ទីក្រុងឡុងដ៍ៈ អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នឹង​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​មាន​ការអះអាង​ពី​សំណាក់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថា ប្រទេស​ផលិត​ប្រេង​ឈានមុខ​គេ រួមមាន​រុស្ស៊ី និង​អារ៉ាប៊ី សាអ៊ូឌីត​នឹង​បន្ថយ​ផលិតកម្ម​ដើម្បី​បង្កើន​តម្លៃ​ឡើងវិញ​។

រដ្ឋាភិបាល​នៃ​ប្រទេស​សម្បូរ​ប្រេង Azerbaijan បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​គេ​រំពឹង​តាំងពី​ដំបូង ដោយ​រៀបចំ​តាមរយៈ​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ត្រូវ​លើក​ពេល​ដល់​ថ្ងៃ​ព្រហស្បតិ៍​។


លោក Zamina Aliyeva មន្ត្រី​នាំពាក្យ​ក្រសួង​ថាមពល​នៃ​ប្រទេស​នេះ​បាន​ប្រាប់ថា​៖ «​អង្គការ OPEC បាន​ប្រាប់​យើង​អំពី​ការពន្យារ​ពេលនោះ​។ យើង​មិនដឹង​ពី​មូលហេតុ​នោះទេ​»​។


មិនមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​អង្គការ OPEC ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​ក្រុម​នេះ បាន​និយាយ​កាលពី​មុននេះ​ថា កិច្ចប្រជុំ​ប្រហែល​កើត​មាននៅ​ជិត​ចុង​សប្តាហ៍​នេះ​វិញ​។


កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ប្រទេស​អារ៉ាប់ប៊ី សាអ៊ូឌីត ដែល​ជា​តួអង្គ​សំខាន់​មួយ​នៃ​អង្គការ OPEC បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៃ​សម្ព័ន្ធ​អង្គការ​នេះ និង​ប្រទេស​ផលិត​ប្រេង​ដទៃទៀត ដើម្បី​ធ្វើឲ្យ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​មាន​ស្ថិរភាព ក្រោយពី​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ព្រះអង្គម្ចាស់ Mohammed bin Salman និង លោក​ប្រធានាធិបតី ត្រាំ​។


ភា្នក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​សាអូឌីត​បាន​រាយការណ៍​ពី​ការជជែក​ត្រូវបាន​រៀបចំ​ឡើង​តាម​សំណើរ​របស់លោក ត្រាំ​។


តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​ចាប់​តាំងពី​ដើម​ឆ្នាំ​ដែល​ការធ្លាក់ចុះ​នេះ​បណ្តាល​មកពី​ការរាលដាល​វីរុស​កូរ៉ូណា ដែល​បង្កើន​សម្ពាធ​យ៉ាងខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​តម្រូវការ ហើយ​ និង​សង្គ្រាម​តម្លៃ​រវាង​ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត និង​ប្រទេស​រុស្ស៊ី ដែល​ជា​តួអង្គ​សំខាន់​ក្នុង OPEC+​។

ប្រទេស​ទាំង​ ២ ​បរាជ័យ​ក្នុងការ​យល់ព្រម​គ្នា​លើ​ការកាត់បន្ថយ​ទិន្នផល​ផលិត​បន្ថែម​នៅឯ​កិច្ចប្រជុំ​នៃ​អង្គការ OPEC ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Vienna កាលពី​ខែ​មុននេះ ដែល​ធ្វើឲ្យ​ទីក្រុង​រីយ៉ាដ​បើក​ការផលិត​ដើម្បី​ពន្លិច​ទីផ្សារ​ប្រេង​តែម្តង​។

ក្រសួង​ថាមពល​នៃ​ប្រទេស Azerbaijan ដែលជា​សមាជិក OPEC+ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា កិច្ចប្រជុំ​នៅ​សប្តាហ៍​នេះ​នឹង​ផ្តោត​ការជជែក​គ្នា​លើ​ «​ការអនុម័ត​លើ​ការប្រកាស​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​» ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ម៉ូស្គូ​ត្រូវ​បាន​រៀបចំ​ដើម្បី​ពិភាក្សា​ការកាត់បន្ថយ​ប្រហែល​ ១ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ «​មិនតិច​ពេក ហើយ​ប្រហែល​ជា​មិន​ច្រើនពេក​ដែរ​»​។

លោក Putin និយាយថា «​ខ្ញុំ​ជឿថា វា​សំខាន់​ណាស់​ក្នុង​ការប្រមូលផ្តុំ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​មាន​តុល្យភាព​ទីផ្សារ និង​កាត់បន្ថយ​ផលិតកម្ម​»​។

យោង​របាយការណ៍​ប្រចាំខែ​កាលពី​ខែ​មុន​របស់​អង្គការ OPEC បរិមាណ​ ១០ ​លាន​បារ៉ែល​គឺ​ស្ទើរតែ​សមាមាត្រ​គ្នា​ទៅនឹង​អ្វីដែល អារ៉ាប់ប៊ី សាអ៊ូឌីត​ដែល​ផលិត​ប្រមាណ​ ៩,៨ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ និង រុស្ស៊ី​ដែល​ផលិត​ ១០,៧ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ដែល​បាន​ផលិត​កាលពី​ខែកុម្ភៈ​។

យោង​ទៅនឹង​ប្រភព​ស្និទ្ធ​នឹង​រុស្ស៊ី​ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន TASS កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹងថា មន្ត្រី​អាមេរិក​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ​។

លោក​ ត្រាំ ​បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកវិនិយោគ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ដោយ​សរសេរ​នៅលើ​បណ្តាញ​សង្គម Tweeter ​ថា​៖ «​ខ្ញុំ​រំពឹង និង​សង្ឃឹមថា​ទីក្រុង​រីយ៉ាដ និង​ម៉ូស្គូ​នឹង​កាត់បន្ថយ​ប្រហែល​ ១០ ​លាន​បារ៉ែល និង​ប្រហែល​កាន់តែ​មាន​ស្ថិរភាព​»​។

លោក​បន្ថែមថា​៖ «[​ការកាត់បន្ថយ​] ​អាច​ខ្ពស់​ដល់​ ១៥ ​លាន​បារ៉ែល​»​។

តម្លៃ​ប្រេង​ដែល​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​កាលពី​ដើម​សប្តាហ៍​មុន​បាន​ឡើង​ខ្ពស់​មកវិញ​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​របស់​លោក​ ត្រាំ ដែល​ធ្វើឲ្យ​កើនឡើង​ខ្ពស់​ក្នុង​កំណត់ត្រា​ក្នុង​ថ្ងៃ​ជួញដូរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​តម្លៃ​ប្រេង​អន្តរជាតិ Brent មាន​តម្លៃ​ ៣៤,១១ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ដោយ​មាន​កំណើន​ ១៤ ​ភាគរយ ខណៈ​តម្លៃ​ប្រេង​ម៉ាក WTI មានតម្លៃ​ ២៨,៣៤ ​លាន​ដុល្លារ​ដោយមាន​កំណើន​ ១២ ​ភាគរយ​៕ RR