ទីក្រុងសេអ៊ូលៈ តួលេខ​ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Samsung Electronics ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន និង​បន្ទះឈីប​មេម៉ូរី​ធំជាងគេ​របស់​ពិភពលោក​ដែល​បាន​ប៉ាន់​ប្រមាណ​ឃើញ​កើនឡើង​ ២,៧ ​ភាគរយ​នៅ​ត្រីមាស​ទី​ ១​។

ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹង​នៅក្នុង​ការប៉ាន់ប្រមាណ​ប្រាក់ចំណេញ​ថា ប្រាក់ចំណេញ​ប្រតិបត្តិការ​ក្នុង​ត្រីមាស​ទី​ ១ ​ត្រូវ​បាន​រំពឹងថា​នឹង​មាន​ប្រហែល​ ៦,៤ ​ពាន់​ពាន់​លាន​វ៉ុន​ ($៥,២ ​ពាន់​លាន​) កើនឡើង​ ២,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។


ការលក់​មាន​ចំនួន​ ៥៥ ​ពាន់-ពាន់​លាន​វ៉ុន​បាន​កើនឡើង​ ៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។


ប៉ុន្តែ​ផ្លូវ​ដ៏ពិបាក​ត្រូវបាន​រំពឹងថា​នឹងមាន​នាពេលខាងមុខ​សម្រាប់​ក្រុមហ៊ុន​ប្រទេស​កូរ៉េខាងត្បូង​មួយ​នេះ​ជាមួយ​នឹង​ការព្យាករ​សេដ្ឋកិច្ចពិភពលោក​ថា នឹង​ធ្លាក់ចុះ ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា​ជំរុញ​ឲ្យ​មាន​ការកាត់បន្ថយ​បុគ្គលិក និង​រារាំង​ដល់​តម្រូវការ​អតិថិជន​។


យោង​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​មាន​មូលដ្ឋាន​នៅ​ហុងកុង Counterpoint ការលក់​ទូរស័ព្ទ​ស្មាតហ្វូន​លើ​ពិភពលោក​បាន​ធ្លាក់ចុះ ១៤ ​ភាគរយ​កាលពី​ខែកុម្ភៈ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ជាមួយ​ប្រទេស​ចិន ដែល​មើលឃើញ​ការធ្លាក់ចុះ​ជិត ៤០ ​ភាគរយ​។


នៅពេល​ប្រៀបធៀប​នឹង​អំឡុងពេល​ពី​ខែតុលា​ដល់​ខែធ្នូ​កាលពី​ឆ្នាំ​មុន ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Samsung បាន​ធ្លាក់ចុះ​ ១០,៦ ​ភាគរយ​ដែល​បង្ហាញ​វីរុស​កូរ៉ូណា​ថ្មី​បាន​រង​ផលប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​ដល់​ក្រុមហ៊ុន​របស់ខ្លួន​ជុំវិញ​ពិភពលោក​។


តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​ខ្ពស់បំផុត​កាលពី​ខែមករា ប៉ុន្តែ​បាន​ធ្លាក់ចុះ​ជិត​ ២០ ​ភាគរយ​ចំពេល​ការបារម្ភ​ដោយសារ​តែ​ការរីករាលដាល​វីរុស​កូរ៉ូណា និង​ផលវិបាក​សេដ្ឋកិច្ច​របស់ខ្លួន​។

តម្លៃ​ភាគហ៊ុន​ Samsung ​កើនឡើង​កាន់តែ​ខ្ពស់ ២,៥ ​ភាគរយ​កាលពី​ថ្ងៃ​អង្គារ​។

ក្រុមហ៊ុន Samsung Electronics មាន​តួនាទី​សំខាន់​ចំពោះ​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​។

វា​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដ៏សំខាន់​របស់​ក្រុមហ៊ុន​ឈានមុខ​គេ Samsung Group ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៃ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដែល​គ្រប់គ្រង​បែប​លក្ខណៈ​គ្រួសារ​ដែល​គ្របដណ្ដប់​អាជីវកម្ម​លើ​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ១២ របស់​ពិភពលោក​មួយ​នេះ​៕LA