ជម្នះ​ការ​សាកល្បង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​ទស្សនៈ ​‘The Chief Way’

Content image - Phnom Penh Post
លោក បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធិ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ឈីហ្វ។

លោក​បណ្ឌិត សឿង ម៉ូរ៉ារិទ្ធិ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ឈីហ្វ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បង្ហាញ​ទៅ​នឹង​ការ​យល់​ឃើញ​ចំពោះ​វិស័យ​ធនាគារ​នៅ​លើ​ពិភព​លោក​ក្នុង​ឆ្នាំ ​២០២១ ដែល​អាច​មិន​ត្រឹមត្រូវ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​ពី​សំណាក់​ធនាគារ​នៅ​កម្ពុជា​ដែរ​។

បន្ទាប់​ពី​បាន​គេច​ផុត​ពី​ព្យុះ​ហិរញ្ញវត្ថុ​ធំៗ​ចំនួន​ពីរ​គឺ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ ​១៩៩៧ និង​វិបត្តិ​ហិរញ្ញវត្ថុ​សកល ២០០៧-២០០៨ ធនាគារ ឈី​ហ្វ បាន​និយាយ​ថា ពេល​នេះ​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​តទល់​នឹង​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ ​២០២១​ ខាង​មុខ ដែល​អាច​ត្រូវ​បាន​ញាំញី​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​ដ៏​សាហាវ ដោយ​មេរោគ​មួយ​នេះ​វា​ គឺ​ជា​សុបិន្ត​ដ៏​អាក្រក់​សម្រាប់​ថ្នាក់​ដឹកនាំ​សាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក​។​

លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធិ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​ក្រុមហ៊ុន ឈី​ហ្វ គ្រុប បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ជាច្រើន​លើក​ច្រើនសារ ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​យើង​កាន់​តែ​រឹងមាំ ដោយ​យើង​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ស្នូល​របស់​យើង​ដោយ​ប្រើប្រាស់​ភាព​ស្មោះត្រង់ ក្រមសីលធម៌ និង​ការ​វិនិយោគ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​»​។

លោក​បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធិ ថ្លែង​ថា​៖ «​បើ​ទោះបី​ជា​មាន​ការ​ព្យាករ​អំពី​ការ​ងើប​ឡើង​វិញ​មួយ​ផ្នែក​នៅ​មុន​ឆ្នាំ ២០២១ សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​ជា​លំដាប់​របស់​យើង​នៅ​ក្នុង​ផ្នែក​ប្រាក់​បញ្ជើរ​ ប្រាក់​កម្ចី និង​ផលិតផល​ និង​សេវាកម្ម​ផ្សេង​ទៀត​»​។

កំណើន​របស់​ធនាគារ ឈី​ហ្វ នៅ​តែ​បន្ត​កើន​ឡើង គិត​ចាប់​ពី​ការ​ចាប់​ផ្តើម​របស់​ខ្លួន​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ ​២០១៣ ដោយ​ដើម​ទុន​ដំបូង​មាន​ត្រឹមតែ ​១០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​បច្ចុប្បន្ន​ទ្រព្យសកម្ម​សរុប​របស់​ខ្លួន​បាន​កើន​ឡើង​ដល់​ជាង ១៤០ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ​១៦ ខែ ធ្នូ​ ឆ្នាំ ២០២០។

ធនាគារ​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​រក្សា​អត្រា​ប្រាក់​កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ត្រឡប់ ​(NPL) នៅ​អត្រា​សូន្យ គិត​ចាប់​តាំង​ពី​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​រហូត​មក​ដល់​បច្ចុប្បន្ន​។​

