លោក​បណ្ឌិត អ៊ិន ចាន់នី​៖ ពេលវេលា​ដ៏លំបាក​ ប៉ុន្តែ​ធនាគារ​នៅតែ​ដំណើរការ​ទៅមុខ​ជានិច្ច

Content image - Phnom Penh Post
លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​។ ហ៊ាន រង្សី

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​លោក​បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍​អំពី​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​មាន​ភាពចាស់ទុំ និង​កំពុង​ជម្នះ​គ្រា​ដ៏លំបាក​នេះ​ក៏​ដូច​កំពុង​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ ​ខាងមុខ​។

តើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ដំណើរការ​យ៉ាង​ដូចម្តេច ខណៈ​ជំងឺ​រាតត្បាត​កូវីដ​១៩​នៅតែ​បន្ត​រំខាន​ដល់​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំនេះ​?

ក្នុង​ ៣ ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២០ ឥណទាន​កំពុង​ដំណើរការ​កើន ៨,២១ ​ភាគរយ​ធៀប​នឹង​ ១៧,៧៨ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ​ទីផ្សារ​នៅក្នុង​ឆ្នាំនេះ ដោយសារ​កំណើន​ឥណទាន​ហាក់ដូចជា​ថយចុះ​ជាង​ ៥០ ​ភាគរយ​។ តាមពិត​យើង​ដឹងថា ការធ្លាក់ចុះ​ឥណទាន​កម្ចី​បាន​កើតឡើង​ក្នុងអំឡុង​ខែមីនា រហូត​ដល់​ខែមិថុនា​។ ឧទាហរណ៍​ចាប់ពី​ខែមករា ដល់​ខែមេសា ការផ្តល់ប្រាក់​កម្ចី​ថ្មី​ក្នុង​ ១ ​ខែ​បាន​ថយចុះ​ប្រហែល​ ៦០ ភាគរយ ខណៈ​ពី​ខែ​មេសា​រហូត​ដល់​ខែកញ្ញា នៅ​ចុង​ត្រីមាស​ទី​ ៣ ការផ្ដល់​ប្រាក់កម្ចី​មាន​សម្ទុះ​ងើបឡើង​វិញ​ជាង ៩០​ ​ភាគរយ​។

បច្ចុប្បន្ន​ការបញ្ចេញ​ប្រាក់កម្ចី​ប្រចាំខែ​គឺ​ខ្ពស់ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ និយាយ​ជារួម ទីផ្សារ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​កំពុងមាន​ដំណើរការ​ល្អ​ប្រសើរ ទោះបី​មាន​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ពាក់ព័ន្ធ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ក្តី​។ អត្រា​កម្ចី​ដែល​អតិថិជន​មិនបាន​សង​ត្រឡប់​ (NPL) មិន​កើនឡើង​ខ្ពស់​ជាង​កម្រិត​គួរឱ្យ​ព្រួយបារម្ភ​ទេ ដោយ​បច្ចុប្បន្ននេះ​គឺ​វា​មាន​តិចជាង​ ២,៥ ភាគរយ​។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​ចម្បង​ក្នុង​វិស័យ​ធនាគារ ហើយ​តើ​ធនាគារ​ក្នុង​ស្រុក និង​បរទេស​ជម្នះ​ឧបសគ្គ​ទាំងនេះ​យ៉ាងដូចម្ដេច​?

ធនាគារ​នៅ​កម្ពុជា​ភាគច្រើន​មាន​មូលនិធិ​យ៉ាង​ល្អប្រសើរ ហើយ​ជា​មធ្យម​អនុបាត​ប្រាក់កម្ចី​ធៀប​នឹង​ប្រាក់​បញ្ញើ​គឺមាន​តិចជាង​ ១០០ ភាគរយ​។ ដូច្នេះ​ធនាគារ​បច្ចុប្បន្ន​មិន​មាន​បញ្ហា​ទាក់ទង​នឹង​ការផ្តល់​ហិរញ្ញប្បទាន និង​ការផ្តល់​ប្រាក់កម្ចី​ថ្មីៗ ដើម្បី​ទ្រទ្រង់​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ទេ​។

