ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានប្រកាន់យកមាគ៌ាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យឥណទាន ដែលមានសារៈសំខាន់ ដើម្បីបង្កើតបរិយាកាសសុខដុមរមនាសម្រាប់ទាំងអ្នកផ្តល់កម្ចី និងអ្នកស្នើសុំកម្ចី។ ប្រធាននាយកប្រតិបត្តិរបស់ CBC លោក អឿ សុធារ័ត្ន បានពន្យល់អំពីរបៀបដែល CBC កំពុងប្រើប្រាស់វេទិកាឌីជីថល ដើម្បីផ្តល់ព័ត៌មានឥណទានគ្រប់ជ្រុងជ្រោយ ខណៈតម្រូវការឥណទានកំពុងកើនឡើង ហើយអ្នកផ្តល់ប្រាក់កម្ចីចង់ធានាអំពីហានិភ័យឥណទាន។
Q. CBC បានបង្កើតកម្មវិធីទូរស័ព្ទដៃនៅក្នុងខែវិច្ឆិកា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចពិនិត្យមើលពិន្ទុឥណទាន របាយការណ៍ឥណទាន និងទទួលបានការជូនដំណឹងឲ្យត្រួតពិនិត្យឥណទាន។ តើអ្វីបានជំរុញឱ្យ CBC ដាក់ឱ្យដំណើរការកម្មវិធីនេះឡើង ក្នុងពេលនេះ?
ខណៈអតិថិជនកាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជា កំពុងប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងធនាគារចល័ត យើងចង់ផ្តល់នូវសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងឆ្លាតវៃដល់ប្រជាជនកម្ពុជានៅលើចុងម្រាមដៃរបស់ពួកគេនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
អ្នកប្រើប្រាស់ដែលធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាប្រចាំ ទទួលបានរបាយការណ៍ឥណទាន និងពិន្ទុឥណទាន និងទទួលបានការជូនដំណឹងឱ្យធ្វើការត្រួតពិនិត្យឥណទាន ដែលអាចធានាបាននូវការអនុវត្តការគ្រប់គ្រងឥណទានកាន់តែប្រសើរ ដើម្បីលើកកម្ពស់ភាពគួរឱ្យជឿទុកចិត្តរបស់ពួកគេ នៅពេលអ្នកផ្តល់កម្ចីធ្វើការវាយតម្លៃហានិភ័យឥណទាន។ នេះគឺ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់យើង ដើម្បីធ្វើទំនើបកម្មឌីជីថលលើសេវាកម្មអតិថិជន ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងតាមវិធីងាយស្រួល។
Q. យោងតាមរបាយការណ៍ត្រីមាសទី៣ របស់ CBC “ចំនួនគណនីឥណទានសរុបមានការកើន ឡើងបន្តិចបន្តួចគឺ ០,២៨ ភាគរយ” ដែលធ្វើឱ្យវាកើនដល់ ១,២៧ លានគណនី។ តើផលិតផលចុងក្រោយរបស់លោកអាចរួមចំណែកយ៉ាងដូចម្តេច ដើម្បីទាក់ទាញប្រជាជនកម្ពុជាកាន់តែច្រើនឱ្យធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ពួកគេ?