«​ជា​រួម ជំហរ​របស់​ធនាគារ​យើង​នៅ​តែ​មាន​សុខភាព​ល្អ រឹងមាំ ដែល​​យើង​នៅ​តែ​អាច​ស៊ូទ្រាំ​នឹង​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ ​១៩ ​នេះ​បាន ហើយ​នឹង​ធ្វើ​ឱ្យ​យើង​កាន់​តែ​ខ្លាំង​ជាង​មុន ជាមួយ​នឹង​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ខណៈ​កំពុង​ពើប​ប្រទេះ​នឹង​វិបត្ដិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​»​។ «​យើង​ជឿជាក់​ថា យើង​បាន​បង្ហាញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​កាល​ពី​ពេល​ថ្មីៗ ក្នុង​កំឡុង​ពេល​កំពុង​មាន​វិបត្តិ​នេះ គឺ​យើង​មាន​គ្រឿង​ផ្សំ​ទាំង​អស់​នោះ​»​។

លោក​បណ្ឌិត​បន្ថែម​ថា​៖ «​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ឆ្នាំ ​២០២១ ប្រកប​ដោយ​សុទិដ្ឋិនិយម​ជាមួយ​ការ​រៀបចំ​ឡើង​វិញ​របស់​យើង យើង​ជឿជាក់​ថា ​យុទ្ធសាស្ត្រ​របស់​យើង​ជាមួយ​នឹង​វិធីសាស្ត្រ​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​យើង ដើម្បី​អាជីវកម្ម​ជោគជ័យ​វា​នឹង​ជំរុញ​ឱ្យ​ធនាគារ​មាន​កំណើន​ប្រកប​ដោយ​ចីរភាព និង​គុណសម្បត្តិ​ប្រកួត​ប្រជែង​»​។​

ផ្នែក​សំខាន់​ពីរ​របស់​ធនាគារ គឺ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម និង​អតិថិជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​កំណើន​ជា​លំដាប់ ដោយសារ​តែ​ចំនួន​អតិថិជន​កើន​ឡើង និង​កំណើន​ផលប័ត្រ​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​។ «​ការ​ស្នើសុំ​ប្រាក់​កម្ចី​ចុះ​ថយ និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​កើន​ឡើង ប៉ុន្តែ​នៅ​ក្នុង​ទ្រង់ទ្រាយ​មួយ​តូច​ក្នុង​រយៈពេល​ដែល​ជំងឺ​រាតត្បាត​កំពុង​កើន​ឡើង​ខ្លាំង ហើយ​យើង​មាន​វិធានការ​ជាច្រើន​ ដើម្បី​ទប់ទល់​នឹង​ការ​បាត់បង់​ប្រាក់​កម្ចី​នា​ពេល​អនាគត ដែល​អាច​កើត​មាន​ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះ​»​។​

លោក​បណ្ឌិត ម៉ូ​រ៉ា​រិ​ទ្ធ មាន​ប្រសាសន៍​ថា​៖ «​ជំហរ​ដើមទុន​របស់​យើង​នៅតែ​រឹងមាំ ហើយ​ជំហរ​ហិរញ្ញវត្ថុ​របស់​យើង​ក៏​រឹងមាំ ដោយ​សារភាព​វិជ្ជមាន​នៃ​ប្រាក់​ចំណេញ​របស់​យើង និង​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​កើន​ឡើង​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​ធនាគារ ឈីហ្វ​»​។

លោក​បន្ថែម​ថា​៖ «​ប្រតិបត្តិការ​របស់​យើង​មាន​ប្រសិទ្ធភាព​ជាពិសេស​ក្នុង​ការ​ផ្តល់នូវ​កម្រិត​ថ្មី​នៃ​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជាមួយ​ការ​ផ្តល់​ឥណទាន​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​ការ​អនុវត្ត​គំរូ​ឥណទាន​ដែល​អាច​ទទួល​យក​បាន​ជា​ទូទៅ​។ ​ទស្សនៈ​សាជីវកម្ម​របស់​ធនាគារ ឈីហ្វ គឺ "The Chief Way" ដែល​តំណាង​ឱ្យ​ការ​ជឿ​ទុក​ចិត្ត​គ្នា ​និង​ភាពជា​ដៃគូ​ជាមួយ​អតិថិជន​របស់​ខ្លួន​​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់​បំផុត​៕​ ​

ព័ត៌មានថ្មីៗ