តាមពិត​នេះ​គឺជា​គុណសម្បត្តិ​ដ៏កម្រ​មួយ​ដែល​ប្រទេស​កម្ពុជា​មាន​ក្នុងស្ថានភាព​បច្ចុប្បន្ន​។ បណ្តា​ប្រទេស​ជាច្រើន​ទៀត​នឹង​ប្រឈម​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​ទីផ្សារ​ឥណទាន​ចុះខ្សោយ ដែល​ធ្វើឱ្យ​ផលប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បណ្តាល​មកពី​ជំងឺ​រាតត្បាត​។ ក្នុងនោះ ធនាគារ​នៅ​កម្ពុជា​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ដែរ​នៅ​ឆ្នាំ​ ២០២០ ​នេះ​។ បើ​និយាយ​អំពី​ដំណាក់កាល​ដំបូង​នៃ​ទីផ្សារ​កម្ពុជា ធៀប​ទៅនឹង​ទីផ្សារ​ធំៗ​ឈាន​មុខ ប្រជាជន​កម្ពុជា​នៅតែ​ពឹងផ្អែក​ភាគច្រើន​លើ​សាច់ប្រាក់ និង​ទម្រង់​ធនាគារ​បែប​ប្រពៃណី​។

ចំណុច​នេះ​បាន​ធ្វើឱ្យ​មាន​ការលំបាក​ក្នុង​ការផ្តល់​នូវ​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អតិថិជន និង​សម្រាប់​បុគ្គលិក​ធនាគារ​ផងដែរ ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​បែបនេះ​។ សូម​អរគុណ​ដល់​រដ្ឋាភិបាល​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ ឱ្យនៅ​ឆ្ងាយ​ពី​សង្គម​កម្ពុជា ដូច្នេះហើយ​គ្រោះថ្នាក់​បែបនេះ​មិនបាន​លេចចេញ​ជា​រូបរាង​ធំដុំ​ទេ​។

ម្យ៉ាងវិញទៀត​សម្ពាធ​នៃ​គម្លាត​សង្គម​បាន​ធ្វើឱ្យ​ធនាគារ​នៅ​កម្ពុជា បាន​លោត​ផ្លោះ​ទៅរក​ប្រព័ន្ធ​ឌីជីថល​កាន់តែច្រើន​ពេញ​ ១ ​ឆ្នាំ ២០២០​។ ប្រតិបត្តិការ​ឌីជីថល​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ការប្រើប្រាស់​ដំណោះស្រាយ​ធនាគារ​តែមួយ ត្រូវបាន​រកឃើញ​ជាធម្មតា​ជាមួយ​គ្រួសារ​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ នេះ​គឺជា​ការផ្លាស់ប្តូរ​មួយ បើ​ស្ថិតនៅក្នុង​កាលៈទេសៈ​ធម្មតា យើង​អាច​នឹង​ចំណាយពេល​ច្រើន​ឆ្នាំ​។

តើ​ទិសដៅ​មួយណា​ដែល​វិស័យ​ធនាគារ​នឹង​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​ ២០២១ ខណៈ​ភាពមិន​ប្រាកដប្រជា​មាន​ទំហំធំធេង​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​?

ទោះបី​វ៉ាក់សាំង​ទំនង​ជា​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​ក្តី ក៏​យើង​ដឹងថា ជំងឺ​រាតត្បាត ជាពិសេស​សង្គម​​ និង​ផលវិបាក​សេដ្ឋកិច្ច​នឹង​នៅតែ​បន្ត​កើតមាន​។ ដូច្នេះ​ធនាគារ​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន ហើយ​ស្ថាប័នហិរញ្ញវត្ថុ (FIs) នឹង​ពង្រីក​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ស៊ីជម្រៅ ហើយ​ភាគី​ទី​ ៣ ​ដូចជា អ្នកផ្តល់​សេវា​ទូទាត់​នឹង​កាន់តែ​មាន​ភាពពាក់ព័ន្ធ និង​ចាំបាច់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។

