ទំនុកចិត្តគឺមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានប្រតិបត្តិការ និងការអភិវឌ្ឍធនាគារពាណិជ្ជប្រកបដោយភាពជោគជ័យ ហើយជាមួយនឹងទំនុកចិត្តដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួនលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ (ខេមបូឌា) ជឿជាក់ថា ស្ថាប័នរបស់លោកមានការគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។
«ពិតណាស់វានឹងមានបញ្ហាប្រឈមមួយចំនួន ដោយសារតែការដកពន្ធអនុគ្រោះ (EBA) មួយផ្នែកដោយសហភាពអឺរ៉ុប និងផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺ Covid-19 នាពេលបច្ចុប្បន្ន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដោយសារតែយើងមានក្រុមការងារដ៏ល្អ និងកម្លាំងហិរញ្ញវត្ថុរឹងមាំ យើងជឿជាក់ថា យើងនឹងយកឈ្នះលើបញ្ហាប្រឈមទាំងនេះដោយជោគជ័យ»។
លោកបណ្ឌិតម៉ូរ៉ារិទ្ធិថ្លែងថា៖ «លើសពីនេះទៀតយើងដឹងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយពង្រីកដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបញ្ហាសកលទាំងនេះមកលើសេដ្ឋកិច្ចកម្ពុជា»។
ធនាគារឈីហ្វ (ខេមបូឌា) មានកំណើនដ៏រឹងមាំនៅកម្ពុជាចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ហើយលោក ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនគឺជាដៃគូដ៏សំខាន់ ខណៈដែលស្ថាប័នហិរញ្ញវត្ថុនៅតែបន្តរីកចម្រើន។
«ទស្សនវិជ្ជាសាជីវកម្មរបស់យើងគឺ «The Chief Way» កសាងការជឿទុកចិត្តគ្នា និងភាពជាដៃគូជាមួយអតិថិជនរបស់យើងដែលជាគន្លឹះដើម្បីវិបុលភាពរួមគ្នា និងរបៀបដែលអាជីវកម្មរបស់យើងត្រូវបានអនុវត្តដោយភាពស្មោះត្រង់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត»។
លោកបន្តថា៖ «ធនាគារឈីហ្វបានប្រើប្រាស់គំរូអាជីវកម្មមួយដែលសមស្របបំផុតទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលរបស់យើងដែលមានស្រាប់ និងណែនាំផលិតផល និងសេវាកម្មថ្មីៗដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនយើងដែលកំពុងកើនឡើង»។
ត្រូវបានបង្កើតឡើងដំបូងនៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៧៩ ធនាគារឈីហ្វបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងនោះមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៧-២០០៨ ដោយបានប្រកាន់ខ្ជាប់នូវជំនឿស្នូលរបស់ខ្លួនគឺការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិនិយោគដោយប្រុងប្រយ័ត្ន។
លោកសង្កត់ធ្ងន់ថា៖ «យើងបានបន្តដំណើរទៅមុខដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្ម គោលដៅ និងទស្សនវិជ្ជារបស់យើងដោយបម្រើអតិថិជនឱ្យបានកាន់តែល្អដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ជោគជ័យរបស់យើងគឺដោយសារមានស្មារតីក្រុមរឹងមាំ ជាមួយចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់»។
