ភ្នំពេញ: ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ពីថ្ងៃ​ម្សិលមិញ​នូវ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិចត្រូនិក​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ «​បាគង​» ​ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការទូទាត់​សាច់ប្រាក់​អន្តរធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងឡាយ​ដែល​ចូល​សមាជិក​ខណៈដែល​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​យល់ថា ប្រព័ន្ធ​នេះ​នឹង​ជំរុញ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ផ្ទាល់ លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ បង្ខិត​សេវា​ហិរញ្ញវត្ថុ​ទៅកាន់​ទីជនបទ និង​ជួយ​បង្កើនល្បឿន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ងាយស្រួល សុវត្ថិភាព​ និង​តម្លាភាព​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា «​បាគង​» ​ជា​សមិទ្ធផល​ថ្មី​កើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានផ្តល់​អនុសាសន៍​ឱ្យ​រៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ស្នូល​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អាច​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លង​ប្រព័ន្ធ​គ្នា​ទៅវិញ​ទៅមក​ (Interoperability) ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយ​ចំណាយ​ប្រតិបតិ្តការ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។


លោកស្រី​បាន​បន្តថា ការអភិវឌ្ឍ​ប្រព័ន្ធ​បាគង​នេះ​ជាការ​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នៃ​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ស្របតាម​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន​។ ការអភិវឌ្ឍ​ប្រព័ន្ធ​បាគង​នេះ​គឺជា​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន​។


លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្នុង​បរិបទ​ប្រទេស​កំពុង​រង​វិបត្តិ​កូវីដ​១៩ ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​បាគង​នៅថ្ងៃនេះ នឹង​ជួយ​គាំពារ​ដល់​សុខុមាលភាព​សង្គម និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ តាមរយៈ​ការសម្របសម្រួល​ការទូទាត់​តាម​អេឡិចត្រូនិក​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ (P2P) ​ដោយ​ពុំ​ប៉ះពាល់​សាច់ប្រាក់​ដោយផ្ទាល់ ហើយ​បាគង​អាច​ទូទាត់​ថ្លៃទំនិញ​អនឡាញ​ពី​ចម្ងាយ ផ្តល់​ជម្រើស​ច្រើន​ងាយស្រួល​សម្រាប់​អតិថិជន​ប្រតិបត្តិការ​ដាក់​ប្រាក់​ដក​ប្រាក់​ចេញ-ចូល​គណនី​ធនាគារ និង កាបូប​លុយ​អេឡិចត្រូនិក (e-wallet) ​ទៅវិញទៅមក​»​។


លោកស្រី​បាន​បន្តថា ប្រព័ន្ធ​បាគង​គឺជា​ប្រព័ន្ធ​ទូទាត់​ឆ្អឹងខ្នង​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​សម្រាប់​បម្រើ​នូវ​គោលដៅ​ចម្បងៗ​ដូចជា​ការផ្តល់​លទ្ធភាព​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ការកែលម្អ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ការជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការជំរុញ​ការទូទាត់​ជា​ប្រាក់រៀល​ដោយ​មិន​ប្រើ​សាច់ប្រាក់​។


លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា រយៈពេល​ ១ ​ទស្សវត្សរ៍​កន្លងមក​នេះ ការអភិវឌ្ឍ​ប្រព័ន្ធ​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅ​កម្ពុជា​ដែលមាន​ឱកាស​ចាប់យក​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ដែលជា​ការឆ្លើយ​នឹង​ភាពរីកចម្រើន​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ជា​ការខិតខំ​ប្រឹងប្រែង​របស់​ NBC ក្នុង​ការអភិវឌ្ឍ ប្រព័ន្ធ​ប្រតិបត្តិការ​រួម​បញ្ចូល​គ្នា​តែ​ ១ ដើម្បី​សម្រួល​ដល់​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក​។


លោក​ថ្លែង​៖ «​នេះ​ជា​លទ្ធផល​ល្អ​គួរ​ជា​ទីមោទន​ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​បាគង​ដែល​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​។ ប្រព័ន្ធ​បាគង​នឹង​ផ្តល់​អត្ថប្រយោជន៍​ថ្មី​សន្លាង​មួយ​សម្រាប់​ប្រព័ន្ធ​ទូទាត់​ដែល​បាន​ផ្តល់​មធ្យោបាយ​ដល់​អតិថិជន សាធារណជន​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ពី​ធនាគារ​ ១ ​ទៅ​ធនាគារ​ ១ ​ទៀត ឬ​ពី​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ ១ ​ទៅ​សមាជិក​ដទៃទៀត​នៅ​ប្រទេស​កម្ពុជា​»​។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា យល់​ថា ប្រព័ន្ធ​បាគង​នឹង​ជួយ​បន្ថែម​ល្បឿន​បរិយាប័ន្ន​ហិរញ្ញវត្ថុ ព្រមទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។

លោក​បន្តថា​៖ «​ខ្ញុំ​ជឿថា​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដែល​ធនាគារ​កណ្តាល​បាន​យក​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លុក​ឆេន​មកប្រើប្រាស់​ដើម្បី​ទូទាត់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ហើយ​ប្រព័ន្ធ​បាគង​នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​តាមរយៈ​ការផ្តល់​ភាពងាយស្រួល​ដល់​ការទូទាត់ និង​ផ្ទេរ​សាច់ប្រាក់​ឆ្លង​គ្រឹះស្ថាន​ប្រកប​ដោយ​សុវត្ថិភាព​ និង​រហ័ស​ទាន់​ចិត្ត​»​។

បើ​យោងតាម​លោកស្រី ជា សិរី គិត​ចាប់​ពីថ្ងៃ​ ១៨ ខែ កក្កដា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ២៨ ​ខែ​ តុលា ឆ្នាំ​ ២០២០ ចំនួន​សមាជិក​ចូលរួម​ក្នុង​ប្រព័ន្ធ​បាគង​បាន​កើនឡើង​រហូត​ដល់​ ១៨ ក្នុងនោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ចំនួន​ ១៦ ​និង ២ ​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​។

ជាមួយ​គ្នា​នេះ​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ចំនួន​ ២៤ ​ផ្សេងទៀត​បាន​ទទួល​ការអនុញ្ញាត​ជាគោលការណ៍​ចូល​ជា​សមាជិក​ប្រព័ន្ធ​បាគង និង​កំពុង​រៀបចំ​សិក្សា​លក្ខណៈ​បច្ចេកទេស​តភ្ជាប់​ប្រព័ន្ធ​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ជា​សមាជិក​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ផ្តល់​សេវា​ជូន​អតិថិជន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការទទួល​ខុសត្រូវ​ព្រមទាំង​សហការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​បាគង​ដល់​សាធារណជន​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​»៕ LA