ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា​បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ក្នុង​នាម​ជា «​ស្ថាប័ន​ការងារ​ឈានមុខ​គេ​នៅ​អាស៊ី​» ពី​ស្ថាប័ន Asia Corporate Excellence & Sustainability (ACES) កាលពីពេល​ថ្មីៗ​នេះ​។ នេះ​គឺជា​ឆ្នាំ​ទី ២ ហើយ​ដែល​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​ក្នុង​កម្មវិធី​ពានរង្វាន់​លំដាប់​អន្តរជាតិ​នេះ​បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​ឈាន​មុខ​ប្រចាំ​តំបន់​អាស៊ី​ក្នុង​សកម្មភាព​គាំទ្រ​សហគមន៍​» កាលពី​ឆ្នាំមុន​។ មេនូឡាយហ្វ៍ ខេមបូឌា ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ៦ នៅ​អាស៊ី និង​ជា​ក្រុមហ៊ុន​តែមួយគត់​ពី​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ពាន​កិត្តិយស​នេះ​។

ពានរង្វាន់​នេះ​ទទួល​ស្គាល់​ស្ថាប័ន​ដែល​ប្រកាន់ខ្ជាប់​យុទ្ធសាស្ត្រ​ដែល​យក​បុគ្គលិក​ជា​គោល និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់ និង​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​។ ការទទួល​ស្គាល់​នេះ​ដើរ​ស្របគ្នា​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​បេសកកម្ម​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុង​ការជួយ​ប្រជាជន​ក៏​ដូចជា​បុគ្គលិក​យើង​ឲ្យ​ធ្វើការ​សម្រេចចិត្ត​បាន​កាន់តែ​ងាយស្រួល និង​ជីវិត​កាន់តែ​ប្រសើរ​។


លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្រុមហ៊ុន មេនូឡាយហ្វ៍ យើង​មាន​ឆន្ទៈ​រួមគ្នា​ជា​សកល​ក្នុង​ការទទួល​យក​ភាព​ចម្រុះ​ដើម្បី​បង្កើត​បរិយាកាស​ការងារ​ដែល​ប្រកប​ដោយ​ភាពសម្បូរ​បែប​ចម្រុះ​គ្នា និង​ការរួបរួម​គ្នា​មួយ​ដែល​បុគ្គលិក​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​ទៅ តាម​ជំនាញ​របស់ខ្លួន​ដោយ​អស់ពី​សមត្ថភាព​។ ការធ្វើ​បែបនេះ​ផ្តល់​ឱកាស​ឲ្យ​ពួកគាត់​រីកចម្រើន​លូតលាស់​ទាំង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ​ក្នុង​ការបម្រើ​អតិថិជន ដៃគូ​អាជីវកម្ម និង​សហគមន៍​របស់​យើង​បាន​យ៉ាង​ល្អ​បំផុត​»​។


លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។


លោក​បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន​យើង​ទទួលបាន​ពានរង្វាន់​ដ៏មាន​កិត្យានុភាព​នេះ​។ ការទទួលស្គាល់​នេះ​នឹង​ជំរុញ​យើង​បន្ថែមទៀត​ក្នុង​ការបន្ត​នាំយក​នូវ​បទពិសោធ​កាន់តែ​ល្អឥតខ្ចោះ​ជូន​បុគ្គលិក​របស់​យើង ដែល​ជា​លទ្ធផល​អនុញ្ញាត​ឲ្យ​យើង​ជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ជូន​អតិថិជន​។ យើង​ជឿជាក់​ថា ភាពរីករាយ​របស់​បុគ្គលិក​នឹង​នាំមក​នូវ​ភាពរីករាយ​ដល់​អតិថិជន​»​។


លោកស្រី Shanggari Balak-rishnan អគ្គនាយិកា​ប្រតិបត្តិ​របស់ MORS Group ដែលជា​អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​នេះ​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យកចិត្ត​ទុកដាក់ និង​ទទួល​យក​នូវ​រាល់​ការបញ្ចេញ​មតិយោបល់​របស់​បុគ្គលិក វាយតម្លៃ​លើ​ការចូលរួម​របស់​បុគ្គលិក និង​ផ្តល់នូវ​អត្ថប្រយោជន៍​ការងារ​ដែល​មាន​ការប្រកួត​ប្រជែង​។ យុទ្ធសាស្ត្រ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​គុណតម្លៃ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មួយ​នេះ​»​។


លោក Jayanthi Desan សមាជិក​មួយរូប​របស់​គណៈកម្មការ​វាយតម្លៃ​ក្នុង​កម្មវិធី​ពានរង្វាន់ ACES បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្តោត​សំខាន់​លើ​ការផ្តល់​សិទិ្ធ​ស្មើគ្នា​ក្នុង​កន្លែង​ការងារ ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​ផ្តល់​ការយក​ចិត្ត​ទុកដាក់​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ហើយ​សកម្មភាព​ទាំងអស់​នេះ​បាន​ធ្វើឲ្យ មេនូឡាយហ្វ៍ ខេមបូឌា ក្លាយជា​សា្ថប័ន​ដែលមាន​លក្ខណ​ពិសេស​ស័ក្ដិសម​នឹង​ទទួល​បាន​ការទទួល​ស្គាល់​នេះ​។​»

ក្នុង​រយៈពេល​ជាង ៨ ឆ្នាំ​កន្លងមក​នេះ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ទទួល​ពានរង្វាន់​កិត្តិយស និង​លិខិត​សរសើរ​ជាច្រើន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​រួមមាន​៖

• ពានរង្វាន់​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​ប្រចាំឆ្នាំ (២០១៧ ដល់ ២០១៩) ទីក្រុង ហុងកុង

• ពានរង្វាន់​កិត្តិនាម​ក្រុមហ៊ុន​ឆ្នើម​ប្រចាំឆ្នាំ (២០១៨ ដល់ ២០១៩) ទីក្រុង ហុងកុង

• ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​សកម្មភាព​សង្គម​ប្រចាំឆ្នាំ (២០១៧ ដល់ ២០១៩) ទីក្រុង ហុងកុង

• ពាន​រង្វាន់​កិតិ្តនាម​ជា​ក្រុមហ៊ុន​ឆ្នើម (២០១៩ ដល់ ២០២០) ​ប្រទេស​ថៃ

• លិខិត​សរសើរ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (២០១៨ ដល់ ២០២០)៕