លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា នៅតែមានជំនឿយ៉ាងមុតមាំ ទោះបីទីផ្សារហិរញ្ញវត្ថុហាក់មានភាពរង្គោះរង្គើនៅក្រៅប្រទេសក្តី។ លោកបណ្ឌិត ចាន់នី បានរំឭកអំពីដំណើរដ៏វែងឆ្ងាយរបស់លោកជាមួយធនាគារ អេស៊ីលីដាដែលលោកបានបង្កើតឡើងកាលពី ២៧ ឆ្នាំមុន។
កាលពីថ្ងៃអង្គារមុនភាគហ៊ុនរបស់ធនាគារត្រូវបានដាក់សំណើទិញលើសការកំណត់ចំនួន ៣,២ ដងក្នុងពេលបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នៅមុនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ខ្លួន (IPO) ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកសង្កេតការណ៍ទីផ្សារក្នុងអំឡុងពេលលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុសកលមិនអាចទាយទុកមុនបាន។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធនៅការិយាល័យរបស់លោកជាន់ទី ១៩ នៃការិយាល័យកណ្តាលធនាគារអេស៊ីលីដា លោកបណ្ឌិត ចាន់នី បានលើកឡើងប្រកបដោយភាពជឿជាក់អំពីអនាគតធនាគារ និងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូងរបស់ខ្លួន (IPO) ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ថ្មីទៀតនៅក្នុងចំណោមអ្នកសង្កេតការណ៍ក្នុងវិស័យមួយនេះ។
«លទ្ធផលគឺលើស ៣ ដង និងច្រើនជាងការព្យាកររបស់យើង សូមអរគុណចំពោះវិនិយោគិនសក្តានុពលទាំងអស់។ សូម្បីតែនៅក្នុងអំឡុងពេលវេលាដ៏លំបាកជាមួយនឹងវិបត្តិជំងឺកូវីដ ១៩ [Covid-19] ពួកគេក៏នៅតែមានទំនុកចិត្តចូលមកវិនិយោគ។ ធនាគារ អេស៊ីលីដា គឺជាធនាគារដែលលោកអ្នកជឿទុកចិត្ត សូម្បីតាំងតែពីដំបូងនៅពេលដែលយើងចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសហគ្រាសខ្នាតតូច និងតូចបំផុត យើងបានផ្សព្វផ្សាយរបាយការណ៍សវនកម្មរបស់យើងជារៀងរាល់ឆ្នាំដែលត្រូវបានត្រួតពិនិត្យដោយសវនករអន្តរជាតិ។
លោកបណ្ឌិត អ៊ិន ចាន់នី មាន ប្រសាសន៍ថា៖ «ហើយនៅពេលដែលយើងក្លាយជាធនាគារឯកទេសក្នុងឆ្នាំ ២០០០ យើងក៏បានផ្សព្វផ្សាយព័ត៌មានដល់សាធារណជន យើងបានផ្សព្វផ្សាយរបាយការណ៍សវនកម្ម និងរបាយការណ៍ប្រចាំឆ្នាំ។ យើងបានកសាងធនាគារនេះឡើងដោយឈរលើសសរស្តម្ភចំនួន ៣ គឺតម្លាភាព គ្មានការអត់ឱនចំពោះអំពើពុករលួយ ហើយយើងតែងតែស្តាប់អតិថិជនរបស់យើងជានិច្ច»។
អ្នកសង្កេតការណ៍បានលើកឡើងថា លោកបណ្ឌិតវ័យ ៦០ ឆ្នាំដែលមានជំនាញធនាគាររូបនេះមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចុះបញ្ជីធនាគាររបស់លោកនៅផ្សារមូលបត្រកម្ពុជា (CSX) ដែលជាធនាគារពាណិជ្ជកម្មដំបូងគេក្នុងការធ្វើដូច្នេះ ទោះបីទីផ្សារហិរញ្ញវត្ថុកំពុងស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជាក្តី។
វិនិយោគិនកម្ពុជាជាង ២ ពាន់នាក់បានចូលរួមធ្វើការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងដាក់សំណើទិញភាគហ៊ុនលើសពីចំនួន ៤ លានដែលបានបម្រុងទុកសម្រាប់ដំណាក់កំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) នេះគឺបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់វិនិយោគិនទៅលើធនាគារអេស៊ីលីដា។
«ខ្ញុំមិនរំពឹងថាមានចំនួនដ៏ច្រើនបែបនេះទេ យើងគ្រោងចូលរួមចំណែកតែ ២ ភាគរយប៉ុណ្ណោះនៃភាគហ៊ុនសរុបដែលស្មើនឹង ៨ ៧៥១ ៣៩១ ភាគហ៊ុន។ ការចុះបញ្ជីភាគហ៊ុនរបស់ធនាគារអេស៊ីលីដាមិនទទួលឥទ្ធិពលដោយផ្ទាល់ពីទីផ្សារមូលធន ឬទទួលឥទ្ធិពលពីទីផ្សារពិភពលោកទេ ហើយធនាគារ អេស៊ីលីដាផ្តោតសំខាន់លើទីផ្សារក្នុងស្រុក។
