នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់មួយនឹងភ្នំពេញ ប៉ុស្តិ៍ អ្នកស្រី Pauline Teoh (ប៉ូលីន ទាវ) អគ្គនាយិកាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia លើកឡើងអំពីការប្តេជ្ញារបស់ខ្លួនសម្រាប់កម្ពុជា!
ពិតណាស់ខួប ១០០ ឆ្នាំ របស់ AIA គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ AIA បានរីកចម្រើនក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុតនៅក្នុងពិភពលោក ដោយមានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានទ្រព្យសកម្មសរុបចំនួន ២៨៤ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំមុន។
ទោះយ៉ាងណា ខួប ១០០ ឆ្នាំរបស់យើងមិនមែនជាទិសដៅទេ វាគ្រាន់តែជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការបន្តដំណើររបស់យើង ហើយវាជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីសម្លឹងទៅរកអនាគតដ៏អស្ទារ្យ និងទៅរយៈពេល ១០០ ឆ្នាំខាងមុខ។ វាគឺជាអនាគតដែលនឹងមើលឃើញពីឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីដែលជំរុញឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យធានារ៉ាប់រង និងសម្រាប់ជីវិតរបស់យើង។ អនាគតដ៏អស្ទារ្យដែល AIA ប្រកាន់ជំហរដ៏រឹងមាំ គឺការរីកចម្រើន ១០០ ឆ្នាំនិងទៅមុខបន្តទៀត។ នេះគឺជាចក្ខុវិស័យ របស់យើងសម្រាប់ AIA នៅគ្រប់ទីកន្លែងរួមទាំងប្រទេសកម្ពុជា ផងដែរ។
ដោយទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា យើងបានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងសហគមន៍របស់យើង ដូចជាការផ្តល់ជូនបន្ថែមនូវការធានារ៉ាប់រងដ៏ពេញលេញ និងជាអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ ការផ្តល់សម្ភារបាល់ទាត់ដែលមានគុណភាពខ្ពស់ដល់សាលារៀនរដ្ឋចំនួន ១០០ សាលា ដោយជះឥទ្ធិពលវិជ្ជមានដល់ប្រជាជនជាង ២៨០ ០០០ នាក់នៅទូទាំងប្រទេស ព្រមទាំងការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនរាប់ពាន់នាក់ផងដែរ។ ទាំងនេះ គឺជាសកម្មភាពគួរឲ្យកត់សម្គាល់ជាច្រើន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយប្រជាជនឱ្យមានសុខភាព និងជីវិតកាន់តែប្រសើ។
ទោះបីមានការគាំទ្រពីសម្ព័ន្ធក្រុមហ៊ុនដែលមានបទពិសោធន៍ ១០០ ឆ្នាំក្តី ក៏អ្នកស្រីកំពុងដឹកនាំក្រុមហ៊ុនដែលទើបតែមានអាយុប៉ុន្មានឆ្នាំប៉ុណ្ណោះ។ តើរហូតមកដល់ ពេល នេះ AIA Cambodia មានការរីកចម្រើនដូចម្តេចខ្លះដែរ?
ឧស្សាហកម្មធានារ៉ាប់រងកម្ពុជា នៅក្មេងខ្ចីណាស់។ ការចាប់ផ្តើមរបស់ក្រុមហ៊ុន AIA Cambodia គឺជាការបោះជំហានដ៏សំខាន់មួយ។ វាបានកើតឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឱ្យប្រាកដថាយើងមកកាន់ទីនេះ គឺដើម្បីបន្ថែមគុណតម្លៃដល់ប្រទេសកម្ពុជា និងប្រជាជនទាំងអស់នៅទីនេះ។
ដោយបានប្តេជ្ញាថានឹងដើរតួនាទីដឹកនាំដ៏សំខាន់នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្រោមលក្ខខណ្ឌអំណោយផលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា យើងបានបង្កើតដំណោះស្រាយធានារ៉ាប់រងពេលមានជំងឺធ្ងន់ធ្ងរដំបូងគេនៅក្នុងប្រទេសនេះ ដែលជាតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា និងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅទីនេះ ដោយមានក្រុមហ៊ុនផ្សេងទៀតជាបន្តបន្ទាប់បានដើរតាមគន្លងនេះផងដែរ។
ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់របស់យើងក៏ត្រូវបានរៀបចំទៅជាច្រើនបែបផែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់រាប់ចាប់ពីគម្រោងធានារ៉ាប់រងដែលមានតំលៃសមរម្យ រហូតដល់គម្រោងការការពារខ្ពស់បំផុត។
ផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ តើ AIA បានផ្តល់ការទំនុកបម្រុងដល់ប្រជាជនកម្ពុជាយ៉ាងណាខ្លះ ដើម្បីការពារឥទ្ធិពលអវិជ្ជមាននៃជំងឺនេះ?