ធនាគារ​ក៏​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិធានការ​គ្រប់គ្រង​ហានិភ័យ​ផ្ទៃក្នុង​របស់​ពួកគេ​។ ប៉ុន្មាន​ឆ្នាំ​មកនេះ ធនាគារ​នៅ​កម្ពុជា​ទទួលបាន​កំណើន​គួរឱ្យ​កត់សម្គាល់ ហើយ​ធនាគារ​ថ្មីៗ​ជាច្រើន​បាន​ចូលមកក្នុង​ទីផ្សារ​ដែល​ផ្តល់ប្រាក់​ចំណេញ​មួយ​នេះ​។ ដោយសារ​តែ​ស្ថិរភាព​នៃ​កំណើន និង​ប្រាក់​ចំណេញ FIs ជាច្រើន​មិន​បាន​មើលឃើញ​ពី​តម្រូវការ​ក្នុងការ​វិនិយោគ​លើ​ឧបករណ៍​ហានិភ័យ​ស្មុគស្មាញ​នោះទេ​។ ប៉ុន្តែ​ដោយសារ​ពិភពលោក​កាន់តែ​មាន​ភាពស្មុគស្មាញ​ដូច​ដែល​យើង​បានឃើញ​នាពេលនេះ ខ្ញុំ​គិតថា FIs ជាច្រើន​នឹង​គិតពិចារណា​ឡើងវិញ​អំពី​វិធីសាស្ត្រ​នេះ ហើយ​ចាប់ផ្តើម​កសាង​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ការពារ​នូវ​អ្វីដែល​បាន​កសាង​នាពេល​កន្លងមក​។

Content image - Phnom Penh Post
ការផ្តល់​ឥណទាន​សម្រាប់​វិស័យ​សំណង់ អចលនទ្រព្យ និង​លំនៅឋាន​មាន​ប្រហែល​ ៣០ ​ភាគរយ​នៃ​ឥណទាន​ទាំងអស់​។ ហេង ជីវ័ន

តើ​លោក​មើលឃើញ​ថា អាច​នឹងមាន​ការធ្លាក់​ចុះ​ប្រាក់បញ្ញើ និង​កំណើន​ឥណទាន​ទេ​នៅ​ឆ្នាំក្រោយ​? សូម​ពន្យល់​។

បើ​ប្រៀបធៀប​ប្រាក់​បញ្ញើ និង​កំណើន​ឥណទាន​កាលពី​ឆ្នាំមុនៗ យើង​បាន​ឃើញថា មានការ​ធ្លាក់ចុះ​។ តាមពិត កំណើន​នឹង​ធ្លាក់ចុះ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ហើយ​ប្រទេស​កម្ពុជា​ក៏​ចៀស​មិន​ផុត​ដែរ​។ ទោះយ៉ាងណា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មិនទាន់​មើលឃើញ​ការធ្លាក់ចុះ​នៃ​ប្រាក់​បញ្ញើ ឬ​ឥណទាន​កំពុង​ដំណើការ​នៅឡើយ​ទេ​។ ទីផ្សារ​នឹង​នៅតែ​មាន​កំណើន ប៉ុន្តែ​វា​នឹងមិន​កើន​ក្នុង​អត្រា​ខ្ពស់​ខ្លាំង ដូច​ប៉ុន្មាន​ឆ្នាំកន្លងមក​ទេ​។

សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៧ ​ភាគរយ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី យើង​ទំនងជា​មើលឃើញ​កំណើន​ប្រហែល ៤ ​ភាគរយ នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​។ ក្នុង​នោះ​ដែរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ព្យាករ​ថា​នឹង​មាន​កំណើន ៣,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ហើយនឹង​កើនឡើង​ដល់ ៦,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ។ យើង​អាច​សន្មត​បាន​ថា​កំណើន​ប្រាក់​បញ្ញើ និង​ឥណទាន​នឹង​ផ្លាស់ប្តូរ​សមាមាត្រ ហើយ​ការព្យាករ​កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ​នៅតែ​មាន​ច្រើនជាង​ ១០ ​ភាគរយ​ធៀប​នឹង​ជាង ២០ ​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​។

តើ​ការធ្លាក់ចុះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប៉ះពាល់​ដល់​ធនាគារ​នៅ​កម្ពុជា​ដែរឬទេ​?

