វិទ្យាស្ថាន CamEd Business School ដែល​មាន​មូលដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏ល្បីល្បាញ​ក្នុង​ការបណ្តុះបណ្តាល​គណនេយ្យករ​ជាន់ខ្ពស់​ជាច្រើន​រូប​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​សាស្ត្រាចារ្យ និង​បុគ្គលិក​ដែល​មាន​បទពិសោធ​ខ្ពស់​រួមជាមួយ​ធនធាន និង​បរិក្ខារ​ដ៏សម្បូរ បែប​វិទ្យាស្ថាន​មួយ​នេះ​បាន​រៀបចំ​គ្រឹះ​ដ៏រឹងមាំ និង​មាន​ស្តង់ដា​ខ្ពស់ សម្រាប់​ការសិក្សា​ជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ និង​បណ្ដុះបណ្ដាល​និស្សិត​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​មាន​គុណភាព​ខ្ពស់​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​ដែល​កំពុង​រីកចម្រើន​។

ថ្មីៗ​នេះ​មាន​និស្សិត​ប្រមាណ​ ៤០០០ ​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​ដោយ​ពួកគេ​មាន​បំណង​ចាប់យក​អាជីព​ដ៏មាន​កិត្យានុភាព​មួយ​នេះ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​គណនេយ្យ​ដែល​កំពុងមាន​ការប្រកួត​ប្រជែង​ខ្ពស់ ដោយ​និស្សិត​វ័យក្មេង​ដែល​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន CamEd ភាគច្រើន​មាន​ការងារ​ដ៏ល្អ ទាំង​នៅក្នុង​វិស័យ​សាធារណៈ និង​សាជីវកម្ម​។


វិទ្យាស្ថាន CamEd បានផ្តល់​ជូន​វគ្គបណ្ដុះបណ្ដាល​ដែល​មាន​ការទទួលស្គាល់​ខ្ពស់បំផុត​នៅលើ​ពិភពលោក គឺ​កម្មវិធី​គណនេយ្យករ​ជំនាញ ACCA ដែលជា​កម្មវិធី​មួយ​បណ្ដុះបណ្ដាល​និស្សិត​នូវ​លក្ខណសម្បត្តិ វិជ្ជាជីវៈ ជំនាញ និង​ចំណេះដឹង​ខ្ពស់​ដែល​និយោជក​ត្រូវការ​បំផុត និង​កម្មវិធី​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​គណនេយ្យ CAT ដែល​សិក្សា​ផ្តោត​សំខាន់​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​គណនេយ្យ​ផងដែរ​។


លោក នូវ រតនា នាយក​ការិយាល័យ​តំណាង ACCA ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដឹងថា​៖ «​វិទ្យាស្ថាន CamEd ផ្តល់​ការអប់រំ​ជំនាញ​ហិរញ្ញវត្ថុ​យ៉ាង​ពេញលេញ ដែល​ក្នុង​នោះ​មាន​ថ្នាក់​បរិញ្ញាបត្រ​រួមជាមួយ​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណនេយ្យ (CAT) និង​ថ្នាក់​គណនេយ្យករ​ជំនាញ ACCA ផងដែរ​»​។


លោក នូវ រតនា នាយក​ការិយាល័យ​តំណាង ACCA ប្រចាំ​ប្រទេស​កម្ពុជា​។


យោងតាម​គេហទំព័រ ACCA បាន​ឲ្យ​ដឹងថា គណនេយ្យករ​ជំនាញ​បច្ចុប្បន្ន​មាន​ចំនួន ២២៧ ០០០ នាក់ ដែលមាន​សមត្ថភាព​ពេញលេញ ហើយ​ ៥៤៤ ០០០​ នាក់​ផ្សេងទៀត​នឹង​ក្លាយជា​សមាជិក​នៅ​ទូទាំង​ពិភពលោក​នាពេល​ខាងមុខ ដែល​ក្នុងនោះ​សមាជិក​ចំនួន ២៦៥ ​នាក់​មកពី​ប្រទេស​កម្ពុជា​។


លោក នូវ រតនា បាន​មាន​ប្រសាសន៍​ថា៖ «​តាមរយៈ​ការស្រាវជ្រាវ​ជា​សកល​របស់​ស្ថាប័ន ACCA បាន​រកឃើញ​ថា និយោជក​ចំនួន​ប្រមាណ​ជា ៩៤% ជឿជាក់​លើ​គុណភាព​ដ៏រឹងមាំ​របស់ ACCA ហើយ​ត្រូវបាន​ទទួលស្គាល់​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​»​។

