ធនាគារ​ SME រៀបចំ​កញ្ចប់​ហិរញ្ញប្បទាន ​ដើម្បី​ជំរុញ​កំណើន

Content image - Phnom Penh Post
ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ​ធនាគារសហគ្រាសធុនតូចនិង​មធ្យមកម្ពុជា។

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ម.ក (SME Bank) ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​២០២០ ជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(SMEs) នៅ​កម្ពុជា ដែល​ជា​រឿយៗ​តែងតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​។

គោល​បំណង​សំខាន់​របស់​ធនាគារ SME ដែល​បាន​ប្រតិបត្តិការ​នៅ​ក្នុង​ខែ​កុម្ភៈ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ដែល​មាន​តំលៃ​សមរម្យ ដល់ SMEs ក៏​ដូចជា​អភិវឌ្ឍន៍​ជំនាញ​សហគ្រិន និង​គាំទ្រ​ការ​ផ្គត់ផ្គង់​បច្ចេកទេស​ជាដើម​។

ធនាគារ SME រួម​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​បាន​ចូលរួម​បាន​ចាប់​ផ្តើម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច ​និង​មធ្យម (SCFS) ដែល​មាន​ទឹក​ប្រាក់ ១០០ លាន​ដុល្លារ ​កាល​ពី​ខែ​មេសា ដើម្បី​គាំទ្រ SMEs ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ ​១៩​។ «​ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ធនាគារ SME មាន​អាណត្តិ​សង្គម​ ដើម្បី​ភ្ជាប់​ខ្លួន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ SME មាន​ប្រសាសន៍​ថា​៖ «គោល​បំណង​របស់​ខ្លួន ​គឺ​ផ្តល់​ហិរញ្ញប្បទាន ​និង​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ចីរភាព ដើម្បី​គាំទ្រ SMEs ក្នុង​ស្រុក ដើម្បី​បង្កើន​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការ​ពង្រីក​​បរិមាណ​នាំចេញ​»​។

ធនាគារ SME ជាមួយ​នឹង​ការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​ចំនួន ៣៣ ដើម្បី​ដាក់​ចេញ​នូវ​គម្រោង SCFS មុន​ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ខែ​វិច្ឆិកា​។

នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​, SMEs នៅ​តែ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ជួយ​បង្កើត​ការងារ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ នាំ​មក​នូវ​ស្ថិរភាព​សង្គម ​និង​រួម​ចំណែក​ដល់​ការ​រីកចម្រើន​នៃ​វិស័យ​ឯកជន​។ ពួក​គេ​ក៏​រួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​ភាព​ជា​សហគ្រិន និង​នវានុវត្តន៍​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​ផង​ដែរ​។​

យោង​តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បាន​ឱ្យ​ដឹង​ថា SMEs ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ដោយ​ផ្តល់​ការងារ ​៧០ ​ភាគរយ និង ៩៩,៨៥ ភាគរយ​នៃ​ក្រុមហ៊ុន និង​រួម​ចំណែក ៥៨ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​។​

ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា ថ្លែង​ថា​៖ « SCFS គឺ​ជា​គម្រោង​ដ៏​ជោគជ័យ​មួយ ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់ SMEs ចំនួន ៧៥២ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ គម្រោង​ហិរញ្ញប្បទាន​នេះ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃទី ​១ ខែ​មេសា ហើយ​ហិរញ្ញប្បទាន​ត្រូវ​បាន​ផ្តល់​ទាំង​ស្រុង​នៅ​ថ្ងៃទី ​១៦ ខែតុលា​»​។

ធនាគារ SME ខុស​គ្នា​ពី​ធនាគារ​ពាណិជ្ជ​ផ្សេង​ទៀត ពីព្រោះ​ធនាគារ​មួយ​នេះ​ផ្តោត​លើ​វិស័យ SMEs ដើម្បី ផ្តល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ដែល​មាន​តំលៃ​សមរម្យ ផ្តល់​ជំនួយ​បច្ចេកទេស​ដល់ SMEs ដើម្បី​បង្កើន​ផលិតភាព ​និង​ប្រសិទ្ធភាព ដើម្បី​កែ​លម្អ​ការ​គាំទ្រ​ដល់​អាជីវកម្ម និង​ផ្តល់​ភាព​ងាយ​ស្រួល​ចូល​ទីផ្សារ​ក្នុង​តំបន់​។

