ភ្នំពេញៈ លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ហានិភ័យ​ឥណទាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​ទាប ដោយ​ផ្អែកលើ​កម្ចី​មិន​ដំណើរការ (Non-Performing Loan) មាន​ចំនួន​ប្រហែល​ ២,៣ ​ភាគរយ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២០​។

លោកស្រី​បានបង្ហាញ​ថា​៖ «​អត្រា​នេះ​នៅមាន​កម្រិត​ទាប​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និង​ទូទាំង​ពិភពលោក​»​។


លោកស្រី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា លើស​ពី​នេះ​ទៅ​ទៀត ឥណទាន​ដែល​បាន​បញ្ចេញ​ឱ្យ​គ្រួសារ​មាន​ប្រាក់ចំណូល​ទាប មិនមាន​ចំនួន​ ១០០ ​ភាគរយ​នៃ​ផលបត្រ​កម្ចី​របស់​វិស័យនេះ​ទេ​។


អគ្គនាយិកា NBC រូបនេះ​បាន​ថ្លែងថា​៖ «​ការផ្ដោត​ការយក​ចិត្ត​ទុកដាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) គឺ​ផ្អែកលើ​ទីផ្សារ​ផ្សេងៗ​ចាប់ពី​មីក្រូ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។


ការលើកឡើង​ទាំងនេះ​របស់​លោកស្រី ជា សិរី បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​សុំ​ឱ្យធ្វើ​អត្ថាធិប្បាយ​ស្ដីពី​ស្ថិរភាព​របស់​វិស័យ​ហិរញ្ញវត្ថុ ខណៈដែល​តម្លៃ​សរុប​នៃ​កម្ចី MFI បាន​កើនឡើង​ដល់​ជាង​​ ១០ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩​។


ឯកសារ​សង្ខេប​ដោយ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) និង​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) បាន​បញ្ជាក់ថា កម្ចី​ដែល​បាន​យក​ដោយ​ប្រជាជន​ប្រហែល​ ២,៦ ​លាន​នាក់​ជា​មធ្យម​ក្នុង​ ១ ​កម្ចី​ប្រហែល​ ៣ ៨០៤ ដុល្លារ​កាលពី​ឆ្នាំមុន​។


ថ្មីៗ​នេះ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​រាយការណ៍​សមតុល្យ​របស់ MFI មាន​ចំនួន​ ៦,៣ ​ពាន់​លាន​ដុល្លារ ដែល​ការិយាល័យ​បាន​ឱ្យ​ដឹងថា វា​ស្រប​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ទោះបី​យ៉ាងណា​កម្ចី​ដែល​​កើនឡើង​មាន​ភាព​មិនល្អ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ខណៈដែល​ក្រុម​ជាច្រើន​ចោទប្រកាន់​រដ្ឋាភិបាល និង​ NBC ពីបទ «​បញ្ឈប់​ស្ថានភាព​»​ ​នេះ និង​ក្នុង​កម្រិត​ជាក់លាក់​មួយ «​ដែល​ការពារ​» អ្នក​ខ្ចីប្រាក់​មាន​ប្រាក់ចំណូល​កាន់តែ​ទាប​។

របាយការណ៍​ព័ត៌មាន​បង្ហាញថា ករណី​អ្នក​ខ្ចីប្រាក់​ដែល​បាត់បង់​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ពួកគេ ដោយសារ​បង្កើន​ប្រាក់កម្ចី​ហើយ​កម្ចី​កើនឡើង​កាន់តែច្រើន ដើម្បី​បំពេញ​តម្រូវការ​ដោយសារ​តែ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ​។

ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ប៉ះពាល់​លើ​វិស័យ​សេដ្ឋកិច្ច​បន្ត​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​សង្កេត​បាន​ឱ្យដឹង​ថា ស្ថានការណ៍​សង្គម​សេដ្ឋកិច្ច​មិន​ទំនង​ជា​នឹង​ភាពល្អប្រសើរ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​ដែល​អាច​ជំរុញ​ឱ្យ​ធ្លាក់ខ្លួន​ក្នុង​បំណុល​។

កាលពី​ដើម​ខែតុលា អង្គការ​សង្គម​ស៊ីវិល​នានា​រួមមាន អង្គការ CENTRAL អង្គការ CATU អង្គការ Licadho និង​អង្គការ​សមាគម​ធាងត្នោត​បាន​អំពាវនាវ​ឱ្យមាន​ការអនុគ្រោះ​ពេញលេញ​នៃ​បំណុល MFI ដែល​បាន​យក​ដោយ​គ្រួសារ​ក្រីក្រ​។