ជំងឺរាតត្បាតកូវីដ ១៩ គឺជាបញ្ហាប្រឈមសកលដែលមិនធ្លាប់មានពីមុន។ ដោយសារការផ្ទុះឡើងនៃជំងឺនេះ គេបានមើលឃើញវិធានការណ៍ទប់ស្កាត់ជាច្រើនដែលដាក់ចេញដោយរដ្ឋាភិបាល ខណៈមនុស្សរាប់លានគ្រួសារកំពុងជួបទុក្ខលំបាក ឬបាត់បង់ការងារ ហើយសេដ្ឋកិច្ចនៃប្រទេសជាច្រើនកំពុងជួបប្រទះនូវវិបត្ដិធ្ងន់ធ្ងរក្នុងរយៈពេលខ្លីនេះ។
បើទោះបីស្ថានភាពមិនមានភាពប្រាកដប្រជាក្នុងរយៈពេលខ្លីនេះក្តីក៏ការយល់ដឹង និងតម្រូវការចំពោះដំណោះស្រាយនិង សេវាកម្មធានារ៉ាប់រងអាយុជីវិត AIA នៅកម្ពុជានឹងបន្តកើនឡើងក្នុងរយៈពេលវែង។ AIA មានគោលជំហររឹងមាំពិសេស ដោយមានភ្នាក់ងារចែកចាយ និងហិរញ្ញវត្ថុដ៏មានឥទ្ធិពលរបស់ខ្លួន ដើម្បីចាប់យកឱកាសរយៈពេលវែងដ៏ធំធេងនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត និងសុខភាពនៅកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតមួយនេះ យើងបានផ្តល់ជូនដោយឥតគិតថ្លៃដល់អតិថិជនថ្មី និងចាស់ទាំងអស់នូវការធានារ៉ាប់រងដែលមានទឹកប្រាក់ចំនួន ៥០០ ដុល្លារ សម្រាប់ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងចំនួន ៥ ០០០ ដុល្លារ សម្រាប់មរណភាពដោយសារជំងឺកូវីដ ១៩។ នេះជាអត្ថប្រយោជន៍បន្ថែមលើការធានារ៉ាប់រងអាយុជីវិតដែលមានស្រាប់គ្របដណ្ដប់លើការបាត់បង់អាយុជីវិតចំពោះរាល់ជំងឺរួចជាស្រេច។ ហើយការផ្តល់ជូននេះទទួលបានការគាំទ្រយ៉ាងច្រើន ដល់ថ្នាក់យើងត្រូវបន្តផ្តល់ជូនរហូតដល់ចុងខែកញ្ញា។
ជាមួយនឹងការផ្លាស់ប្តូរជាអចិត្រៃ្តយ៍លើវិស័យធានារ៉ាប់រងដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ តើ AIA Cambodia បានត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីភាពជោគជ័យបន្តទៅមុខ?
ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានបន្សល់ទុកនូវស្លាកស្នាមជាអចិត្រៃ្តយ៍៍លើគ្រប់ផ្នែកនៃជីវិតហើយវានឹងមានបទដ្ឋានថ្មីក្នុងការរស់នៅ និងការធ្វើជំនួញ។ ខណៈអ្នកផ្សេងទៀតប្រហែលជាកំពុងប្រញាប់ប្រញាល់រៀបចំខ្លួនឲ្យស្របគ្នានឹងការផ្លាស់ប្តូរទាំងនេះ AIA Cambodia បានត្រៀមលក្ខណៈបែបនេះតាំងពីការបើកសម្ពោធកាលពី ៣ ឆ្នាំមុនម្លេះ។
ទោះយ៉ាងណា យើងក៏បន្តអភិវិវឌ្ឍខ្លួនយើងជានិច្ច ដើម្បីឱ្យស្របទៅនឹងជំហរឈានមុខគេ នៅពេលដែលស្ថានភាពកំពុងវិវឌ្ឍទៅមុខផងដែរនោះ។ វានឹងមានការផ្លាស់ប្តូរជាអចិត្រៃ្តយ៍ហើយយើងមើលឃើញថា វាជាឱកាសដើម្បីការរីកចម្រើនថែមទៀត។ មួយក្នុងចំណោមនោះ គឺប្រជាជនដែលកំពុងយកចិត្តទុកដាក់ខ្ពស់លើការការពារសុខភាពរបស់ពួកគេ។
ចំណុចនេះ គឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីជំរុញការអប់រំសុខភាពសាធារណៈសម្រាប់ប្រជាជនកម្ពុជា។ ស្របគ្នាទៅនឹងសារជួយសង្គ្រោះជីវិត និងគោលការណ៍ណែនាំសំខាន់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក យើងបានធ្វើការជាមួយអ្នកតំណាងរបស់យើង គឺលោក David Beckham និងក្លិបបាល់ទាត់នៅក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League គឺក្លិប Tottenham Hotspur ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អផងដែរ។
ឧស្សាហកម្មធានារ៉ាប់រងនឹងត្រូវវិវឌ្ឍខ្លួនក្រោយជំងឺកូវីដនេះ។ តើអ្នកស្រីគិតថា វិស័យនេះនៅកម្ពុជានឹងមានការអភិវឌ្ឍក្នុងរយៈពេលវែងយ៉ាងដូចម្តេចដែរ?
តម្រូវការសម្រាប់ធានារ៉ាប់រងអាយុជីវិត និងសុខភាព បានកើនឡើងយ៉ាងឆាប់រហ័ស ហើយនេះមិនមែនគ្រាន់តែជាការកើនឡើងរយៈពេលខ្លីនោះទេ នៅពេលដែលប្រជាជនកម្ពុជាកាន់តែមានការយល់ដឹងច្រើន អំពីការរៀបចំផែនការការពារសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ពេលដែលដំណោះស្រាយធានារ៉ាប់រងពេលមានជំងឺធ្ងន់ធ្ងរនៅកម្ពុជារបស់ AIA Cambodia ត្រូវបានផ្តល់ជូននៅក្នុងទីផ្សារឆ្នាំ ២០១៧ វាគ្រាន់តែជាជម្រើសបន្ថែមដ៏អស្ចារ្យមួយនៅក្នុងឧស្សាហកម្មនេះ។ បច្ចុប្បន្នជាមួយនឹងកំណើនដែលអាចមើលឃើញជាមុន ក្នុងការទទួលយកធានារ៉ាប់រងនេះ ខ្ញុំជឿជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្រើននឹងធ្វើតាមការនាំមុខនេះ។
វាមិនមែនជាជំរើសទៀតទេ ប៉ុន្តែជាភាពចាំបាច់មួយដែលឧស្សាហកម្មទាំងមូលត្រូវរួមបញ្ចូលនៅក្នុងការផ្តល់ជូនអតិថិជនរបស់ពួកគេ ដើម្បីឲ្យប្រជាជនកម្ពុជាមានសេរីភាព និងជម្រើសកាន់តែច្រើនសម្រាប់ការការពារពេលមានជំងឺធ្ងន់ធ្ងរ។ នេះគឺជាការប្រកួតប្រជែងដ៏ល្អ ហើយវានឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា ដោយបង្កើនអត្រានៃការជ្រាបចូលទីផ្សារនៃវិស័យធានារ៉ាប់រងអាយុជីវិត កើនឡើងច្រើនជាបច្ចុប្បន្ន ដែលមានតិចជាងមួយភាគរយ។