ចំនួនបុគ្គលដែលត្រួតពិនិត្យមើលរបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតែមានកម្រិតទាប ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ។ យើងលើកទឹកចិត្តអតិថិជនឱ្យពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេពីព្រោះរាល់អ្នកផ្តល់កម្ចីរបស់ពួកគេ ក៏អាចចូលមើលរបាយការណ៍នេះបានគ្រប់ពេលវេលាក្នុងអំឡុងពេលវាយតម្លៃការផ្តល់ប្រាក់កម្ចីនេះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអតិថិជន។
ដូច្នេះ តាមរយៈការពិនិត្យរបាយការណ៍ឥណទានជាប្រចាំ បុគ្គលដែលសកម្មនៅក្នុងទីផ្សារឥណទានអាចគ្រប់គ្រងទម្រង់ឥណទានរបស់អតិថិជនបាន ដើម្បីប្រើប្រាស់បានជាប្រយោជន៍ក្នុងកម្រិតមួយខ្ពស់បំផុត ពីអ្នកផ្តល់កម្ចី។ តាមរយៈកម្មវិធីទូរស័ព្ទដៃនេះ បុគ្គលម្នាក់ៗក៏អាចចូលមើលពិន្ទុឥណទានបាន ដែលពីមុនមិនទាន់មានសម្រាប់អ្នកប្រើប្រាស់នៅឡើយ។
ការជូនដំណឹងអំពីការត្រួតពិនិត្យឥណទានមិនត្រឹមតែអាចធ្វើឱ្យអតិថិជនដឹងពីបច្ចុប្បន្នភាពលើការផ្លាស់ប្តូរប្រវត្តិឥណទានរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចតាមដានរាល់ការប្រើប្រាស់អត្តសញ្ញាណដោយគ្មានការអនុញ្ញាត ឬសកម្មភាពដែលមិនមានការអនុញ្ញាតនៅលើគណនីកម្ចីរបស់ពួកគេផងដែរ។
Q. យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CBC ចុះថ្ងៃទី ២៩ ខែវិច្ឆិកា បានលើកឡើងថា "CBC កំពុងព្យាយាមបំពេញនូវអ្វីដែលខ្លួនគិតថា ជាគម្លាតសេវាកម្មនៅក្នុងវិស័យឥណទាន និងហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើននៅក្នុងប្រទេស"។ តើលោកអាចពន្យល់លម្អិតពីចំណុចនេះបានទេ?
ខណៈដែលស្ថាប័នផ្តល់ប្រាក់កម្ចីជាច្រើនបាននឹងកំពុងទទួលបានអត្ថប្រយោជន៍ពីព័ត៌មាន និងដំណោះស្រាយវិភាគរបស់យើង ប៉ុន្តែវានៅតែមានចន្លោះប្រហោងធំនៅក្នុងផ្នែកអតិថិជនដែលអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់យើង។
មានព័ត៌មានមិនស្មើគ្នាសម្រាប់ទាំងអ្នកផ្តល់កម្ចី និងអ្នកស្នើសុំកម្ចីនៅក្នុងទីផ្សារឥណទាន។ ការពិនិត្យឡើងវិញនូវរបាយការណ៍ឥណទាន និងពិន្ទុរបស់អ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងទម្រង់ឥណទានរបស់ពួកគេបាននិងធានាថា ពួកគេអាចប្រើប្រាស់បានជាអត្ថប្រយោជន៍មួយក្នុងកម្រិតខ្ពស់បំផុតពីអ្នកផ្តល់កម្ចី។
កម្មវិធីទូរស័ព្ទដៃរបស់ CBC អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវកម្មវិធីរួមបញ្ចូលគ្នា ដើម្បីប្រើប្រាស់ដំណោះស្រាយពិនិត្យសមតុល្យហិរញ្ញវត្ថុឱ្យបានងាយស្រួលពីចម្ងាយ និងមានសុវត្ថិភាព។
Q. ការដាក់ឱ្យដំណើរការកម្មវិធីនេះ គឺឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ CBC ដើម្បីឆ្ពោះទៅរកប្រព័ន្ធឌីជីថលឱ្យកាន់តែសកម្ម។ តើការផ្លាស់ប្តូរប្រពន្ធ័ឌីជីថលនៅក្នុងការគ្រប់គ្រងហានិភ័យឥណទាន នឹងជំរុញឱ្យមានការសម្រេចចិត្តឆាប់រហ័ស និងនាំមកនូវតម្លាភាពកាន់តែច្រើនចំពោះការគ្រប់គ្រងហានិភ័យដែរឬទេ?
