ឆ្នាំ ២០២០ យើងអាចនិយាយបានថាជាឆ្នាំមួយដែលជះឥទ្ធិពលអវិជ្ជមានទៅដល់ពិភពលោកទាំងមូល មិនថាតែប្រទេសកម្ពុជានោះទេ ដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងឆ្នាំ ២០២០ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងរង្វង់ប្រមាណជា ៤% ខណៈដែលការព្យាករក្នុងឆ្នាំ ២០២១ គឺសេដ្ឋកិច្ច កម្ពុជានឹងងើបឡើងវិញក្នុងរង្វង់ប្រមាណជា ៥,៤%។ ដោយយោងតាមការព្យាកររបស់ធនាគារពិភពលោកចេញខែធ្នូ ឆ្នាំ ២០២០ នេះ ការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment-FDI) នឹងហូរចូលមកកម្ពុជាដើម្បីវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យមិនមែនវាយនភណ្ឌ។
ចំណែកឯការនាំចេញវិញមានការកើនឡើង ដូចជាការនាំចេញកង់ បរិក្ខារអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត អង្ករ និងផលិតផលកសិកម្មជាដើម ហើយការកើនឡើងទៅលើទេសចរណ៍ក្នុងស្រុក ក៏ជាផ្នែកមួយក្នុងការជួយស្តារសេដ្ឋកិច្ចមួយផ្នែកផងដែរ។ ទាំងអស់នេះសុទ្ធតែជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។
ដោយឡែកបើយើងពិនិត្យមើលពីវិស័យមូលបត្រនៅកម្ពុជា គឺវាហាក់ដូចជាដើរផ្ទុយពីដំណើរនេះ ដោយហេតុថា ខណៈដែលវិស័យផ្សេងៗ ដូចជាវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម មានផលប៉ះពាល់ខ្លាំង។ យើងសង្កេតឃើញថា ចំនួនក្រុមហ៊ុនបោះផ្សាយមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលក្នុងឆ្នាំ ២០២០ នេះ យើងមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធាណៈចំនួន ២ បន្ថែមទៀត និងមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន ៣ បន្ថែមទៀត។ ក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២០ នេះ ទំហំមូលធនូបនីយកម្មទីផ្សារបានកើនឡើងប្រហែល ២៤២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដោយកើនឡើងពី ៧១៦ លានដុល្លារសហរដ្ឋអាមេរិក ដល់ ២ ៤៤៩ លានដុល្លារសហរដ្ឋអាមេរិក។
តាមរយៈទិន្នន័យទាំងនេះ ព្រមជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការជួយគាំទ្រដល់ប្រជាជនកម្ពុជា និងសហគ្រាសអាជីវកម្មដើម្បីជម្នះនូវស្ថានភាពដ៏លំបាកនេះ ព្រមទាំងក្រោមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា «ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះវិស័យ មូលបត្រនៅកម្ពុជា បើទោះបីជាអាចនឹងមានផលប៉ះពាល់ខ្លះចំពោះក្រុមហ៊ុនចុះបញ្ជីសក្តានុពល ក៏ប៉ុន្តែទីផ្សារមូលបត្រ គឺជាកន្លែងដ៏សមស្របមួយសម្រាប់សហគ្រាសកម្ពុជាស្វែងរកដើមទុនរយៈពេលវែង ព្រមជាមួយនឹងការលើកតម្កើងនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់នៅពេលដែលក្លាយជាក្រុមហ៊ុនចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា»។
ដើម្បីគាំទ្រនូវទស្សនៈសុទិដ្ឋិនិយមនេះមានកត្តាជាច្រើនដែលជាយានក្នុងការនាំទីផ្សារមូលបត្រឈានទៅមុខក្នុងឆ្នាំ ២០២១ ដូចជា ការរំពឹងទុកនូវការបោះផ្សាយលក់មូលបត្រជាសាធារណៈចំនួន ២ បន្ថែមទៀតនៅលើផ្សារមូលបត្រកម្ពុជា ដែលវិនិយោគិនអាចមានជម្រើសវិនិយោគបន្ថែម និងការលើកលែងកម្រៃពីការជួញដូររយៈពេលពេញ ១ ឆ្នាំសម្រាប់ ២០២១ ចំពោះវិនិយោគិនដែលប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត លើសពីនេះទៀត ផលិតផលថ្មីដែលហៅថាគម្រោងវិនិយោគរួម (Collective Investment Scheme-CIS) នឹងត្រូវបានដាក់ឱ្យមាននៅលើទីផ្សារសម្រាប់ជាជម្រើសថ្មីបន្ថែមដល់វិនិយោគិន។ កត្តាផ្សេងទៀតដែលជំរុញដល់ទីផ្សារ គឺការមិនទាន់យកពន្ធលើចំណេញមូលធន (Capital Gain) និងការកាត់បន្ថយពន្ធកាត់ទុក ៥០% លើភាគលាភ និង/ ឬការប្រាក់។ ចំពោះសកម្មភាពជួញដូរវិញ គឺរំពឹងថាទំហំជួញដូរមានកំណើន ដោយសារទីផ្សារមូលបត្របាននិងកំពុងក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់វិនិយោគិន។
ជាមួយគ្នានេះដែរ ចំនួនវិនិយោគិនកាន់តែកើនឡើងជាប្រចាំគឺលើសពី ៣ ០០០ នាក់ក្នុងឆ្នាំ ២០១៧ និងជិតដល់ ២៦ ០០០ នាក់ក្នុងឆ្នាំ ២០២០ នេះ។ កត្តាមួយទៀតគឺការយល់ដឹងរបស់សាធារណជនក៏ដូចជាវិនិយោគិន សក្តានុពលអំពីទីផ្សារមូលបត្រ និងអត្ថប្រយោជន៍ក្នុងការវិនិយោគមានការកើនឡើងជាលំដាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និង សិក្ខាសាលាដែលរៀបចំដោយ គ.ម.ក. និងអ្នកចូលរួមនៅក្នុងទីផ្សារដទៃទៀត។ ដូច្នេះខ្ញុំមានជំនឿយ៉ាងមុតមាំថា ទីផ្សារមូលបត្រនៅកម្ពុជានឹងបន្តដំណើរការកាន់តែល្អប្រសើរទៅមុខទៀត៕