ធនាគារ​កម្ពុជា​សាធារណៈ​ភីអិលស៊ី (Campu Bank) បានរៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​វិនិយោគិន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការលើក​កម្ពស់​ទីផ្សារ​មូលធន​របស់​កម្ពុជា​។

ធនាគារ​របស់​ម៉ាឡេស៊ី​មួយ​នេះ​បាននិង​កំពុង​លើកកម្ពស់​សារៈសំខាន់​នៃ​ទីផ្សារ​មូលធន​ និង​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ​ដល់​វិនិយោគិន ហើយ​ថែមទាំង​មាន​ផែនការ​ផ្តល់ជូន​នូវ​វេទិកា​ឌីជីថល​ឈានមុខ​ដើម្បី​ជំរុញ​ការជួញដូរ​មូលបត្រ​ថែម​ទៀតផង​។


ខណៈ​ពេល​ដែល​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) និង​ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាននិង​កំពុង​នាំមុខ​ក្នុងការ​លើកកម្ពស់​ទីផ្សារ​មូលធន ធនាគារ Campu Bank ក៏បាន​ធ្វើ​ចំណែក​របស់ខ្លួន​ដើម្បី​ឈានទៅដល់​បណ្តាញ​សាខា​ឲ្យ​កាន់តែ​ធំ​ទូលាយ​ក៏ដូចជា​អតិថិជន​របស់ខ្លួន​ដែរ​។


លោក Phan Ying Tong នាយកប្រតិបត្តិការ​នៃ​តំបន់​ឥណ្ឌូចិន​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​យើង​​ជួយ​អតិថិជន​របស់​យើង​ក្នុង​ការជួញដូរ​​ និង​ពី​របៀប​ចូលរួម​ក្នុង​ទីផ្សារ​មូលធន​។ នៅពេលណា​ដែល​យើង​មាន​កម្មវិធី​ផ្សព្វផ្សាយ​អ្វីមួយ យើង​មិ​នដែល​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើ​បទបង្ហាញ​ក្រុមហ៊ុន Campu Securities ដល់​អតិថិជន​របស់​យើង​នោះទេ មិន​ថា​នៅ​ការិយាល័យ​ក្រុមហ៊ុន​ ឬ​នៅ​កន្លែង​អតិថិជន​របស់​យើង​។ បុគ្គលិក​ដ៏មាន​បទពិសោធ​របស់ Campu Securities នឹង​ពន្យល់​អំពី​សារៈសំខាន់​នៃ​ការវិនិយោគ​នៅក្នុង​ទីផ្សារ​មូលធន​»​។


ធនាគារ Campu Bank បាន​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៩២ ហើយ​បច្ចុប្បន្ន​មាន​ចំនួន​ ៣១ ​សាខា​គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងស្រុង​របស់​ក្រុមហ៊ុន Public Bank Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។ Campu Securities Plc ផ្តល់ជូន​សេវាកម្ម​ដូចជា​ការធានា​ទិញ​មូលបត្រ ពាណិជ្ជករ​មូលបត្រ និង​ជើងសារ​មូលបត្រ​។


កាលពី​ខែមករា​ធនាគារ​កម្ពុជា​សាធារណៈ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ SECC និង CSX ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​ និង​មូលបត្រ​។ បច្ចុប្បន្ន​ធនាគារ​នេះ​រួមជាមួយ​ធនាគារ​ ៣ ​ផ្សេង​ទៀត​គឺ​ធនាគារ BIDC (Cambodia) Bank Plc ធនាគារ​អេស៊ីលីដា​ភីអិលស៊ី និង​ធនាគារ​កាណាឌីយ៉ា​ភីអិលស៊ី​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​នៅ​កម្ពុជា​។


ធនាគារ​ក៏កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វេទិកា​ឌីជីថល​របស់ខ្លួន​ផងដែរ ដើម្បី​ផ្តល់​ភាពងាយស្រួល​នៅក្នុង​ប្រតិបត្តិការ​ធនាគារ​។

«​ជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈពេល​មធ្យម យើង​នឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​វេទិកា​ទូរស័ព្ទ​ចល័ត​ដ៏រឹងមាំ​របស់​យើង​ដើម្បី​អនុញ្ញាត​ឱ្យ​វិនិយោគិន​អនុវត្ត​ការជួញដូរ​មូលបត្រ​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​។ នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​យើង​ក្នុងការ​លើកកម្ពស់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​។

លោក​បាន​បន្ថែមថា​៖ «​ហេតុផល​មួយ​ទៀត​ដែល​យើង​ចូលរួម​យ៉ាងសកម្ម​ (​ក្នុង​ទីផ្សារ​មូលធន​) ​គឺ​ដោយសារ​តែ​យើង​ចង់​លើក​ទឹកចិត្ត​អតិថិជន​របស់​យើង​ឱ្យប្រើប្រាស់​ប្រាក់រៀល​សម្រាប់​អាជីវកម្ម​របស់​ពួកគេ និង​ការវិនិយោគ​»​។

ការចុះបញ្ជី​ដើម្បី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា​នាពេល​ខាងមុខ​នឹង​ជំរុញ​ឲ្យ​មាន​ការចាប់អារម្មណ៍​នៅក្នុង​ផ្សារ​មូលបត្រ​ក្នុងស្រុក​បន្ថែម​ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​ទី​ ៦ ​នេះ​អាច​ជា​កាតាលីករ​មួយ​សម្រាប់​ការចុះបញ្ជី​បន្ថែម​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​នាពេល​អនាគត​។

«​មានគំនិត​ផ្តួចផ្តើម​ និង​វិធានការ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ SECC និង CSX ដើម្បី​ជំរុញ​ទីផ្សារ​នេះ ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ថែម​ទៀត​មក​ចុះបញ្ជី​នៅ CSX ដើម្បី​បោះផ្សាយ​ភាគហ៊ុន​ ឬ​មូលបត្រ​ក្រុមហ៊ុន​បន្ថែម​ទៀត​នៅ CSX ។

« SECC និង CSX សកម្ម​យ៉ាងខ្លាំង​នៅក្នុង​សកម្មភាព​អប់រំ​ជាច្រើន​ដូចជា​រៀបចំ​វេទិកា​ និង​ដំណើរ​ផ្សព្វផ្សាយ​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​វិនិយោគ​ក្នុង​ទីផ្សារ​មូលធន​។ ប៉ុន្មាន​ឆ្នាំ​មកនេះ​សកម្មភាព​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​គឺមាន​ស្ថិរភាព​ល្អប្រសើរ ហើយ​ទាំងនេះ​គឺជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​ផ្សារ​មូលធន​»​។

លោក Pang បន្ថែមថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ហើយ​ឥឡូវ​សូម្បីតែ​ការចុះបញ្ជី​មូលបត្រ​បំណុល​សាជីវកម្ម​ក៏កំពុងតែ​កើតឡើង​ដែរ​»​។

ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​ដ៏ប្រសើរ​សម្រាប់​វិនិយោគិន ពីព្រោះ​មាន​ឱកាស​ច្រើន ខណៈ​ទីផ្សារ​កំពុង​រីកចម្រើន​ជាមួយ​នឹង​គោលនយោបាយ​វិនិយោគ​ដ៏ទាក់ទាញ​សម្រាប់​ទាំង​វិនិយោគិន​បរទេស និង​ក្នុងស្រុក​៕