មាន/អត់​, យោងតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ ២០១៩ ការផ្តល់​ឥណទាន​សម្រាប់​វិស័យ​សំណង់ អចលនទ្រព្យ និង​លំនៅឋាន​មាន​ប្រហែល ៣០ ​ភាគរយ​នៃ​ឥណទាន​ទាំងអស់​។ ការធ្លាក់ចុះ​នៅក្នុង​វិស័យ​ទាំងនោះ​ក៏​កាត់បន្ថយ​តម្រូវការ​ឥណទាន​ផងដែរ​ក្រៅពីនោះ​ក៏មាន​ផលប៉ះពាល់​ផ្សេងទៀត​ដែល​យើង​ត្រូវ​សង្កេតមើល​។

ការធ្លាក់ចុះ​នៃ​ប្រតិបត្តិការ​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​អាច​បណ្តាល​ឱ្យ​តម្លៃ​ដីធ្លី​ធ្លាក់ចុះ​នៅ​តំបន់​ខ្លះ​នៅក្នុង​ប្រទេស​។ ដោយសារ​ឥណទាន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់បញ្ចាំ​ជាមួយ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី យើង​ត្រូវ​មើលថា​តើ​វា​អាច​ជះឥទ្ធិពល​ដល់​គុណភាព​ប្រាក់កម្ចី​ទាំងមូល​ដែរឬទេ​។

ជាមួយ​នឹង​កំណើន​អាជីវកម្ម​ធ្លាក់ចុះ​ និង​ភាព​អត់​ការងារ​ធ្វើ​កើនឡើង តើ​លោក​រំពឹងថា​ NPLs នៅ​ឆ្នាំក្រោយ​នឹង​កើនឡើង​ដែរឬទេ​?

ខណៈ​ដែល​យើង​រំពឹងថា NPLs នឹង​កើនឡើង យើង​មិន​គិតថា​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹង​ចូល​ទៅក្នុង​តំបន់ ដែល​មាន​គ្រោះថ្នាក់​នោះទេ​។ រហូត​មក​ដល់​ពេលនេះ ភាគច្រើន​នៃ FIs មាន​មូលនិធិ​យ៉ាង​ល្អប្រសើរ និង​មិនមាន​កម្ចី​ច្រើនពេក​នៅក្នុង​ប្រទេស​កម្ពុជា​។

ទោះបី NPLs មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ក៏​មូលនិធិ​របស់​អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅតែ​មាន​សុវត្ថិភាព​ហើយ​គ្មាន FIs ណា​ដាក់ពាក្យ​ក្ស័យធន ឬ​តម្រូវ​ឱ្យ​មាន​ថវិការ​សង្គ្រោះ ដូច​ដែល​គេ​បាន​សង្កេតឃើញ​ជា​ញឹកញាប់​នៅក្នុង​ទីផ្សារ​ «​អភិវឌ្ឍន៍​» ​នោះ​ទេ ដោយ​ក្នុងនោះ FIs មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ណាមួយ​ក្នុង​ឥរិយាបទ​កាន់តែ​រឹងមាំ​ជាង​មុន​។

ប៉ុន្តែ​ទោះជា​យ៉ាង វិសាលភាព​នៃ​កំណើន NPLs គឺ​ពិបាក​ប៉ាន់ស្មាន​។ នៅក្នុង​តំបន់​អាស៊ាន ការពង្រីក​គ្រោងការណ៍​ដើម្បី​គាំទ្រ​ដល់​អ្នកទទួល​កម្ចី ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​នេះ​បាន​ធ្វើឱ្យ​មាន​ភាពមិន​ច្បាស់លាស់​នៅក្នុង​ទំហំ​គុណភាព​ទ្រព្យសកម្ម​របស់​ធនាគារ​ក្នុង​តំបន់​។ មាន​តែ​ការបង្រួម​បន្តិច​ម្តងៗ​នៃ​កម្មវិធី​គាំទ្រ​ទាំងនោះ​ប៉ុណ្ណោះ ទើប​អាច​ផ្តល់នូវ​ភាពច្បាស់លាស់​បន្ថែមទៀត​អំពី​ទំហំ​ដែល NPLs នឹង​កើនឡើង​។

នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានរៀបចំ​រចនាសម្ព័ន្ធ​ឥណទាន​ប្រាក់កម្ចី​ឡើងវិញ​មាន​ជាង ៣.៥ ​ពាន់​លាន​ដុល្លារ​។ ខណៈពេល​នេះ វា​នៅតែ​ជា​អ្វីដែល​ត្រូវធ្វើ​ដើម្បី​ផ្តល់​ពេលវេលា​ដល់​អ្នក​ទទួល​កម្ចី និង​អាជីវកម្ម ដើម្បី​ងើប​ឡើង​ពី​វិបត្តិ​សេដ្ឋកិច្ច និង​រៀបចំ​ដំណើរការ​រចនាសម្ព័ន្ធ​ឡើងវិញ អាច​បិទបាំង​ចំនួន​ឥណទាន​ពិតប្រាកដ ដែល​មិនអាច​ប្រមូលបាន​នៅ​ចំណុច​ខ្លះ​។

