ក្រុងស៊ីដនីៈ ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen (VW) បាន​យល់ព្រម​បង់ប្រាក់​ចំនួន ១២៧ ​លាន​ដុល្លារ​អូស្ត្រាលី (៨៧,៣ ​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ដោះស្រាយ​បណ្តឹង​រួមគ្នា​ដែល​ដាក់​ដោយ​អ្នកបើកបរ​ជនជាតិ​អូស្ត្រាលី​ជុំវិញ​រឿងអាស្រូវ​បោកប្រាស់​ទិន្នន័យ​បញ្ចេញ​កាបូន​របស់​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​។ នេះ​បើតាម​មេធាវី​របស់​អ្នកដាក់ពាក្យ​ប្តឹង​នៅ​ថ្ងៃ​ចន្ទ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​របស់​អាល្លឺម៉ង់​នេះ​ដែល​កាន់កាប់​ម៉ាក​យីហោ​រថយន្ត​ជាច្រើន​រាប់​ចាប់ពី​រថយន្ត​ប្រណីត Audi រហូតដល់​រថយន្ត​តម្លៃថោក Skoda ឲ្យ​ដឹង​កាលពី​ឆ្នាំ​ ២០១៥ ថា​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ចំនួន ១១ ​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​បាន​រង​ប៉ះពាល់​ពី​រឿងអាស្រូវ​នេះ​។


ម្ចាស់​រថយន្ត​ប្រហែល ១ ​សែន​នាក់​នៅ​អូស្ត្រាលី​នឹង​អាច​ស្វែងរក​សំណង​ពី​ក្រុមហ៊ុន Volkswagen បាន​ស្ថិតក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ជាគោលការណ៍​ដែល​បាន​ព្រមព្រៀង​ដោយ​ក្រុមហ៊ុន​ដោយ​គ្មាន​ការ​សារភាព​ថា​នឹង​ទទួល​ខុសត្រូវ ប៉ុន្តែ​នៅតែ​ត្រូវ​ទទួល​បាន​ការអនុម័ត​ដោយ​តុលាការ​សហព័ន្ធ​។


លោក Julian Schimmel មេធាវី​របស់​ក្រុមហ៊ុន Maurice Blackburn ដែលជា​ក្រុមហ៊ុន​ស្ថិត​នៅ​ពីក្រោយ​បណ្តឹង​មួយ​ក្នុង​ចំណោម​បណ្តឹង​ជាច្រើន​នោះ​ថ្លែងថា​៖ «​នេះ​គឺជា​ជំហាន​ដ៏មាន​សារៈសំខាន់​មួយ​ក្នុង​ការផ្តល់​វិធានការ​យុត្តិធម៌ និង​កែតម្រូវ​កំហុស​ចំពោះ​អ្នកបើកបរ​ជនជាតិ​អូស្ត្រាលី​រាប់ពាន់នាក់ ដែល​អះអាង​ថា​ពួកគេ​បាន​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​បញ្ហា​បញ្ចេញ​កាបូន​របស់​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​នេះ​»៕ KC