ភ្នំពេញៈ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ Metfone គម្រោង​ដំណើរ​សាកល្បង​បច្ចេកវិទ្យា ​5G ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ក្នុង​ខែ​កក្កដា​នេះ ​បន្ទាប់​ក្រុមហ៊ុន​ បាន​​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា ​កាល​ពី​ថ្ងៃទី ៩​ កក្កដា​ ស្តីពី​ការ​​សាកល្បង​បច្ចេកវិទ្យា ​5G​។ នេះ​បើតាម​សារព័ត៌មាន Vietnam ​Express​។

ការ​ប្រកាស​របស់​ Metfone ​ធ្វើ​ឡើង ​១ ​ថ្ងៃ ​បន្ទាប់​ពី ​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត​ Smart​ Axiata កាល​ពី​ថ្ងៃ​ចន្ទ​ បាន​​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ​ក្នុង​ការ​តេស្ត​សាកល្បង​​លើ​​​បច្ចេកវិទ្យា​ 5G ​​លើក​​ដំបូង​គេ​នៅ​កម្ពុជា​​ ដោយ​​ក្រុមហ៊ុន​ Smart​ អះអាង​​​​ថា​ បាន​ត្រៀម​ទឹក​ប្រាក់​វិនិយោគ​​រាប់​រយ​លាន​ដុល្លារ​ទៅ​លើ​បច្ចេកវិទ្យា​នេះ​។


កាល​ពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ​Metfone ​បាន​ផ្តល់​​ប្រព័ន្ធ​បច្ចេក​វិទ្យា ​4.5G LTE និង​បាន​ដំឡើង​​ស្ថានីយ ​4G ​ចំនួន ​១០០ ​កន្លែង​នៅ​តំបន់​​បឹង​ទន្លេសាប​។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​។​​


មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​កម្ពុជា​​ជុំវិញ​កិច្ច​ព្រមព្រៀង​នេះ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។


បើ​ទោះ​បី​យ៉ាង​នេះ​ក្តី ​លោក ​ម៉ៅ ​ចរិយា ​នាយក​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បាន​ឲ្យ​ដឹង​នៅ​សប្តាហ៍​នេះ​​​ រហូត​មក​ដល់​ពេល​នេះ​លោក​មិន​​ច្បាស់​ថា 5G អាច​នឹង​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​​ផ្លូវ​ការ​​នៅ​ពេល​​ណា​នោះ​ទេ​ ខណៈ​បច្ចុប្បន្ន​​អាជ្ញាធរ​​​កំពុង​ពង្រឹង​ការ​គ្រប​ដណ្តប់​សេវា 4G ឲ្យ​បាន​​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ជា​មុន​សិន​។


សេចក្តី​រាយការណ៍​របស់​ ភ្នំពេញ ​ប៉ុស្តិ៍​កាល​ពី​ខែ​កុម្ភៈ​ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​​គ្រប់គ្រង​ដោយ​យោធា​របស់​​វៀតណាម​មួយ​នេះ បាន​បង្ហាញ​ពី​កំណើន​ប្រាក់​ចំណូល​ជាង​ ២,២ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល ១០ ​​ឆ្នាំ​ នៃ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ៣០០ ​លាន​ដុល្លារ​៕LA