ដំណោះស្រាយរបស់ CBC ត្រូវបានរៀបចំឡើង ដើម្បីបំពេញចន្លោះខ្វះខាតព័ត៌មានក្នុងការវាយតម្លៃហានិភ័យឥណទាន និងធ្វើការសម្រេចចិត្តបានឆាប់រហ័ស និងគួរឱ្យជឿទុកចិត្ត ដែលអាចធ្វើឱ្យឌីជីថល និងការគ្រប់គ្រងហានិភ័យឥណទានមានលក្ខណៈស្វ័យប្រវត្តិសម្រាប់ស្ថាប័នផ្តល់ប្រាក់កម្ចី ខណៈដែលសេដ្ឋកិច្ចកំពុងងាកទៅរកប្រព័ន្ធឌីជីថល។
ជាមួយនឹងទិន្នន័យ និងការវិភាគយ៉ាងច្រើន ដែលយើងផ្តល់ជូនពីគ្រប់ស្ថាប័នហិរញ្ញវត្ថុ ដែលជាធម្មតាអ្នកផ្តល់កម្ចីមិនអាចចូលមើលបាន យើងលើកកម្ពស់តម្លាភាពនៅក្នុងទីផ្សារឥណទានតាមរយៈការជួយកំណត់អត្តសញ្ញាណហានិភ័យក៏ដូចជាទម្រង់ផលចំណេញរបស់អតិថិជន។
យើងបានផ្តល់ជូនវេទិកាឌីជីថលរួចហើយ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មជាមួយស្ថាប័នហិរញ្ញវត្ថុដែលគាំទ្រពួកគេឱ្យទទួលបានដំណោះស្រាយរបស់យើងប្រកបដោយប្រសិទ្ធភាព។ យើងក៏អនុញ្ញាតឱ្យអ្នកផ្តល់កម្ចី ប្រើប្រាស់ទិន្នន័យខាងក្នុងក៏ដូចជាទិន្នន័យខាងក្រៅពី CBC និងប្រភពផ្សេងទៀត ដើម្បីទទួលបានដំណោះស្រាយសម្រេចចិត្តដោយស្វ័យប្រវត្តិ ដែលនឹងបង្កើនប្រសិទ្ធភាព និងល្បឿនប្រតិបត្តិការឥណទាន។
របាយការណ៍វិភាគទិន្នន័យ (DAR) របស់យើង គឺជាឧបករណ៍តាមអនឡាញ ដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកអាចត្រួតពិនិត្យលក្ខណៈហានិភ័យឥណទានរបស់ពួកគេជាទៀងទាត់ ធៀបទៅនឹងឧស្សាហកម្មក៏ដូចជាចំណែកទីផ្សារជាក់លាក់ ដើម្បីធានាបាននូវជំហរប្រកួតប្រជែងនៅក្នុងទីផ្សារ។
Q. ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើនកំពុងផ្តោតលើផលិតផលហិរញ្ញវត្ថុដែលផ្តោតលើឌីជីថល។ តើកម្មវិធីទូរស័ព្ទដៃនេះនឹងអនុញ្ញាតឱ្យ CBC ធ្វើការវាយតម្លៃឥណទានចំពោះបុគ្គល ដោយបង្កើតគំរូពិន្ទុឥណទានថ្មីយ៉ាងដូចម្តេច?
CBC មិនធ្វើការវាយតម្លៃឥណទានរបស់បុគ្គលទេ ប៉ុន្តែផ្តល់ព័ត៌មាន និងដំណោះស្រាយវិភាគដល់អ្នកផ្តល់កម្ចី ដើម្បីឱ្យពួកគេអាចធ្វើការវាយតម្លៃពីហានិភ័យឥណទានរបស់បុគ្គល និងអាជីវកម្មនោះ។ កម្មវិធីទូរស័ព្ទដៃនេះអាចឱ្យបុគ្គលនៅទូទាំងប្រទេស រៀបចំសុខភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីរក្សាឥរិយាបទគ្រប់គ្រងឥណទានប្រកបដោយការទទួលខុសត្រូវក្នុងការទទួលបានអត្ថប្រយោជន៍ឱ្យបានពេញលេញ ដែលជួយពួកគេនៅពេលស្នើសុំកម្ចី។
Q. គំរូផ្តល់កម្ចីតាមបែបឌីជីថល កំពុងវិវឌ្ឍឥតឈប់ឈរ ក៏ដូចវិធីសាស្ត្រនៃការដាក់ពិន្ទុឥណទានផងដែរ។ តើ CBC រក្សាល្បឿនជាមួយនឹងនិន្នាការផ្លាស់ប្តូរនេះយ៉ាងដូចម្តេច?
ខណៈធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលនៅតែថ្មីនៅឡើយ។ (e-KYC) និងការដាក់ពិន្ទុឥណទានផ្អែកលើទិន្នន័យឥណទានលក្ខណៈប្រពៃណី និងទិន្នន័យឥណទានផ្សេងទៀត គឺជាកត្តាសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល។
កម្មវិធីទូរស័ព្ទដៃរបស់យើងដែលទើបនឹងសម្ពោធកាលពីពេលថ្មីៗ ផ្តល់នូវការត្រួតពិនិត្យអត្តសញ្ញាណអតិថិជន (e-KYC) ពីចម្ងាយ និងផ្តល់ពិន្ទុឥណទានសម្រាប់អតិថិជន ដែលបង្ហាញពីការត្រៀមខ្លួនរបស់យើងសម្រាប់ការក្លាយជាអ្នកផ្គត់ផ្គង់សម្រាប់ការគ្រប់គ្រងហានិភ័យឥណទានឌីជីថល។ ថ្មីៗនេះយើងបានបង្កើន ខេស្ករ របស់យើង ដើម្បីដោះស្រាយនិន្នាការដែលកំពុងវិវឌ្ឍន៍នៅក្នុងទីផ្សារឥណទាន ដើម្បីទទួលបាននូវភាពជឿជាក់ខ្ពស់ជាងមុន។
លើសពីនេះទៀត យើងក៏គាំទ្រស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើតតារាងពិន្ទុឥណទានផ្ទៃក្នុងរបស់ពួកគេ ដែលយើងរួមបញ្ចូលនូវកត្តាហានិភ័យជាក់លាក់របស់អ្នកផ្តល់ប្រាក់កម្ចី ដើម្បីឱ្យពួកគេអាចទទួលយកគំរូហានិភ័យឥណទានរឹងមាំ។ ដូច្នេះយើងអាចផ្តល់លទ្ធភាពដល់វិស័យហិរញ្ញវត្ថុ ឱ្យសម្របខ្លួនទៅនឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ពួកគេនៅតាមស្ថាប័ន ក៏ដូចជាកម្រិតឧស្សាហកម្មទាំងមូល។
នៅខាងមុខ យើងនឹងផ្តោតលើការធ្វើពិពិធកម្មប្រភពទិន្នន័យ ដើម្បីទទួលយកទាំងទិន្នន័យបែបប្រពៃណី និងទិន្នន័យជំនួសផ្សេងទៀត សម្រាប់ធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុទទួលបានឧបករណ៍កាន់តែទូលំទូលាយ ដើម្បីធ្វើការវាយតម្លៃហានិភ័យឥណទាន។ វានឹងជួយដល់អ្នកផ្តល់កម្ចីក្នុងការវាយតម្លៃទម្រង់ហានិភ័យឥណទានថ្មី និងឥណទានអ្នកស្នើសុំកម្ចីដែលមើលមិនឃើញ ដែលនាំឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុកាន់តែប្រសើរ។
Q. ការផ្លាស់ប្តូររបស់ CBC ទៅរកឌីជីថល ក៏បង្ហាញពីការលោតចូលទៅក្នុងផ្នែកច្រោះយកទិន្នន័យធំ (data mining) ផងដែរ។ តើទីផ្សារកម្ពុជាត្រៀមខ្លួនសម្រាប់ទិន្នន័យធំ (data mining) ហើយឬនៅ ហើយថាតើ CBC មានអ្នកជំនាញចាំបាច់សម្រាប់ផ្នែកនេះហើយឬនៅ?
ជាមួយនឹងការធ្វើទំនើបកម្មឌីជីថលយ៉ាងឆាប់រហ័ស ធនាគារចល័ត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ មានទិន្នន័យជាច្រើនដែលត្រូវបានបង្កើតឡើង សម្រាប់អតិថិជនដែលអាជីវកម្មអាចធ្វើការវិភាគ ដើម្បីបង្កើនការយល់ដឹងអំពីអាជីវកម្មឆ្លាតវ័យ។ ដោយមានប្រភពទិន្នន័យថ្មីៗជាច្រើនកំពុងវិវឌ្ឍន៍ អាជីវកម្មនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងទីតាំងមួយដែលពួកគេអាចទទួលបានអត្ថប្រយោជន៍ពីដំណើរការច្រោះយកទិន្នន័យធំៗ (data mining) និងផលិតផលវិភាគទិន្នន័យទំនើប ដើម្បីគោលដៅបង្កើតផ្នែកអតិថិជន។ ពិន្ទុឥណទានរបស់យើង គឺជាផលិតផលមួយដែលប្រើបច្ចេកទេសច្រោះយកទិន្នន័យធំ និងការវិភាគជឿនលឿន។
យើងតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនសមត្ថភាពក្រុមការងាររបស់យើងជានិច្ច ដើម្បីធានាថាពួកគេអាចអនុវត្តជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យើងក៏បើកចំហចំពោះការសហការជាមួយអ្នកជំនាញ និងស្ថាប័នខាងក្រៅ ដែលមានភាពស៊ីសង្វាក់គ្នា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូ៕