ACCA ផ្តល់ជូន​និស្សិត​នូវ​ជំនាញ​សំខាន់ៗ​ជាច្រើន​ដូចជា​ការគ្រប់គ្រង វគ្គ​ភាព​ជា​អ្នកដឹកនាំ បច្ចេកវិទ្យា​សវនកម្ម ការគិត​ស៊ីជម្រៅ និង​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ធ្វើឱ្យ​ការងារ​មាន​សុវត្ថិភាព​ទាំង​នៅក្នុង​ពេលធ្វើ​សវនកម្ម មិន​ថា​សម្រាប់​ធនាគារ ឬ​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធដារ​នោះទេ​។

ជាមួយ​នឹង​ភាពល្បីល្បាញ និង​កេរ្តិ៍ឈ្មោះ​ដ៏រឹងមាំ​នៃ​សមាគម​គណនេយ្យ ACCA ក្នុងនាម​ជា​អ្នកផ្ដល់​ការបណ្តុះបណ្ដាល​កម្មវិធី​សិក្សា​គណនេយ្យករ​ជំនាញ ACCA នៅក្នុង​ប្រទេស​កម្ពុជា និយោជក​ជាច្រើន​ជាពិសេស​អ្នក​ដែល​មកពី​វិស័យ​ធនាគារ និង​គណនេយ្យ​តែងតែ​ស្វែងរក​បេក្ខជន​ដែល​មាន​សក្តានុពល​ពី​វិទ្យាស្ថាន CamEd ។

លោកស្រី ជា លីមឈីង អតីត​និស្សិត​វិទ្យាស្ថាន CamEd ដែល​បានបញ្ចប់​ការសិក្សា​កម្មវិធី ACCA និង CAT ហើយ​បច្ចុប្បន្ន លោកស្រី​ជា​មន្ត្រី​ពន្ធដារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាតិ​បាន​ឲ្យ​ដឹងថា​៖ «​សូម្បីតែ​មុនពេល​នាង​ខ្ញុំ​បញ្ចប់​ការសិក្សា​វគ្គ ACCA មក​ម្ល៉េះ គឺ​មាន​និយោជក​មួយចំនួន​បាន​ទូរស័ព្ទ​មក​នាង​ខ្ញុំ សុំ​សម្ភាស​សម្រាប់​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​»​។

«​នៅពេល​នាង​ខ្ញុំ​ចាប់ផ្តើម​ដាក់ពាក្យ​រក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​គណនេយ្យ​ធំ​ ២ ក្នុងចំណោម​ក្រុមហ៊ុន​គណនេយ្យ​ធំៗ​ចំនួន​ ៤ ​នៅ​កម្ពុជា ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​គណនេយ្យ​ទាំង​ ២ ពិតជា​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការសិក្សា​វគ្គ ACCA របស់​នាង​ខ្ញុំ​យ៉ាងខ្លាំង ហើយ​ថែមទាំង​ផ្តល់​ការងារ​ឲ្យ​នាង​ខ្ញុំ​ដោយ​គ្មាន​រយៈពេល​សាកល្បង​នោះ​ទេ ទោះបី​ពេល​នោះ​នាង​ខ្ញុំ​មិនទាន់​មាន​បទពិសោធ​ការងារ​ពីមុន​មក​ក៏ដោយ ប៉ុន្តែ​នាង​ខ្ញុំ​សម្រេច​ថា​នាង​ខ្ញុំ​ចង់បាន​ការងារ​នៅ PwC Cambodia ច្រើនជាង​»​។

ទន្ទឹមនឹង​នេះដែរ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវ​បាន​បង្អាក់​ដោយសារ​តែ​កង្វះខាត​នូវ​គណនេយ្យករ​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​នេះ​ផង​ដែរ​។

ជា​ចុងក្រោយ​លោក នូវ រតនា ក៏បាន​ថ្លែងថា​៖ «​ទីផ្សារ​គណនេយ្យករ​មាន​សារៈសំខាន់​ណាស់​ដោយសារ​កំណើន​នៃ​ការវិនិយោគ​ពី​ប្រទេស​ចិន និង​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​កំពុង​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​នឹង​ការកើនឡើង​នូវ​តម្រូវការ​គណនេយ្យករ​នេះ វិទ្យាស្ថាន CamEd បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបណ្តុះបណ្ដាល និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​និស្សិត ដើម្បី​ឲ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុង​ការចូល​ទៅ​បម្រើការ​ក្នុង​ពិភពហិរញ្ញវត្ថុ​»៕