ភ្នំពេញ: យ៉ាងហោចណាស់​ក្រុមហ៊ុន​ ៩ ​ថ្មី​ទៀត​ត្រូវបាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) ​បាន​សម្រេច​អនុម័ត​ជាគោលការណ៍​លើ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​សមភាគី​កណ្តាល​ជើងសា​ឧបករណ៍​និស្សន្ទ គ្រប់គ្រង​មូលនិធិ ថែរក្សា​ទ្រព្យ​សម្បត្តិ​ជំនួស និង​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​សម្រេច​ចុះបញ្ជី​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ទាំងនេះ​នៅពេល​ខាងមុខ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ SECC ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹងថា SECC ​បាន​សម្រេច​អនុម័ត​ជាគោលការណ៍​លើ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​សមភាគី​កណ្តាល​ ១ ​បន្ថែម​ទៀត​គឺ​ក្រុមហ៊ុន Golden Fortune Derivatives Exchange​។


ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ ៣ រួមមាន ក្រុមហ៊ុន M M Foreign Exchange ក្រុមហ៊ុន NYFX និង​ក្រុមហ៊ុន Y.A.I Trading​។


ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ៣ ​បន្ថែម​ទៀត​ដូចជា ក្រុមហ៊ុន Rai Capital (Cambodia) ក្រុមហ៊ុន JB Phnom Penh Asset Management Plc. និង​ក្រុមហ៊ុន Royal Group Funds ព្រមទាំង​អនុម័ត​ជាគោលការណ៍​លើ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ឱ្យ​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ ១ ​គឺ​ក្រុមហ៊ុន Royal Group Trustee​។


ជាមួយ​គ្នា​នេះ SECC ​ក៏បាន​អនុម័ត​ជាគោលការណ៍​លើ​ការស្នើសុំ​អាជ្ញាប័ណ្ណ​បន្ថែម​អាជីវកម្ម និង​ការអនុញ្ញាត​បន្ថែម​អាជីវកម្ម​របស់​ក្រុមហ៊ុន Cambodian Investors Capital Partners Plc. និង​ផ្តល់​ការអនុញ្ញាត​ជាគោលការណ៍​លើ​ការស្នើសុំ​ការអនុញ្ញាត​បន្ថែម​អាជីវកម្ម​របស់​ក្រុមហ៊ុន A.U Reits Co.​។


SECC ក៏​អនុម័ត​ជា​គោលការណ៍​លើ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន SF Capital Co. ព្រមទាំង​អនុម័ត​ជាគោលការណ៍​លើ​សំណើសុំ​ការអនុញ្ញាត​បន្ថែម​ផលិតផល​ឧបករណ៍​និស្សន្ទ​ដែល​ត្រូវធ្វើ​ការជួញដូរ​របស់​ក្រុមហ៊ុន Cambodian Derivatives Exchange Co.​។


លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទីផ្សារ​មូលបត្រ​សម្រាប់​និរន្តរភាព​អាជីវកម្ម​នៅ​កម្ពុជា​កាលពី​ដើម​សប្តាហ៍​នេះ​ថា SECC ​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើន​ការផ្សព្វផ្សាយ​ការយល់ដឹង​ពី​វិស័យ​មូលបត្រ​កម្ពុជា​ទៅដល់​សហគ្រាស​ពាណិជ្ជកម្ម​សក្តានុពល ដើម្បី​ទាក់ទាញ​ពួកគេ​ឲ្យ​ចូលរួម​។

ទិន្នន័យ​បាន​ពី CSX រហូត​មក​ដល់​ពេលនេះ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៣ ក្នុងនោះ​ក្រុមហ៊ុន ៧ ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន ៦ ​ផ្សេងទៀត​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន ១៣ នេះ​បាន​ប្រមូល​មូលនិធិ​រួមគ្នា​បាន​ប្រហែល ២៥៣ លាន​ដុល្លារ​៕ LA