ការប្តេជ្ញារបស់ AIA ថានឹងជួយមនុស្សគ្រប់គ្នាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរនឹងក្លាយជាបែបផែនអាជីវកម្មទូទៅសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ យើងនឹងមានមោទនភាព ព្រោះថាសម្រាប់យើង នេះគឺជាបែបផែនអាជីវកម្មប្រកបដោយនិរន្តរភាពតែមួយគត់ ដើម្បីជំរុញឧស្សាហកម្មមួយនេះឱ្យរីកចម្រើនបានយូរអង្វែង។
បើទោះបីធ្លាប់មានវិបត្តិកើតឡើងជាច្រើនពីមុនក្តីក៏ AIA មិនដែលចាកចេញពីទីផ្សារទាំង ១៨ របស់ខ្លួនដែរ។ ដូច្នេះ ក្នុងអំឡុងពេលកំពុងជួបវិបត្តិដែលមិនធ្លាប់មាននេះ សូមអ្នកស្រីរៀបរាប់អំពីភាពរឹងមាំរបស់ AIA Cambodia។
នៅពេលដែល AIA បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងទីផ្សារ គឺយើងនៅទីនេះយូរអង្វែងជារៀងដរាបសម្រាប់អតិថិជនរបស់យើងរាប់សិបជំនាន់ទៅមុខ បើទោះបីជាមានហេតុការណ៍ណាមួយ ដែលអ្នកផ្សេងមើលថា ជាការលំបាកក៏ដោយ។ យើងមិនដែលទុកអតិថិជនយើងចោលម្តងណាឡើយ ទោះបីស្ថានភាពលំបាកយ៉ាងណាក្តី ហើយវិបត្តិជំងឺកូវីដ ១៩ នេះក៏មិនខុសគ្នាដែរ។
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក យើងបានចាក់គ្រឹះយ៉ាងរឹងមាំ លើបទពិសោធន៍ ជំនាញ និងហិរញ្ញវត្ថុរបស់យើង។ បច្ចុប្បន្ន យើងទទួលបានទំនុកចិត្តពីសំណាក់អតិថិជនរាប់លាននាក់នៅទូទាំងតំបន់ ជាមួយនឹងទឹកប្រាក់ធានារ៉ាប់រងសរុបចំនួន ១៧៤ ម៉ឺនលានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៩ យើងបានផ្តល់ការការពារច្រើនជាង ១៤ លានសំណង ជួយអតិថិជន និងគ្រួសាររបស់ពួកគាត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅគ្រប់ដំណាក់កាលនៃជីវិត ជាមួយនឹងសេវាកម្មលំដាប់ពិភពលោករបស់យើង។
ជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល ប៉ុន្តែគ្រឹះដែលមិនអាចរង្គោះរង្គើររបស់យើង គឺមានន័យថា AIA មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែអាចទប់ទល់នឹងបញ្ហាបែបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអតិថិជនរបស់យើងឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះផងដែរ។ ការផ្ទុះឡើងនៃជំងឺនេះបានបង្ហាញពីសារៈសំខាន់នៃប្រតិបត្តិការដ៏រឹងមាំដែលបានរៀបចំរួចរាល់ ដោយចក្ខុវិស័យរបស់យើងបានចង្អុលបង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួនរបស់ក្រុមហ៊ុនសម្រាប់ប្រតិបត្តិការផ្អែកលើបច្ចេកវិទ្យាតាំងតែពីមុនមកម្ល៉េះ។
ពេលនេះ គឺជាពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ហើយយើងកំពុងមើលឃើញពីផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែអតិថិជនរបស់យើងអាចបន្តពឹងផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ AIA និងកិត្តិនាមឈានមុខគេនៅលើទីផ្សារ ស្របពេលដែលយើងជួយការពារសុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគាត់៕