាំដុះ និង​បង្កើត​ការងារ​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ទោះបី​គម្លាត​ហិរញ្ញវត្ថុ​ដ៏ធំ​នៅតែមាន​ក៏ដោយ​។


សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា​៖ «​ការពិតទៅ​វិស័យ MSME គឺ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​បាន​រារាំង​កំណើន​របស់​វិស័យនេះ​។ MSME ជាច្រើន​កំពុងដំណើរការ​ដោយ​ស្ដ្រី (​ស្ដ្រី​កំពុង​គ្រប់គ្រង​ ៦២ ​ភាគរយ​នៃ​សហគ្រាស​មីក្រូ និង ២៦ ​ភាគរយ​ សហគ្រាស​ធុន​តូច និង​មធ្យម​)​។ ដើម្បី​ធានា​កំណើន​របស់ MSME គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការផ្ដល់​អំណាច​ដល់​ស្ដ្រី​»​។


លោក ហួត អៀងតុង ប្រធាន​នាយក​ប្រតិបត្តិ HKL មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ចន្ទ​។


បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ HKL កម្ចី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​ចំណែក​មួយកម្រិត​បន្ថែមទៀត​ដល់​ខ្លួន​ក្នុង​ការបញ្ចេញ​ទុន​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​នៅតាម​ទីជនបទ​។


JICA​ ​បាន​ចុះផ្សាយ​ថា កម្ចី​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​ឲ្យ​កាន់តែ​រីកចម្រើន ដោយ​បង្កើត​ឱកាស​ការងារ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ពួកគេ​នៅ​តាម​ទីតំបន់​ជនបទ ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ និង​ភាពខុស​គ្នា​នៃ​កម្រិតជីវភាព​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

JICA បន្តថា​អ្វី​ដែល​សំខាន់​នោះ​គឺ​ការរីកចម្រើន​របស់ MSME ដែលជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​ស្ត្រី​។ ដូច្នេះ​ប្រាក់កម្ចី​នេះ​នឹង​ជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​។

បច្ចុប្បន្ននេះ ៨២ ​ភាគរយ​ នៃ​អតិថិជន​របស់​ហត្ថាកសិករ លីមីតធីត គឺ​មកពី​តំបន់​ជនបទ និង ៦១ ​ភាគរយ​ នៃ​ឥណទាន​ត្រូវបាន​ផ្តល់​ជូនទៅ​ឲ្យ​អតិថិជន​ជា​ស្ត្រី​។ ដូចនេះ​ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​លើ​សេវា​ហិរញ្ញវត្ថុ ហត្ថា​កសិករ ​មាន​ការិយាល័យ​សាខា​ចំនួន​ ១៧៧ នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់ជូន​នូវ​ភាពល្អប្រសើរ​នៃ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​សេវា​ហិរញ្ញវត្ថុ​ដ៏សម្បូរបែប​រួមមាន​សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុង​ស្រុក សេវា​បើកប្រាក់​បៀវត្សរ៍ សេវា ATM និង សេវា​ធនាគារ​ចល័ត​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​ និង​អតិថិជន​ផ្សេងៗ​ទៀត​នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុងប្រទេស​កម្ពុជា​។

កាលពី​ថ្ងៃទី​ ៣ ខែមេសា រដ្ឋាភិបាល​បានចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាមួយ​នឹង​ទុនវិនិយោគ​ដំបូង ១០០ ​លាន​ដុល្លារ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ ( SME)​។

របាយការណ៍​របស់​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែសីហា​បាន​ប៉ាន់ប្រមាណ​ថា តម្រូវការ​ដែល​មិនបាន​ឆ្លើយតប​សម្រាប់​ឥណទាន​ពី​សហគ្រិន​ស្ដ្រី​មាន​ចំនួន ៤,២ ​ពាន់​លាន​ដុល្លារ​ ស្មើនឹង​ជិត ៦៣ ​ភាគរយ​ នៃ​ថវិកាជាតិ ៦,៧ ​ពាន់​លាន​ដុល្លារ​ របស់​ប្រទេស​ កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០១៩​។

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ កាលពី​ខែ​មុន​ក៏បាន​ចាប់ផ្ដើម​ដំណើរការ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ​ក្នុង​វិស័យ​កសិកម្ម​ក្នុងស្រុក​៕LA