ក្រុងតូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត Toyota របស់​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់​ជិត ៤០០ ​លាន​ដុល្លារ​ លើ​ក្រុមហ៊ុន​មួយ​ដែល​ធ្វើការងារ​លើ​រថយន្ត​អគ្គិសនី​ហោះ​ពាណិជ្ជកម្ម​សម្រាប់​ «​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​រហ័ស ស្ងាត់ និង​តម្លៃ​ទាប​»​។

ការវិនិយោគ​លើ​ក្រុមហ៊ុន Joby Aviation ធ្វើឡើង ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​មួយ​នេះ​ស្វែងរក​ការពង្រីក​ទៅក្នុង​វិស័យ​ថ្មីៗ ដោយសារ​តែ​ឧស្សាហកម្ម​រថយន្ត​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ដោយ​លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota បាន​សន្យាថា នឹង​ផ្លាស់ប្តូរ​ក្រុមហ៊ុន​នេះ «​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ទៅជា​ក្រុមហ៊ុន​ចល័ត​មួយ​»​។


លោក Toyoda បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ប្រកាស​អំពី​ការវិនិយោគ​នេះ​ថា​៖ «​ការដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​គឺជា​ទិសដៅ​រយៈពេល​វែង​សម្រាប់​ក្រុមហ៊ុន Toyota ហើយ ខណៈ​ដែល​យើង​បន្ត​ការងារ​របស់​យើង​នៅក្នុង​អាជីវកម្ម​រថយន្ត កិច្ចព្រមព្រៀង​នេះ​ជួយ​សម្រេច​ចក្ខុវិស័យ​របស់​យើង​»​។


លោក​បន្តថា​៖ «​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ថ្មី និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ យើង​សង្ឃឹមថា​នឹង​ផ្ដល់​សេរីភាព​នៃ​ការធ្វើ​ដំណើរ និង​ភាព​រីករាយ​ដល់​អតិថិជន​គ្រប់ៗ​គ្នា​នៅលើ​ដី ហើយ​នៅពេល​នេះ​នៅលើ​អាកាស​»​។


ដោយបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០០៩ ក្រុមហ៊ុន Joby Aviation កំពុង​អភិវឌ្ឍ​យន្តហោះ​អគ្គិសនី​ដឹក​អ្នកដំណើរ ៤ នាក់​ដែល​ហោះហើរ និង​ចុះចត​ដោយ​ត្រង់​ដូចជា​ឧទ្ធម្ភាគចក្រ ទោះ​ជា​វា​មាន​កង្ហារ​ច្រើនក្តី​។


ក្រុមហ៊ុន​នេះ​ចាត់ទុក​យន្តហោះ​នេះ​ជា​ទម្រង់​នៃ​ការដឹកជញ្ជូន​ពាណិជ្ជកម្ម មិនមែន​សម្រាប់​លក់​ឲ្យ​បុគ្គល​នោះទេ​។


ក្រុមហ៊ុន Toyota បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​ខ្លួន​ក៏​នឹង​ផ្ដល់ «​ជំនាញ​ខាង​ការផលិត គុណភាព និង​ការគ្រប់គ្រង​ចំណាយ​សម្រាប់​ការអភិវឌ្ឍ និង​ការផលិត​» យន្តហោះ​របស់​ក្រុមហ៊ុន Joby ផងដែរ​។

ក្រុមហ៊ុន Toyota បាន​ឲ្យ​ដឹងថា លោក Shigeki To-moyama ដែល​ជា​អនុប្រធាន​ម្នាក់​ក្នុង​ចំណោម​អនុប្រធាន​ប្រតិបត្តិ​ជាច្រើន​របស់​ខ្លួន​នឹង​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Joby ដែល​ក្រុមប្រឹក្សាភិបាល​នេះ «​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការកំណត់​ទិសដៅ​យុទ្ធសាស្ដ្រ​»​។

ក្រុមហ៊ុន Joby បាន​ធ្វើជា​ដៃគូ​រួចហើយ​ជាមួយ​ក្រុមហ៊ុន Uber ដែលជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ ដើម្បី​អភិវឌ្ឍ «​សេវា​តាក់ស៊ី​អាកាស​នៅ​ទីក្រុង​»​។

ក្រុមហ៊ុន Toyota បាន​វិនិយោគ​ក្នុង​វិស័យ​យានយន្ត​ហោះហើរ​កន្លែង​ផ្សេងទៀត ដោយ​វិនិយោគ​លើ​គម្រោង SkyDrive របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​អ្វី​ដែល​ជា​គោលបំណង​ក្នុង​ការក្លាយ​ជា​រថយន្ត​ហោះហើរ​ខ្នាតតូច​បំផុត​របស់​ពិភពលោក​។

ក្រុមហ៊ុន Toyota ក៏បាន​ពង្រីក​ក្នុង​វិស័យ​ផ្សេងទៀត​ផងដែរ ដោយ​បាន​ប្រកាស​នៅក្នុង​ពិព័រណ៌​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​នៅ​ទីក្រុង Las Vegas នៅ​ខែ​នេះ​ពី​ផែនការ​របស់ខ្លួន​សម្រាប់ «​ទីក្រុង​តម្បាញ​» មួយ​នៅ​ជើងភ្នំ​ហ្វ៊ូជី ដែល​នឹង​ត្រូវបាន​ដំណើរការ​ដោយ​ថាមពល​ឥន្ធនៈ​អ្រ៊ីដូសែន និង​រួមទាំង​ផ្លូវថ្នល់​សម្រាប់​រថយន្ត​ស្វ័យ​បើកបរ​ព្រមទាំង​លំនៅឋាន​វៃឆ្លាត​៕ LA