ក្រុងរ៉ូមៈ លោក Qu Dongyu បានក្លាយជាជនជាតិចិនដំបូង ដែលត្រូវបានជ្រើសរើសឲ្យដឹកនាំអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ។
លោក Qu អាយុ ៥៥ ឆ្នាំ ជាអ្នកជីវសាស្ដ្រមួយរូបតាមរយៈការបណ្ដុះបណ្ដាល បានទទួលសំឡេងឆ្នោត ១០៨ បន្ទាប់មកលោកស្រី Catherine Geslain Laneelle របស់ប្រទេស បារាំង ទទួលបាន ៧១ សំឡេង និងលោក Davit Kirvalidze របស់ប្រទេស ហ្ស៊កហ្ស៊ី ទទួលបាន ១២ សំឡេង។ នេះបើតាមលទ្ធផលផ្លូវការ។
លោកប្រធាន FAO ថ្មីរូបនេះបានឲ្យដឹងបន្ទាប់ពីលទ្ធផលត្រូវបានប្រកាសថា៖ «ខ្ញុំសូមអរគុណយ៉ាងខ្លាំងដល់បណ្ដាប្រទេសជាសមាជិកទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មរបស់អ្នក»។
លោកបន្តថា៖ «ក៏សូមអរគុណដល់បេក្ខជនផ្សេងទៀតដែលបានជួយខ្ញុំកាន់តែប្រសើរផងដែរ»។ លោកថ្លែងថា៖ «ខ្ញុំនឹងប្ដេជ្ញាចិត្តចំពោះសេចក្ដីប្រាថ្នាពីមុនរបស់ FAO បេក្ខជន និងបេសកកម្មរបស់អង្គការនេះ»។
ការជ្រើសរើសលោកដើម្បីដឹកនាំទីភ្នាក់ងារ មានមូលដ្ឋាននៅទីក្រុងរ៉ូមមួយ ដែលប្រមូលផ្ដុំបណ្ដាប្រទេសជាសមាជិក ១៩៤ នេះ ធ្វើឡើងខណៈកំពុងមានការប្រយុទ្ធដើម្បីលុបបំបាត់ការស្រេកឃ្លានលើពិភពលោក ដែលរងប៉ះពាល់ដោយសារតែការកើនឡើងកម្ដៅលើពិភពលោក និងសង្គ្រាម។
ភាពស្រេកឃ្លានត្រូវបានស្ដីបន្ទោសលើផលប៉ះពាល់រួមដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ និងខុសប្រក្រតី ការធ្លាក់សេដ្ឋកិច្ច និងជម្លោះនានា ជាពិសេសនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបានកើនឡើងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។
FAO បានព្រមានអំពីអសន្តិសុខស្បៀង ដែលកើនឡើង និងកម្រិតខ្ពស់នៃអាហារូបត្ថម្ភ ហើយលោក Qu នឹងត្រូវតែបង្កើនការគាំទ្រកសិដ្ឋាន និងជលផលខ្នាតតូច ដើម្បីប្រយុទ្ធប្រឆាំងភាពមិនល្អនៃកសិដ្ឋានប្រើប្រាស់កម្លាំងពលកម្មច្រើន កាកសំណល់អាហារ និងភាពក្រីក្រ។
អ្នកបន្តវេនពីលោក Jose Graziano da Silva របស់ប្រទេស ប្រេស៊ីល នេះ នឹងត្រូវតែដាក់គោលនយោបាយក្នុងការរៀបចំសម្រាប់ការចិញ្ចឹមប្រជាជនពិភពលោកដែលរំពឹងថា នឹងកើនឡើងពី ៧,៧ ពាន់លាននាក់ ដល់ ៩,៧ ពាន់លាននាក់ ក្នុងឆ្នាំ ២០៥០។
លោក Manuel Lafont Rapnouil មកពីក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងបរទេស (ECFR) បានប្រាប់ទីភ្នាក់ងារព័ត៌មានថា AFP ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះដោះស្រាយបញ្ហាជាច្រើនដែល «សំខាន់សម្រាប់ទាំងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍»។
លោកឲ្យដឹងថា ពួកគេដាក់បញ្ចូល «សន្ដិសុខស្បៀងអាហារ និងការអភិវឌ្ឍកសិកម្ម ប៉ុន្តែក៏ត្រូវផ្តោតលើកសិឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា និងលើសពីនេះ អាកាសធាតុ និងបរិស្ថានផងដែរ»។
