ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន S&P ដែល​ជា​ទី​ភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​ពិភព​​លោក កាល​ពី​ចុង​សប្តាហ៍​​​មុន​បាន​ដំឡើង​ចំណាត់​ថ្នាក់​បំណុល​របស់​ប្រទេស ​ព័រទុយហ្គាល់ ដោយ​លើក​ឡើង​ពី​ការ​ធ្លាក់ចុះ​កម្រិត​បំណុល​របស់​ប្រទេស​នេះ និង​ការ​រំពឹង​ទុក​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​តុល្យភាព។

សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ការ​ដំឡើង​ចក្ខុវិស័យ​របស់​ប្រទេស​នេះ​កាល​​ពី​ខែ​កញ្ញា ខណៈ​ដែល​ប្រទេស​នេះ​ដែល​បាន​​បង្ក​ក្តី​បារម្ភ​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​នា​ពេល​កន្លង​មក​នោះ បន្ត​ភាព​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន។


ក្នុង​ឆ្នាំ ២០១៤ ​ព័រទុយហ្កាល់ បាន​ចាកចេញ​ពី​កម្មវិធី​ថវិកា​សង្គ្រោះ​អន្តរជាតិ ដែល​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​​​​វិបត្តិ​បំណុល​​ក្នុង​សហភាព​​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​កម្រិត​ខ្លាំង។


ទី​ភ្នាក់ងារ S&P បាន​ដំឡើង​ចំណាត់​ថ្នាក់​បំណុល​របស់​ខ្លួន​ដល់​កម្រិត «BBB» ដែល​ជា​កម្រិត​មធ្យម​កម្រិត​ទាប ដោយ​មាន​ចក្ខុវិស័យ​ស្ថិរភាព ពី​ចំណាត់​​ថ្នាក់ «BBB-»។


ទី​ភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ ព័រទុយហ្គាល់ គួរ​បន្ត​រក្សា​ឲ្យ​មាន​អតិរេក​ថវិកា កាត់​បន្ថយ​ជា​លំដាប់​នូវ​អនុបាត​បំណុល​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) ខណៈ​ដែល​ព្យាយាម​សម្រេច​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​នៅ​ចន្លោះ​​ពី ១,៥ ទៅ ១,៧ ភាគរយ​រហូត​ដល់​ឆ្នាំ ២០២១។


ទី​ភ្នាក់ងារ S&P បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អតិរេក​ថវិកា​បឋម​កាល​ពី​ឆ្នាំ​ដែល​មាន​ជិត ៣ ភាគរយ​នៃ ផ.ស.ស គឺ​ជា «កម្រិត​ខ្ពស់​មួយ​ក្នុង​ចំណោម​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់​អឺរ៉ូ»។


S&P បាន​ឲ្យ​ដឹង​ទៀត​ថា ផែនការ​របស់​ក្រុង​លីសបោន ​ដើម្បី​ប្រតិបត្តិការ​អតិរេក​រួម​នៅ​ឆ្នាំ​ក្រោយ អាច​ជឿ​ទុក​ចិត្ត​បាន៕ AFP/KC