ការធានាបាន​នូវ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​សណ្តាប់ធ្នាប់ គឺជា​បេសកកម្ម​របស់ គ.ម.ក.។ អាស្រ័យ​ហេតុនេះ ដើម្បី​ដើរ​ឱ្យ​ស្របតាម​បេសកកម្ម និង ចក្ខុវិស័យ​របស់ខ្លួន ការជំរុញ​ឱ្យមាន​ក្រុមហ៊ុន​ចុះបញ្ជី និង​ការជំរុញ​នូវ​សន្ទនីយ​ភាព​ទីផ្សារ គឺ​តែងតែ​ជា​ការងារ​គោល​របស់ គ.ម.ក. ដែល​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូលបត្រ​។ ទន្ទឹមនឹងនេះ ការធ្វើ​ពិពិធកម្ម​ផលិតផល​ហិរញ្ញវត្ថុ​នៅក្នុង​ទីផ្សារ​ក៏​ជា​គោលដៅ​យុទ្ធសាស្ត្រ​ឈានមុខ​ផងដែរ​។


នៅក្នុង​ឆ្នាំ​ ២០២១ យើង​រំពឹងថា​នឹង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​យ៉ាង​ហោចណាស់​ ២ បន្ថែមទៀត ហើយ​ការជួញដូរ មូលបត្រ​ក៏​នឹង​មាន​ភាពមមាញឹក និង​កើនឡើង​ផងដែរ​។ បន្ទាប់ពី​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ទីផ្សារ​មូលបត្រ គឺជា​ជម្រើស​ដ៏ល្អប្រសើរ​មួយ​សម្រាប់​ម្ចាស់​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ការប្រមូល​ដើមទុន​រយៈពេល​វែង សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន ព្រោះថា​ការប្រមូល​ដើមទុន​តាមរយៈ​ទីផ្សារ​មូលបត្រ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏ច្រើន​លើសលប់​ផ្សេងទៀត​ក្រៅពី​ដើមទុន ដូចជា​ការបង្ហាញ​ពី​តម្លាភាព និង​ទំនុកចិត្ត​សម្រាប់​ក្រុមហ៊ុន ដែល​ជា​តម្លៃ​គោល​មួយ​ក្នុង​ការជំរុញ​នូវ​និរន្តរភាព​អាជីវកម្ម​របស់​សហគ្រាស​។


ចំពោះ​ការជួញដូរ​មូលបត្រ​វិញទៀត​សោត វិនិយោគិន ក៏ដូចជា​សាធារណជន​អាច​នឹង​ពិចារណា​ក្នុង​ការរក្សា​សាច់ប្រាក់​មួយចំនួន​សម្រាប់​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​។ នាពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ក៏បាន​ធ្វើការ​ជូនដំណឹង​អំពី​ការជួញដូរ​តាមរយៈ​ប្រព័ន្ធ​ជួញដូរ​ចល័ត (Mobile Trading System-MTS) ដោយ​មិន​គិតថ្លៃ​សេវា​រហូតដល់​ចុងឆ្នាំ​ ២០២១ ផងដែរ ដែល​ការណ៍​នេះ​ជា​កត្តា​វិជ្ជមាន​មួយ​ដែល​ផ្តល់នូវ​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​ក្នុងការ​ដាក់​បញ្ជា​ជួញដូរ​មូលបត្រ​ជាមួយ​នឹង​ថ្លៃ​ចំណាយ​ទាប​ជាង​មុន​។


ទន្ទឹមនឹងនេះ​ផងដែរ ក្នុង​ឆ្នាំ​ ២០២១ យើង​ក៏​នឹងដាក់​ឱ្យ​ដំណើរការ​ផលិតផល​ហិរញ្ញវត្ថុ​ហៅថា គម្រោង​វិនិយោគ​រួម​ដែល​តាមរយៈ​វត្តមាន​នៃ​ផលិតផល​នេះ នឹង​ជំរុញ​ឱ្យ​សកម្មភាព​ជួញដូរ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ក៏ដូចជា​ជំរុញ​នូវ​ប្រសិទ្ធភាព​នៃ​ការប្រមូល​សាច់ប្រាក់​ដែល​នៅ​សេសសល់​នៅក្នុង​សេដ្ឋកិច្ច ឱ្យមាន​ដំណើរការ​រស់​រវើក​ផងដែរ​។ ការលើកកម្ពស់​ការយល់​ដឹង​តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ និង​ការពង្រឹង​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​តាមរយៈ​ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​ស្តង់ដា​វិជ្ជាជីវៈ​ជំនាញ​នៅក្នុង​ទីផ្សារ​មូលបត្រ​ក៏​ជា​ការងារ​អាទិភាព​ជា​យុទ្ធសាស្ត្រ​សម្រាប់ គ.ម.ក. ក្នុង​ឆ្នាំ​ ២០២១ ផងដែរ​។


ក្នុង​ឆ្នាំ​ ២០២១ យើង​រំពឹង​ដាក់ឱ្យ​ដំណើរការ​នូវ​យន្តការ​នៃ​ការខ្ចី និង​ឱ្យ​ខ្ចី​មូលបត្រ ដោយ​ខណៈ​ពេលនេះ យើង​បាននិង​កំពុង​សិក្សា​ពី​យន្តការ​នេះ​។ ចំពោះ​ទីផ្សារ​មូលបត្រ​អនាគត គ.ម.ក. អាច​រំពឹងថា នឹង​រៀបចំ​បទប្បញ្ញតិ្ត​ពាក់ព័ន្ធ​ចប់សព្វគ្រប់ ព្រមទាំង​ពិនិត្យ​លទ្ធភាព​ក្នុងការ​អនុម័ត​នា​ឆ្នាំ​ ២០២១ ផងដែរ​។


ព្រម​ជាមួយ​នឹង​សកម្មភាព​ក្នុង​ស្រុក គ.ម.ក. ក៏​ដើរតួនាទី​យ៉ាងសកម្ម​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ ដែល​នៅក្នុង​ឆ្នាំ​ ២០២១ គ.ម.ក. នឹង​ធ្វើជា​អនុប្រធាន​នៃ​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ASEAN Capital Markets Forum-ACMF) ដែល​គណៈកម្មការ​មូលបត្រ​ប្រ៊ុយណេ​ជា​ប្រធាន​។

វេទិកា​ទីផ្សារ​មូលធន​អាស៊ាន គឺជា​ក្រុមការងារ​ដែល​ប្រមូលផ្តុំ​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​និយតករ​មូលបត្រ​អាស៊ាន ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ដែល​មាន​ការទទួល​ខុស​ត្រូវជា​ចម្បង​ក្នុង​ការអភិវឌ្ឍ និង​ការធ្វើសមាហរណកម្ម​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​។

តាមរយៈ​តួនាទី​នេះ គ.ម.ក. មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​ទាញ​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា និង​សមាជិក​ផ្សេងទៀត ជាពិសេស​សមាជិក​ដែលមាន​ទីផ្សារ​មូលបត្រ​នៅ​ក្មេងខ្ចី​នៅឡើយ ដូចជា​ទីផ្សារ​មូលបត្រ​កម្ពុជា​ជាដើម​៕