ធនាគារ ស្ថាបនា ជា​ធនាគារ​ជប៉ុន​ដែល​ទទួល​បាន​នូវ​សេចក្តី​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដែល​កំពុង​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ភាព​ត្រឹម​ត្រូវ​ជាក់​លាក់​។ ឆ្នាំ ​២០២០ នេះ ធនាគារ​អបអរសាទរ​នូវ​ភាព​ជោគជ័យ​រយៈពេល ២៥ ​ឆ្នាំ​របស់​ខ្លួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។


គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ ​២០២០ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ ស្ថាបនា បាន​កើន​ឡើង​ជាង US$​៣០០ លាន ពី US$១,៦៧ ពាន់​លាន ក្នុង​ឆ្នាំ ​២០១៩ ដល់ US$​១,៩៦ ពាន់​លាន​។ ចំណែក​ឯ​ប្រាក់​បញ្ញើ​សរុប​កើន​ឡើង ១៩,៤% ពី US$​៩៤៧,៤ លាន ក្នុង​ឆ្នាំ ​២០១៩ ដល់ US$១,១៧ ពាន់​លាន​។ ដោយ​ឡែក​ធនាគារ​ក៏​បាន​ផ្តល់​ឥណទាន​សរុប​ចំនួន US$១,៤៨ ពាន់​លាន​។​


ទោះបី​មាន​ផល​ប៉ះពាល់​ពី​វីរុស​កូវីដ ​១៩ ធនាគារ ស្ថាបនា បាន​កត់ត្រា​កំណើន​ដ៏​រឹងមាំ​លើ​ប្រាក់​បញ្ញើ និង​ឥណទាន​ក៏​ដូចជា​រក្សា​នូវ​ភាព​ល្អ​ប្រសើរ​នៃ​ប្រាក់​ចំណេញ​។ នេះ​ជា​សក្ខីកម្ម​នៃ​ការ​វិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​ធនាគារ ស្ថាបនា ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ក្តី។​


ធនាគារ ស្ថាបនា ជា​ធនាគារ​ដែល​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី​២ ក្នុង​ព្រះរាជាណាចក្រ​ដោយ​មាន​សាខា​សរុប​ចំនួន ១៧០ ទីតាំង និង​ទូ​អេធីអឹម​​ជាង ២៣០ កន្លែង នៅ​ទូទាំង​ប្រទេស​។ បណ្តាញ​ធនាគារ​ដ៏​ធំ​របស់​ធនាគារ ស្ថាបនា អនុញ្ញាត​ឱ្យ​អតិថិជន​នៅ​គ្រប់​ខេត្ត​ក្រុង និង​តំបន់​ដាច់​ស្រយាល​អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព​ជាង​មុន​។​


ឆ្នាំ ​២០២០ ជា​ឆ្នាំ​ប្រកប​ដោយ​ផ្លែផ្កា​របស់​ធនាគារ ស្ថាបនា ដោយ​ធនាគារ​បាន​អភិវឌ្ឍ​ធនាគារ​ឌីជីថល​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ឱ្យ​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​យូរ​អង្វែង ដើម្បី​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​លើ​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល​។


ស្នាក់ការកណ្តាលថ្មីរបស់ធនាគារ ស្ថាបនា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។

មុខងារ​សំខាន់ៗ​ដ៏​សម្បូរ​បែប​ក្នុង Sathapana Mobile បាន​ដាក់​ឱ្យ​ដំណើរការ​រួម​មាន​ដូច​ជា​មុខងារ ដក​សាច់​ប្រាក់​ដោយ​ប្រើ​លេខ​កូដ បើក​គណនី អន​ឡាញ ស្ថាបនា ផេ បណ្ណ​និម្មិត​វីសា ទូទាត់​វិក្កយបត្រ​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​មុខងារ​ដទៃ​ទៀត​ជា​ច្រើន​។ នៅ​ចុង​ឆ្នាំ​នេះ ធនាគារ ស្ថាបនា នឹង​សម្ពោធ​សាខា​ថ្មី ព្រម​ទាំង​បន្ថែម​ចំនួន​ទូអេធីអឹម​ជា​ច្រើន​ទីតាំង​ទៀត សម្រាប់​ភាព​ងាយ​ស្រួល​របស់​អតិថិជន​។​

ការ​ចាប់​យក​នូវ​ការ​ផ្លាស់ប្តូរ​ជា​ចំណុច​ផ្តោត​ដ៏​សំខាន់​មួយ​របស់​ធនាគារ ស្ថាបនា ដើម្បី​ធានា​ថា បចេ្ចកវិទ្យា​​ធនាគារ​ចុង​ក្រោយ​បំផុត​បាន​ទៅ​ដល់​ដៃ​របស់​អតិថិជន និង​ធនាគារ​ស្ថិត​នៅ​មុខ​ដៃគូ​ប្រកួត​ប្រជែង​។​

ទោះបី​ជា​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ ​១៩ ចាប់​ផ្តើម​ថមថយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករ​ថា​ ផលិតផល​ក្នុង​​ស្រុក​សរុប​របស់​កម្ពុជា​នឹង​ធ្លាក់​ចុះ ៤% ក្នុង​ឆ្នាំ ​២០២០​។ លើស​ពី​នេះ ធនាគារ​ពិភព​លោក​បាន​ចេញ​របាយការណ៍​ថា ទេសចរណ៍ ការ​ផលិត​នាំចេញ និង​សំណង់ ជា​វិស័យ​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ហេតុ​​ថា​វិស័យ​ទាំង​នេះ​បាន​រួម​ចំណែក ចំនួន ៣៩,៤% នៃ​ការងារ​សរុប​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ​២០១៩​។

ក្នុង​ពេល​វេលា​ដ៏​លំបាក​នៃ​វីរុស​កូវីដ ​១៩ ធនាគារ ស្ថាបនា បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​ដាក់​ចេញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​វីរុស​កូវីដ ​១៩ លើ​សេដ្ឋកិច្ច​ជាតិ ដោយ​ធនាគារ ស្ថាបនា បន្ត​ជំហរ​ក្នុង​ការ​ផ្តល់​នូវ​ឥណទាន​ដល់​វិស័យ​អាទិភាព រក្សា​នូវ​ឥរិយាបថ​ទន់ភ្លន់​ចំពោះ​ការ​បង់​ឥណទាន​យឺតយ៉ាវ និង​កែប្រែ​លក្ខខណ្ឌ​ឥណទាន តាម​លទ្ធភាព​ជាក់​ស្តែង​៕