សានហ្វ្រានស៊ីស្កូៈ ​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ទូរស័ព្ទ​ស្មាតហ្វូន​ឈាន​មុខ​គេ Qualcomm ​របស់​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ឈ្នះ​សាលក្រម​ដែល​មាន​ទឹក​ប្រាក់​សំណង​ចំនួន​ ៣១ ​លាន​ដុល្លារ​ក្នុង​សង្គ្រាម​ប៉ាតង់​ជាមួយ​​ក្រុមហ៊ុន Apple ជុំវិញ​បច្ចេកវិទ្យា​​ប៉ាតង់​ដែល​ប្រើប្រាស់​​​​ក្នុង​​ទូរស័ព្ទ iPhones​។​

ចៅក្រម​ ១ រូប​នៅ​តុលាការ​សហព័ន្ធ​​ក្នុង​រដ្ឋ​ Southern California បាន​ចេញ​បញ្ជា​ថា ​ក្រុមហ៊ុន Apple ត្រូវ​បង់​ប្រាក់​ឲ្យ​​ក្រុមហ៊ុន Qualcomm ពី​បទ​ការ​រំលោភ​លើ​​ប៉ាតង់​សម្រាប់​បន្ទះឈីប​ដែល​ប្រើប្រាស់​​​ក្នុង​ទូរស័ព្ទ​ iPhone 7 ទូរស័ព្ទ iPhone 8 និង​ទូរស័ព្ទ​ iPhone X។


ការ​ខូចខាត​​នេះ​បាន​កើត​​​​​ឡើង​​​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ​២០១៧ រហូត​ដល់​ការ​បញ្ចប់​ការ​ជំនុំ​ជម្រះ​នេះ។ នេះ​បើ​យោង​​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​របស់​ក្រុមហ៊ុន Qualcomm។​


លោក​ Don Rosenberg អ្នក​​ប្រឹក្សា​យោបល់​ទូទៅ​​ប្រចាំ​​ក្រុមហ៊ុន​ Qualcomm បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ប្រកាស​ពី​សាលក្រម​​នេះ​ថា​៖ «​សាលក្រម​តុលាការ​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​នេះ គឺ​ជា​ជោគជ័យ​ចុង​ក្រោយ​បំផុត​​ក្នុង​វិវាទ​ប៉ាតង់​ទូទាំង​ពិភព​លោក​របស់​យើង​ ដែល​បង្ខំ​​​ឲ្យ​​​ក្រុមហ៊ុន​ Apple ទទួល​ខុស​ត្រូវ​លើ​ការ​​​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​មាន​តម្លៃ​របស់​យើង​ដោយ​មិន​បាន​ចំណាយ​សម្រាប់​បច្ចេកវិទ្យា​ទាំង​​នោះ​»។​


តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Qualcomm ដែល​បាន​បិទ​នៅ​ពេល​ជួញដូរ​ពេល​ថ្ងៃ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ កើន​ឡើង ​២,២​ ភាគរយ​ដល់​ ៥៦,​៦០​ ដុល្លារ​ក្នុង​ ១ ហ៊ុន។​


ប៉ាតង់​ដ៏​សំខាន់​ក្នុង​ករណី​ជម្លោះ​​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង «បច្ចេកវិទ្យា flashless booting» ដែល​​អាច​ឲ្យ​ទូរស័ព្ទ​ត​ភ្ជាប់​យ៉ាង​រហ័ស​ទៅ​នឹង​អ៊ីនធឺណិត បន្ទាប់​ពី​ត្រូវ​បាន​បើក​ដំណើរការ​ និង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដែល​អនុញ្ញាត​ឲ្យ​កម្ម​វិធី​របស់​ទូរស័ព្ទ​ស្មាតហ្វូន ងាក​ទៅ​រក​​ទិន្នន័យ​អនឡាញ​​​ប្រកប​ដោយ​ប្រសិទ្ធភាព​។​


ប៉ាតង់​ទី ៣ ក្នុង​ជម្លោះ​នេះ​ មាន​ការ​ជាប់​ទាក់ទង​នឹង​ការ​លើក​កម្ពស់​​ក្រាហ្វិក​ហ្គេម​ដ៏​សម្បូរ​​បែប ខណៈ​ដែល​ការពារ​រយៈពេល​ប្រើប្រាស់​​ថ្ម។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន Qualcomm ​។​

សមរភូមិ​ផ្សេង​មួយ​ទៀត​នៅ​ក្នុង​សង្គ្រាម​ផ្លូវ​ច្បាប់​ដ៏​ស្មុគស្មាញ​រវាង​ក្រុមហ៊ុន​ទាំង ២ ​របស់​​អាមេរិក​នេះ ចៅ​ក្រម​​សហព័ន្ធ​រដ្ឋ​ Southern California កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្ដី​សម្រេច​បឋម​មួយ​ថា ​ក្រុមហ៊ុន​ Qualcomm ជំពាក់​​ក្រុមហ៊ុន Apple ជិត​ ១ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ការ​ទូទាត់​​ប្រាក់​សំណង​សួយសារ​​ប៉ាតង់ ដែល​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​មួយ​នេះ​កំពុង​កត់​ទុក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន​អាមេរិក​។​

ក្រុមហ៊ុន​ Apple បាន​ប្ដឹង​ក្រុមហ៊ុន Qualcomm ​​២ ឆ្នាំ​កន្លង​មក​ហើយ​ពី​បទ​ការ​ទូទាត់​​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​​​​កិច្ចសន្យា​មួយ។ សេច​ក្ដី​សម្រេច​​របស់​ចៅក្រម​នេះ នឹង​​ត្រូវ​ផ្អាក​រហូត​ដល់​​ក្រោយ​ពី​មាន​ការ​កាត់​ក្ដី​នៅ​ក្នុង​ករណី​នេះ។​

ក្រុមហ៊ុន Apple ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ។​

ក្រុមហ៊ុន Qualcomm ​កាល​ពី​ចុង​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​សង្គ្រាម​ផ្លូវ​ច្បាប់​មួយ​កាន់​តែ​ខ្លាំង​ឡើង​ជា​មួយ​ក្រុមហ៊ុន​ Apple ដោយ​ចោទ​ប្រកាន់​​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ iPhone មួយ​នេះ​ពី​បទ​លួច​ព័ត៌មាន​សម្ងាត់ និងការ​ចែកចាយ​ព័ត៌មាន​ទាំង​នេះ​ជា​មួយ​នឹង​ក្រុមហ៊ុន Intel ដែល​ជា​​​ក្រុមហ៊ុន​ដៃគូ​​​ប្រជែង​ផលិត​បន្ទះ​ឈីប​ទូរស័ព្ទ​ចល័ត។ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ៕​ AFP/LA