ភ្នំពេញៈ មន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Renaisance Minerals (Cambodia) ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​ក្លាយ​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​ប្រតិបត្តិការ​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​ទាញ​យក​រ៉ែ​មាស​នៅក្នុង​ខេត្តមណ្ឌលគិរី​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២១​។

លោក យស មុនីរ័ត្ន អគ្គនាយក​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​នៃ​ការរុករក​លើ​ទីតាំង​នេះ និង​អណ្ដូងរ៉ែ​ជាច្រើន​ត្រូវ​បាន​ខួង នៅពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំក្រោយ​។ ​លោក​ថ្លែងថា​៖ «​វា​វិជ្ជមាន​បំផុត​សម្រាប់​វិស័យ​រុករក​រ៉ែ​របស់​យើង ខណៈ​ក្រុមហ៊ុន Renaisance ធ្វើឲ្យ​ឧស្សាហកម្ម​នេះ​ក្លាយ​ជា​ការរុករករ៉ែ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ប្រទេស​របស់​យើង​»​។


លោក យស មុនីរ័ត្ន ឲ្យ​ដឹងថា​ សម្រាប់​គម្រោង​នេះ​ក្រុមហ៊ុន​អាច​ផលិត​មាសដុំ​ដែល​នឹងធ្វើ​ការនាំ​ចេញ​ទៅ​កែច្នៃ​ទៅ​ជា​មាសសុទ្ធ​រហូតដល់​ ៩៩,៩៩ ​សម្រាប់​ការលក់​នៅលើ​ទីផ្សារ​។ លោក​បន្តថា​៖ «​មាស​ដែល​ក្រុមហ៊ុន​ទាញ​យក​អាច​ត្រូវ​កែច្នៃ​នៅទីនេះ​មាន​តែ​មាសដុំ ប៉ុណ្ណោះ និង​បន្ទាប់មក​ពួកគេ​នឹង​ធ្វើការ​នាំចេញ ដោយសារ​តែ​យើង​មិន​មាន​លទ្ធភាព​ក្នុង​ការកែច្នៃ​ជា​មាសសុទ្ធ ៩៩,៩៩ ​នោះទេ​»​។


របាយការណ៍​ប្រចាំឆ្នាំ​បាន​ពី​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ១១ ខែ​កុម្ភៈ ពេលនេះ​ក្រុមហ៊ុន Renaissance កំពុង​សាងសង់​រោងចក្រ​កែច្នៃ​ដែល​នឹង​អាច​ផលិត​ប្រហែល​ ២,៨ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​ហើយ​រំពឹងថា ចាប់ផ្ដើម​ការទាញ​យក​ចាប់ពី​ឆ្នាំ​ ២០២១​។


Outotec ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កែច្នៃ​ប្រទេស​ហ្វាំងឡង់​ត្រូវ​បាន​ផ្ដល់​កិច្ចព្រមព្រៀង​ពី Renaissance Minerals (Cambodia) Limited ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL សម្រាប់​ការផ្ដល់​ឧបករណ៍​កែច្នៃ​ដល់​គម្រោង​រ៉ែ​មាស​អូរខ្វាវ​។


រ៉ែមាស​ ២ ​លាន​តោន​ក្នុង​មួយ​ប្រតិបត្តិការ​ក្នុង​ ១ ​ឆ្នាំ​នឹង​ជា​គម្រោងការ​រុករក​រ៉ែ​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​នៅក្នុង​ប្រទេស​នេះ​។ ការ​ដំណើរការ​គម្រោង​នេះ​ត្រូវ​រំពឹង​ថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​។


លោក​បន្តថា​៖ «​យើង​រីករាយ​ក្នុង​ការធ្វើ​ជា​ផ្នែក​មួយ​នៃ​គម្រោង​កែច្នៃ​មាស​ដ៏សំខាន់​លើក​ដំបូង​របស់​កម្ពុជា​ជាមួយ​នឹង​ក្រុម​អភិវឌ្ឍន៍​គម្រោង​រ៉ែ​មាស​ដែលមាន​សមត្ថភាព​ខ្ពស់​បំផុត​របស់​ក្រុមហ៊ុន Emerald​។ ​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន Outotec ដូចជា​ការកិន​ល្អ​បំផុត​ប្រកប​ដោយ​ប្រសិទ្ធភាព​ថាមពល ការបង្ហាញ​បច្ចេកវិទ្យា​អាជីវកម្ម​សម្រាប់​រ៉ែ​ស្ពាន់ធ័រ​កម្រិត​ទាប និង​បច្ចេកវិទ្យា​ដែល​ធ្វើឲ្យ​ក្រាស់​ល្អ​បំផុត​អាច​ឲ្យ​អតិថិជន​របស់​យើង​រកប្រាក់​ចំណេញ​អាជីវកម្ម​ប្រកប​ដោយ​ស្ថិរភាព​។

លោក Paul Sohlberg ប្រធាន​អាជីវកម្ម​កែច្នៃ​រ៉ែ​របស់​ក្រុមហ៊ុន Outotec បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ការបញ្ជាទិញ​នេះ​នឹង​ពង្រឹង​តួនាទី​របស់​ក្រុមហ៊ុន Outotec ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​នៃ​បច្ចេកទេស​កែច្នៃ​រ៉ែ​ទំនើប​នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។

កាលពី​ខែវិច្ឆិកា​លោក Morgan Hart នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Emerald Resources បាន​ឲ្យ​ដឹងថា Renaissance Minerals (Cambodia) Ltd ជា​ក្រុម​បុត្រសម្ព័ន្ធ​របស់ខ្លួន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​រ៉ែមាស​នៅ​តំបន់​អូខ្វាវ​នៅក្នុង​ខេត្តមណ្ឌលគិរី​។

លោក​បន្តថា​៖ «​យើង​រីករាយ​ក្នុង​ការសហការ​ជាមួយ​ភាគី​ទាំងអស់ ខណៈ​ដែល​យើង​កំពុងស្ថិត​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​គម្រោង​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ក្លាយជា​គម្រោង​រុករក​រ៉ែ​មាស​ឈានមុខ​គេ និង​ទំនើប​បំផុត​មួយ​នៅក្នុង​ប្រទេស​ កម្ពុជា​។ យើង​នឹង​បង្កើត​ស្ដង់ដា​សម្រាប់​ការអភិវឌ្ឍ​រ៉ែ​ប្រកប​ដោយ​ការទទួលខុសត្រូវ​នៅ​កម្ពុជា​ដែល​គ្រប់គ្នា​មាន​មោទនភាព​»​។

លោក យស មុនីរ័ត្ន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​នេះ​នូវ​អាជ្ញាប័ណ្ណ​រុករករ៉ែ​កាលពី​ខែ​កក្កដា​ឆ្នាំមុន​ដោយ​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ ១១,៥ ​គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​គម្រោង​រ៉ែ​មាស​អូរខ្វាវ​នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​មណ្ឌលគិរី​។

អាជ្ញាប័ណ្ណ​នេះ​នឹង​មាន​រយៈពេល​ ១៥ ​ឆ្នាំ និង​អាច​ត្រូវបាន​បន្ត​ជាថ្មី​រយៈពេល​ ១០ ​ឆ្នាំ​បន្ថែមទៀត​ក្នុង​រយៈពេល​ ២ ​ដង​។ បច្ចុប្បន្ន​ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រហែល​ ៣៧ កំពុង​រុករក​នៅក្នុង​ខេត្ត​សំខាន់ៗ​ ៤ រួមមាន​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​៕LA