យោងតាមលោក ម៉ូរ៉ារិទ្ធ បានឲ្យដឹងថា ធនាគារឈីហ្វបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ ២០១៣ ដោយមានដើមទុនដំបូងត្រឹមតែ ១០ លានដុល្លារប៉ុណ្ណោះ ខណៈដែលទ្រព្យសកម្មសរុបមានចំនួនជាង ១០០ លានដុល្លារគិតត្រឹមដំណាច់ឆ្នាំមុន ហើយទោះបីជាមានការព្យាករអំពីភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុនៅពេលខាងមុខក្តីក៏លោកមានទំនុកចិត្តថា វានឹងនៅតែបន្តកើនឡើងយ៉ាងរឹងមាំដដែល។
«តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិក និងគណៈគ្រប់គ្រង និងដោយមានការគាំទ្រពីអតិថិជនដ៏ស្មោះត្រង់ និងនិយតករដែលពាក់ព័ន្ធជាពិសេសធនាគារជាតិនៃកម្ពុជាយើងជឿជាក់ថា ធនាគារមានជំហររឹងមាំក្នុងការបន្តការអនុវត្តយ៉ាងល្អនៅក្នុងឆ្នាំ ២០២០ នេះ»។
ការប្រកាន់ខ្ជាប់របស់ធនាគារឈីហ្វទៅនឹងស្តង់ដាខ្ពស់បំផុតនៅក្នុងវិស័យធនាគារគឺត្រូវបានគេមើលឃើញនៅក្នុងគោលនយោបាយដ៏ហ្មត់ចត់របស់ខ្លួនក្នុងការគ្រប់គ្រងហានិភ័យ។
«ទោះបីមានទ្រព្យបញ្ចាំ ឬការស្នើសុំឥណទានដែលអាចអនុវត្តបានរលូនក្តីក៏យើងប្រកាន់យកភាពស្មោះត្រង់ជាអាទិភាពខ្ពស់ ដើម្បីយុទ្ធសាស្ត្រអាជីវកម្មយូរអង្វែង និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន»។
លោកថ្លែងថា៖ «យើងបានធ្វើឱ្យប្រសើរឡើងនូវមូលធន ការគ្រប់គ្រងដោយប្រុងប្រយ័ត្ន បង្កើនប្រតិបត្តិការ និងការវិនិយោគរបស់យើង៕
យើងបន្តផ្តោតលើការគ្រប់គ្រងហានិភ័យដើម្បីធានាថាធនាគារឈីហ្វមានភាពរឹងមាំ និងមានស្ថិរភាពនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនមួយនេះ»។
លោកបណ្ឌិត ម៉ូរ៉ារិទ្ធមានប្រសាសន៍ថាគន្លឹះដើម្បីទទួលបានជោគជ័យជាលំដាប់របស់ធនាគារឈីហ្វនៅកម្ពុជាគឺការប្តេជ្ញាចិត្តចំពោះប្រជាជន និងការវិនិយោគប្រកបដោយក្រមសីលធម៌គួបផ្សំនឹងគំរូជោគជ័យរបស់ក្រុមហ៊ុន Chief Group និងមានបទពិសោធន៍ជាច្រើនទសវត្សនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកធំៗនៅហុងកុង។
«ជាមួយសាវតារបស់ម្ចាស់ភាគហ៊ុនរបស់យើងនៅទីក្រុងហុងកុងក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយអស់រយៈពេលជាង ៤០ ឆ្នាំ ធនាគារឈីហ្វប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាផ្តោតលើអតិថិជនជាមួយនឹងការខិតខំប្រឹងប្រែងផ្តល់សេវាកម្មឥតឈប់ឈរ និងប្រកបដោយឧត្តមភាព។
លោកថ្លែងថា៖ «យើងប្តេជ្ញាធ្វើជាដៃគូដ៏ល្អបំផុតជាមួយអតិថិជនដ៏ស្មោះត្រង់របស់យើងក្នុងដំណើរឆ្ពោះទៅរកការសម្រេចគោលដៅ និងជោគជ័យ។ ធនាគារឈីហ្វកំពុងធ្វើការដើម្បីអនាគតប្រជាជនកម្ពុជាអតិថិជន និយោជិក និងឧស្សាហកម្មធនាគារនៅកម្ពុជា និងសង្គមកម្ពុជាទាំងមូលឲ្យកាន់តែប្រសើរ។ ជោគជ័យរបស់ពួកគេជាជោគជ័យរបស់យើង»៕