Content image - Phnom Penh Post
ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រង់ចាំជួយដល់ប្រតិបត្តិករ SMEs ដែលកំពុងខ្វះខាតហិរញ្ញវត្ថុ។

ដូច​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥, ធនាគារ​ផ្តោត​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​វិស័យ​អាទិភាព​សំខាន់ៗ​ដូចជា​ផលិតកម្ម ​និង​កែច្នៃ​ចំណី​អាហារ ផលិតកម្ម​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក និង​ការ​កែច្នៃ​សំរាម​ក៏​ដូចជា​ការ​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​។​

ហើយ​ធនាគារ​ក៏​កំណត់​គោលដៅ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ការ​ផលិត​ផលិតផល​សម្រេច​ដូចជា​គ្រឿង​បន្លាស់ ​ឬ​គ្រឿង​បង្គុំ​ផ្សេងៗ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា ​ព័ត៌មានវិទ្យា (IT) ការស្រាវជ្រាវ ​និង​អភិវឌ្ឍន៍ ដែល​ជាប់​ទាក់ទង​ជាមួយ IT ឬ​ការ​ផ្គត់ផ្គង់​សេវាកម្ម​ដែល​ផ្អែក​លើ​បច្ចេកវិទ្យា IT និង​ការ​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី និង​ឧស្សាហកម្ម​ខ្នាត​តូច ដែល​ទាក់ទង​នឹង​ផលិតកម្ម​ និង​ការ​ផលិត​ក៏​ដូចជា​សហគ្រាស​ដែល​មាន​ទីតាំង​នៅ​តំបន់​ចង្កោម SMEs និង​តំបន់​អភិវឌ្ឍន៍​ទាំង​នោះ​។​

«ធនាគារ SME ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​កម្ចី​ដល់ SMEs យ៉ាង​ច្រើន​។ ផលិតផល​គម្រោង​ហិរញ្ញប្បទាន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (CSS) ថ្មី​របស់​យើង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ខែវិច្ឆិកា​»​។​

«​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ធនាគារ​ក៏​នឹង​ពង្រីក​គម្រោង​ផ្តល់​ប្រាក់​កម្ចី​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា [CWES] និង​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ឌីជីថល និង​​ទំនើបកម្ម (CDAS)»។

ឯកឧត្តម​បណ្ឌិត ផាន់ ផល្លា បន្ត​ថា​៖ ​«​​បន្ថែម​លើ​ផលិតផល ​និង​សេវាកម្ម​ដែល​ផ្តល់​ជូន SMEs, ធនាគារ SME ក៏​ផ្តល់​ជូន​សេវាកម្ម​ធនាគារ​ផ្សេង​ទៀត​ដែរ ដូចជា​គណនី​សន្សំ គណនី​បុត្រ​ធីតា គណនី​និវត្តន៍​ជន គណនី​ចរន្ត និង គណនី​បញ្ញើ​មាន​កាល​កំណត់​ជាដើម​»​។

ធនាគារ SME នឹង​ពង្រីក​សមត្ថភាព​ឌីជីថល​របស់ខ្លួន ​ដើម្បី​ផ្តល់​សេវាកម្ម​ដល់ SMEs តាមរយៈ​ការ​អភិវឌ្ឍ​បណ្តាញ​ឌីជីថល​ទន្ទឹម​នឹង​ការ​ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ​។

«យើង​ក៏​នឹង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ដំណើរការ​ឥណទាន និង​ការ​កសាង​សមត្ថភាព​នៅ​ក្នុង​ផ្នែក​ហានិភ័យ​ការ​អភិវឌ្ឍ​អាជីវកម្ម ​និង​ប្រតិបត្តិការ​ផង​ដែរ​»​។​

លោក​បន្ថែម​ថា​៖«​យើង​នឹង​បន្ត​សហការ និង​ចូលរួម​ជាមួយ​ក្រសួង ទីភ្នាក់ងារ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ SME និង​ផ្តល់​នូវ​ហិរញ្ញប្បទាន​ដែល​មាន​តំលៃ​សមរម្យ​ និង​អាច​ទទួល​បាន​»៕

ព័ត៌មានថ្មីៗ