លោក Rapnouil បានឲ្យដឹងថា ជនជាតិចិនជាច្រើនក៏បានដឹកនាំអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ និងសហជីពទូរគមនាគមន៍អន្តរជាតិ ព្រមទាំងដឹកនាំនាយកដ្ឋានទទួលបន្ទុកសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិផងដែរ។
លោកថ្លែងថា៖ «ប្រទេស ចិន ក៏ផ្តោតយ៉ាងខ្លាំងក្នុងការបង្កើនវត្តមាននៃជនជាតិរបស់ខ្លួននៅតួនាទីរបស់អង្គការសហប្រជាជាតិផងដែរ ជាពិសេសនៅក្នុងតំណែងខ្ពស់ៗ»។ លោកបានបន្តថា៖ «វាមានសកម្មភាពជាពិសេសក្នុងការបោះឆ្នោតសម្រាប់ប្រធានរបស់ទីភ្នាក់ងារ មូលនិធិ និងកម្មវិធីនានា»។
ជំងឺឆ្លង សង្គ្រាមពាណិជ្ជកម្ម
ក្រុមអ្នកវិភាគជាច្រើនបានមើលឃើញលោក Qu ថា ជាមនុស្សនឹងទទួលជោគជ័យក្នុងតំណែងរយៈពេល ៤ ឆ្នាំនេះ ដែលលោកនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែ សីហា។
លោក Richard Gowan ជាអ្នកវិភាគមួយរូបនៅអង្គការវិបត្តិអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៊្រុចសែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ទីក្រុងប៉េកាំងបានធ្វើការជំរុញដ៏ធំមួយដើម្បីទទួលបានការងារជាន់ខ្ពស់ជាច្រើននៅក្នុងអង្គការសហប្រជាជាតិក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ»។
ប្រទេស ចិន បច្ចុប្បន្នកំពុងជម្នះជំងឺប៉េស្ដជ្រូក និងបានសម្លាប់សត្វជ្រូកជាង ១ លានក្បាល នៅទូទាំងប្រទេស។ នេះបើយោងតាមតួលេខរបស់ FAO។ ប្រទេសនេះក៏ត្រូវតែប្រយុទ្ធនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលបានបង្ខំឲ្យចិនងាកទៅទីកន្លែងផ្សេងទៀតសម្រាប់គ្រាប់ធញ្ញជាតិ និងសណ្ដែកសៀង។
ទីក្រុងប៉េកាំងបានឲ្យដឹងនៅក្នុងលិខិតដេញថ្លៃរបស់ខ្លួនដែលបានទទួលដោយ AFP ថា វិបត្តិទាំងនេះបានជំរុញឲ្យវិស័យស្បៀងអាហារត្រូវដាក់នៅលើអាទិភាពរបស់រដ្ឋាភិបាល។
លោក Qu មានបទពិសោធ ៣០ ឆ្នាំ ចាប់ពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលខាងកសិកម្ម ដល់ការណែនាំឥណទានខ្នាតតូចនៅតាមតំបន់ជនបទនានា។
លោក Kirvalidze ជាបេក្ខជនប្រកួតប្រជែងមកពីប្រទេស ហ្ស៊កហ្ស៊ី និងជាអតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានឲ្យដឹងថា លោកជឿជាក់ថា វិស័យឯកជនមានតួនាទីដ៏សំខាន់មួយក្នុងការលុបបំបាត់ការស្រេកឃ្លានលើពិភពលោក។
លោកស្រី Geslain-Laneelle ជាបេក្ខជនរបស់ប្រទេស បារាំង និងជាអតីតប្រធានអាជ្ញាធរសុវត្ថិភាពស្បៀងអាហារអឺរ៉ុប (EFSA) បានចំណាយអាជីពទាំងស្រុងរបស់លោកស្រីនៅក្នុងកសិកម្ម និងវិស័យកសិស្បៀងអាហារនៅក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រទេស បារាំង។
ស្ដ្រីដែលចូលរួមប្រកួតដណ្ដើមការងារនេះ លើកដំបូងបានឲ្យដឹងថា FAO គួរតែជួយ «អភិវឌ្ឍចង្វាក់តម្លៃជុំវិញកសិកម្ម ជលផល និងរុក្ខាប្រមាញ់» ដែលសំដៅដល់ការស្ដុកទុក ការកែច្នៃ និងការចែកចាយស្បៀងអាហារ៕ AFP/LA