ខណៈ​ដែល​យើង​រំពឹងថា​ការរៀបចំ​រចនាសម្ព័ន្ធ​ឥណទាន​ប្រាក់កម្ចី​ឡើងវិញ​ភាគច្រើន​នឹង​ប្រសើរ​ឡើងវិញ និង​អាច​ប្រមូលបាន ប៉ុន្តែ​ច្បាស់​ណាស់ អាជីវកម្ម​មួយចំនួន​អាច​នឹងមិន​ងើបឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​មួយ​នេះ​ទេ​។ ទោះយ៉ាងណា វិសាលភាព​គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​រយៈពេល​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩ និង​ពេលវេលា​ដែល​ព្រំដែន​ទាំងអស់​នឹង​បើក​ម្តងទៀត​សម្រាប់​ប្រទេស​កម្ពុជា​។

ចំណុច​នេះ​គឺ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ធំៗ​មួយចំនួន​នៅ​កម្ពុជា ដូចជា​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កសិកម្ម និង​សម្លៀកបំពាក់​។

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ថា​សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ ៥,៥ ភាគរយ​នៅ​ឆ្នាំនេះ​ហើយនឹង​វិល​ទៅរក​កំណើន​វិជ្ជមាន​វិញ​នៅ​ឆ្នាំក្រោយ​។ តើ​វិស័យ​ធនាគារ​ឆ្លើយតប​ដូចម្តេច​ចំពោះ​បរិយាកាស​នេះ​?

ស្រប​ពេលដែល​សេដ្ឋកិច្ច​ពិភពលោក​ និង​កម្ពុជា ស្ទើរតែ​ឈានដល់​ចំណុច​ជាប់​ទ្រឹង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ យើង​កំពុង​វិលត្រឡប់​ទៅរក​កម្រិត​សកម្មភាព​ប្រក្រតី​ឡើងវិញ​សន្សឹមៗ​។ ដូចដែល​បាន​បញ្ជាក់ថា​មាន​ការរំពឹងទុក​ថា​នឹង​មាន​កំណើន​ប្រហែល​ ៤ ​ភាគរយ​នៅ​ឆ្នាំ​ខាងមុខ ហើយ​ប្រទេស​កម្ពុជា​នឹងមិន​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការដោះស្រាយ​ឡើងវិញ​នូវ​ការខូចខាត​សេដ្ឋកិច្ច​ទាំងអស់​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​នេះ​ទេ​។

នៅ​ឆ្នាំ​ ២០២២ ពីរ​ឆ្នាំ​បន្ទាប់ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​មកលើ​ប្រទេស​កម្ពុជា​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត កម្រិត​ប្រាក់ចំណូល​ និង​អត្រា​មាន​ការការងារ​ធ្វើ​នឹង​វិលត្រឡប់​ទៅរក​កម្រិត​ដូចដើម មុន​ជំងឺ​កូវីដ​។ យើង​សង្ឃឹមថា FIs និង​អ្នកទទួល​កម្ចី​របស់​ពួកគេ​នឹង​ឆ្លង​ផុត​ពេលវេលា​ដ៏លំបាក​នេះ​។

គិត​ចំណុច​វិជ្ជមាន យើង​អាច​និយាយ​បាន​ថា ជំងឺ​រាតត្បាត ការបិទ​ព្រំដែន និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​បាន​ជំរុញ​ឱ្យ​អាជីវកម្ម​ជាច្រើន រួមទាំង FIs អាច​សម្រប​ខ្លួន​បាន ហើយ​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​កាន់តែ​មាន​ភាពចម្រុះ រឹងមាំ និង​កាន់តែ​មាន​លក្ខណៈ​ឌីជីថល ដោយសារ​វិបត្តិ​សុខភាព​ពិភពលោក​មួយ​នេះ​៕

ព័ត៌មានថ្មីៗ