«កាលពីមុននៅពេលមានបញ្ហាជាសកល កម្ពុជាមានសុវត្ថិភាពខាងសេដ្ឋកិច្ច។ ខ្ញុំជឿជាក់ថា វិនិយោគិននឹងបន្តវិនិយោគនៅកម្ពុជា ពីព្រោះនៅពេលវិនិយោគិនសម្លឹងមើលប្រទេសកម្ពុជាពួកគេមិនមើលប្រទេសកម្ពុជាជាប្រទេសមួយទេ ប៉ុន្តែគេសម្លឹងមើលជាលក្ខណៈប្រទេសអាស៊ានដែលមានប្រជាជនលើស ៦០០ លាននាក់។ មនុស្សជាច្រើនព្រួយបារម្ភរឿងការដកពន្ធអនុគ្រោះ (EBA) ប៉ុន្តែវាមិនមានផលប៉ះពាល់ច្រើនទេ ហើយផលប៉ះពាល់រយៈពេលខ្លីគឺវីរុសដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នា មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ។
«ប៉ុន្តែកម្ពុជាអាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិននេះគឺជាគន្លឹះសំខាន់ដែលវានឹងជួយជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសកើនឡើង»។
លោកបណ្ឌិត ចាន់នី បានប្រែក្លាយធនាគារអេស៊ីលីដាដែលធ្លាប់ជាអង្គការក្រៅរដ្ឋាភិបាលដែលផ្តោតលើមីក្រូហិរញ្ញវត្ថុឲ្យក្លាយទៅជាធនាគារលំដាប់កំពូលមួយនៅកម្ពុជាដែលមានចំណែកទីផ្សារធំជាងគេ ទាំងឥណទាន ប្រាក់បញ្ញើសន្សំ ដែលមានចំណែកទីផ្សារជិត ៥០% ។ នៅដំណាច់ខែកុម្ភៈឆ្នាំ ២០២០ ធនាគារ អេស៊ីលីដា ភី អិលស៊ី មានអតិថិជនឥណទានចំនួន ៤០៥ ៦២០ និងប្រាក់បញ្ញើមានចំនួន ២ ៣៦៦ ៦១១ គណនី។
សហគ្រិនដ៏មានបទពិសោធរូបនេះហាក់មិនត្រូវបានរំខានដោយសំឡេងអវិជ្ជមាននានានៅក្នុងទីផ្សារហិរញ្ញវត្ថុនោះទេ ហើយលោកនៅតែជឿជាក់ថា IPO ដែលបានគ្រោងនឹងបោះផ្សាយនៅពេលខាងមុខនឹងក្លាយជារឿងដ៏ជោគជ័យដែលមិនធ្លាប់មានពីមុន ហើយធនាគារនឹងប្រមូលទុនទៅធ្វើឱ្យប្រសើរឡើងនូវសេវាកម្មធនាគារឌីជីថលរបស់ខ្លួនដូចដែលបានគ្រោងទុក។
«IPO របស់យើងគឺសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំសង្ឃឹមថានៅពេលធនាគារ អេស៊ីលីដា ចូលរួមក្នុងទីផ្សារមូលធននោះទីផ្សារមូធននឹងកាន់តែសកម្មដូចជាទីផ្សារហិរញ្ញវត្ថុដែរ។ យើងមានអតិថិជនចំនួន ២,៥ លាននាក់ដែលស្មើនឹង ៥០ ភាគរយនៃអតិថិជនធនាគារសរុបនៅក្នុងវិស័យនេះ»។
លោកបណ្ឌិតបានកត់សម្គាល់ថា៖ «ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើង យើងប្រមូលដើមទុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើងដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលទិន្នន័យ ដែលគ្របដណ្តប់ទាំងនៅលើប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ យើងកំពុងបោះជំហានទៅមុខក្នុងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ានដោយមិនចាំបាច់មានការិយាល័យនៅទីនោះ»។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ (IPO) ដែលជោគជ័យ អាចជាគំរូមួយនៃអាជីពធនាគារដ៏អស្ចារ្យរបស់លោក។
យោងតាមគេហទំព័ររបស់ធនាគារបានឲ្យដឹងថាគិតត្រឹមខែកញ្ញាឆ្នាំមុន ធនាគារ អេស៊ីលីដា គឺជាធនាគារក្នុងស្រុកធំជាងគេផ្អែកលើប្រាក់កម្ចីសរុបមានចំនួន ៣,៦១ ពាន់លានដុល្លារ និងដើមទុនសរុប ៨៩៨,៥៦ លានដុល្លារ និងធំបំផុតលំដាប់ទី ២ ទាក់ទងនឹងទ្រព្យសកម្មសរុបមានចំនួន ៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ៤,២៤ ពាន់លានដុល្លារ៕