ប៉ុន្តែ​វា​ហាក់ដូចជា​មិន​ទំនងជា NBC នឹង​លើកឡើង​ពី​តម្រូវការ​នោះទេ​។

ផ្ទុយទៅវិញ NBC នឹង​បន្ត​រក្សា​ការណែនាំ​របស់ខ្លួន​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការរៀបចំ​ឥណទាន​ឡើងវិញ​របស់​អតិថិជន​ដែល​រង​ប៉ះពាល់​ដោយសារតែ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ជា សិរី បាន​ឱ្យ​ដឹងថា ឥណទាន​អតិថិជន​ប្រហែល​ ២៧០ ០០០ ​នាក់​ ត្រូវបាន​រៀបចំ​ឥណទាន​ឡើងវិញ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​ ២០២០ ដែលមាន​ចំនួន​សរុប​ប្រហែល​ ៣,៦ ​ពាន់​លាន​ដុល្លារ​។

យន្តការ​នានា​ក្នុង​ការរក្សា​ស្ថិរភាព​វិស័យ MFI ខណៈ​ដែល​ការពារ​អតិថិជន លោកស្រី​ឱ្យដឹងថា NBC មាន​ប្រកាស​មួយចំនួន​ដែល​មិន​គ្រាន់តែ​កម្រិត​ចំណាត់ថ្នាក់​ហានិភ័យ​ឥណទាន​ភាពទន់ខ្សោយ​ក្នុង​ការផ្ដល់​នោះទេ​។

លោកស្រី​លើកឡើង​ថា​៖ «​យើង​មាន​តម្លាភាព​ក្នុង​ការផ្ដល់​ការជួយ​សម្រួល​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ការដោះស្រាយ​បណ្ដឹង​របស់​អតិថិជន​។ ហើយក៏​មាន​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ដោយផ្ទាល់​ទៅ NBC សម្រាប់​បណ្ដឹង​ជា​សាធារណៈ​»​។

លោកស្រី​បន្ថែមថា វា​ជា​តួនាទី​ដ៏សំខាន់​របស់ NBC ក្នុង​ការផ្ដល់​ភាពជឿ​ទុកចិត្ត​ពេញលេញ និង​ការវាយតម្លៃ​ហានិភ័យ​ឥណទាន​សម្រាប់​វិស័យនេះ​។

លោកស្រី ជា សិរី បាន​ឱ្យ​ដឹងថា MFIs ក៏មាន​ការការពារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផងដែរ ដូចជា​គោលការណ៍​ផ្ដល់​កម្ចី​ដែល​បាន​បង្កើតឡើង​ដោយ​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

ធនាគារកណ្ដាល​ក៏បាន​លុប​ចោលការ​ផ្ដល់​កម្ចី​ក្រៅផ្លូវការ​ដែល​បាន​ធ្លាក់​ចុះមក​នៅត្រឹម​ ៦ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៦ ធៀប​នឹង​ ៣២ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០០៤​។ នេះ​បើ​យោងតាម​របាយការណ៍​របស់ NBC ស្ដីពី​ស្ថិរភាព​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំមុន​។

ធនាគារ​នេះ​បាន​ឱ្យ​ដឹងថា ការបង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ដោយ MFIs និង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​បាន​កាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រជាជន​លើ​ការខ្ចីប្រាក់​ពី​ប្រភព​ក្រៅផ្លូវការ​។

ទោះបី​ជា​លោកស្រី ជា សិរី បាន​ឱ្យ​ដឹងថា NBC មិនមាន​ទិន្នន័យ​ដែល​អាច​រកបាន​ស្ដីពី​វិស័យនេះ​នៅពេល​ថ្មីៗ​នេះ​ក៏ដោយ ក៏ NBC បន្ត​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការលើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្នា និង​ការយល់​ដឹងផង​ដែរ​។

លោកស្រី​បាន​ពន្យល់ថា​៖ «​ការយកចិត្ត​ទុកដាក់​នេះ​មិន​គ្រាន់តែ​ដើម្បី​នាំយក​ប្រជាជន​កាន់តែ​ច្រើន​ចូល​ទៅក្នុង​វិស័យ​ផ្លូវការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែមទាំង​ផ្ដល់​ដល់​ពួកគេ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​ស្ដីពី​ការគ្រប់គ្រង​ប្រាក់​ផងដែរ​»​។

លោកស្រី​បញ្ជាក់ថា តាម​មធ្យោយបាយ​នោះ NBC នឹង​បន្ត​ការត្រួតពិនិត្យ​ការអភិវឌ្ឍ​របស់​វិស័យ​ធនាគារ «​យ៉ាងជិតដិត​បំផុត​»​។

លោកស្រី​បន្ថែមថា​៖ «​យើង​នឹង​បន្ថែម ឬ​លើកកម្ពស់​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​របស់​យើង នៅពេល​ចាំបាច់​ស្រប​ជាមួយ​នឹង​ការអភិវឌ្ឍ​របស់​វិស័យនេះ ព្រមទាំង​ការអភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​»៕LA

Sangeetha Amarthaligam