អ្នកនៅក្នុងវិស័យធនាគារហាក់បង្ហាញការយោគយល់កាន់តែច្រើន និងបានក្លាយទៅជាដៃគូដ៏មានគុណធម៌ក្នុងអំឡុងពេលពេលវេលាដ៏លំបាកនេះ។
ធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជាទាំងធនាគារក្នុងស្រុក និងបរទេសបានប្រើយុទ្ធសាស្ត្រមួយចំនួន ដើម្បីគាំទ្រដល់អតិថិជនរបស់ពួកគេដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីការផ្ទុះឡើងជំងឺកូវីដ១៩ គិតចាប់តាំងពីខែមីនាមក។
ឆ្លើយតបតាមការចង្អុលបង្ហាញរបស់ធនាគារជាតិនៃកម្ពុជាដែលបានណែនាំស្ថាប័នធនាគារឲ្យរៀបចំរចនាសម្ព័ន្ធការសងប្រាក់កម្ចីឡើងវិញដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អ្នកទទួលកម្ចីហើយធនាគារពាណិជ្ជជាច្រើនបានអនុវត្តតាម។
វាគឺជាការសាកល្បងទាំងសម្រាប់អ្នកឲ្យកម្ចី និងអ្នកទទួលកម្ចី។ ធនាគារត្រូវការទទួលបានប្រាក់កម្ចីរបស់ពួកគេត្រឡប់មកវិញឲ្យបានឆាប់រហ័ស ខណៈសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលជំងឺកូវីដដែលបានកាត់បន្ថយកំណើនសេដ្ឋកិច្ចសកល។ ខណៈអ្នកទទួលកម្ចីលក្ខណៈបុគ្គលមានការលំបាកក្នុងការសងប្រាក់កម្ចីត្រឡប់ទៅវិញ ដោយសារតែការធ្លាក់ចុះប្រាក់ចំណូលភ្លាមៗបន្ទាប់ពីអាជីវកម្មបានជាប់គាំងក្នុងអំឡុងពេលបិទប្រទេសដើម្បីការពារវីរុសនេះ។ ទោះយ៉ាងណាអាជីវកម្មកំពុងងើបឡើងមកវិញសន្សឹមៗ។
ការផ្តល់ពេលវេលាសងប្រាក់កម្ចីមានភាពងាយស្រួលពីសំណាក់ធនាគារភាគច្រើនជាពិសេសសម្រាប់អ្នកដែលរងការប៉ះពាល់ខ្លាំង ដូចអ្នកប្រកបអាជីវកម្មខ្នាតតូច និងអ្នកដែលនៅក្នុងវិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ និងនៅផ្នែកកម្សាន្តផ្សេងៗ។
វិធានការជួយជ្រោមជ្រែង និងកិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយឱ្យក្រុមហ៊ុននៅដំណើរការអាជីវកម្មរបស់ពួកគេបានអាចជួយរក្សាការងាររាប់ពាន់កន្លែង ហើយអ្នកទទួលកម្ចីនៅតែអាចបន្តសងប្រាក់កម្ចីរបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះបាន។
វិធានការជាក់ស្តែងទាំងនេះគឺដើម្បីជួយអ្នកទទួលកម្ចីក្នុងការសងត្រឡប់ ក៏ដូចជាដើម្បីជួយទ្រទ្រង់អាជីវកម្មរបស់ពួកគេ ហើយនៅទីបំផុតអាចជួយសេដ្ឋកិច្ចឲ្យនៅតែមានដំណើរការល្អប្រសើរ ដោយសារមានវិធានការទាន់ពេលវេលា។ អរគុណចំពោះការជួយរបស់ធនាគារ។
ទោះជាយ៉ាងណាពេលអនាគតនៅតែមិនទាន់ប្រាកដប្រជា ខណៈជំងឺកូវីដ១៩ កំពុងបន្តរាតត្បាតដែលបង្កជាបញ្ហាមួយចំនួនសម្រាប់ប្រទេសជាតិជាច្រើន ខណៈទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចក៏ហាក់មានតិចតួច។
ខណៈការធ្វើដំណើរអន្តរជាតិធ្លាក់ចុះបានជះឥទ្ធិពលដោយផ្ទាល់ដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ការពន្យារពេលពង្រីកអាជីវកម្ម ប៉ះពាល់ដល់តម្រូវការផលិតផលសម្រេច ចំណូលគ្រួសារធ្លាក់ចុះក៏បានជះឥទ្ធិពលដល់ការចំណាយរបស់អ្នកទិញហើយធ្វើឲ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងវិស័យធនាគារ។
ដូច្នេះវិស័យធនាគារមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យមានលំនឹងហិរញ្ញវត្ថុ ហើយវាចាំបាច់ណាស់ដើម្បីធានាឱ្យមានសាច់ប្រាក់សម្រាប់ការធ្វើអាជីវកម្ម និងទប់ស្កាត់កំណើនកម្ចីដែលមិនអាចសងត្រឡប់ទាន់ពេលវេលាដែលអាចធ្វើឱ្យប៉ះពាល់ដល់វិស័យនេះ៕