ក្រុងបាកដាដៈ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃ ១,៣ ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុផលិតផលឧស្សាហកម្ម Siemens របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន Orascom Construction របស់ប្រទេសអេហ្ស៊ីប ដើម្បីសាងសង់ឡើងវិញនូវរោងចក្រថាមពលដ៏ធំមួយនៅក្នុងទីក្រុងបៃជី (Baiji) ភាគខាងជើងរបស់ទីក្រុងបាកដាដដែលរងការបំផ្លិចបំផ្លាញ។
កិច្ចព្រមព្រៀងថ្មីនេះគឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវថាមពលកាន់តែទូលំទូលាយមួយដែលប្រទេសអ៊ីរ៉ាក់បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Siemens កាលពីដើមឆ្នាំនេះក្នុងគោលបំណងបញ្ចេញថាមពលទំហំ ១១ ជីហ្គាវ៉ាត់ទៅក្នុងវិស័យថាមពលដែលខ្វះខាតរបស់ប្រទេសអ៊ីរ៉ាក់។
នៅពេលថ្មីៗ អ៊ីរ៉ាក់ផលិតថាមពលបានប្រហែល ១៥ ជីហ្គាវ៉ាត់ ដែលទាបជាងឆ្ងាយធៀបនឹងតម្រូវដែលមានប្រហែល ២៤ ជីហ្គាវ៉ាត់។
រោងចក្រទី ១ និងទី ២ នៅទីក្រុង Baiji ព្រមទាំងរោងចក្រចម្រាញ់ប្រេងដ៏ធំមួយនៅក្បែរនោះត្រូវបានបំផ្លាញក្នុងការប្រយុទ្ធគ្នារយៈពេល ៣ ឆ្នាំប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម បន្ទាប់ពីក្រុមនេះបានលុកលុយ ១ ភាគ ៣ នៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០១៤។
សង្កាត់ជាច្រើនរបស់ទីក្រុង Baiji នៅតែទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលទីវាលនៅជុំវិញនោះត្រូវបានដាក់ពង្រាយដោយគ្រាប់មិនទាន់ផ្ទុះ ហើយតំបន់នេះត្រូវបានគ្រប់គ្រងដោយបណ្ដាញដ៏ស្មុគស្មាញនៃក្រុមយោធាប៉ារ៉ា។
កាលពីថ្ងៃសៅរ៍លោក Luay al-Khateeb រដ្ឋមន្ដ្រីក្រសួងអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់បានចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងបាកដាដជាមួយលោក Joe Kaeser អគ្គនាយកក្រុមហ៊ុន Siemens និងលោក Osama Bis-hai ប្រធានក្រុមហ៊ុន Orascom ។
លោក Khateeb បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «កិច្ចព្រមព្រៀងដែលមានតម្លៃ ១,៣ ពាន់លានដុល្លារនេះនឹងបន្ថែមថាមពលរហូតដល់ ១,៧ ជីហ្គាវ៉ាត់ដល់អគ្គិសនី»។
ក្រុមហ៊ុន Siemens ឲ្យដឹងថា ការកែលម្អរោងចក្រឡើងវិញនឹងត្រូវការរយៈពេល ២៨ ខែដែលចាប់ផ្ដើមនៅពេលគណៈរដ្ឋមន្ដ្រីរបស់ប្រទេសអ៊ីរ៉ាក់ អនុម័តកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយត្រូវសម្រេចបាន។
អគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ត្រូវបានរងការបំផ្លិចបំផ្លាញដោយជម្លោះរយៈពេលជាច្រើនទសវត្សរ៍ និងការថែទាំងមិនល្អដែលបណ្ដាលឲ្យមានការកាត់ផ្ដាច់ថាមពលដ៏រ៉ាំរ៉ៃនៅទូទាំងប្រទេស។
ប្រទេសអ៊ីរ៉ាក់ទិញអគ្គិសនី និងនាំចូលឧស្ម័នធម្មជាតពីអ៊ីរ៉ង់ ដើម្បីបំពេញការខ្វះខាត និងផ្គត់ផ្គង់រោងចក្រថាមពលរបស់ខ្លួន៕ LA