ក្រុងកាប៊ុល៖ អាជ្ញាធរបានថ្លែងកាលពីថ្ងៃសៅរ៍ថា ក្រុមកងកម្លាំងអាហ្វហ្គានីស្ថានបានចាប់ខ្លួនមេដឹកនាំរបស់ក្រុមរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសមួយនេះ រួមជាមួយជនជីហាដ ១៩ នាក់ផ្សេងទៀត។
កងកម្លាំងប្រតិបត្តិសន្តិសុខជាតិ (NDS) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអាស្លាម ហ្វារ៉ូជី ត្រូវបានគេស្គាល់ថា ជាលោកអាប់ឌុលឡាហ៍ អូរ៉ាក់ហ្សៃ ត្រូវបានគេចាប់ខ្លួន រួមជាមួយក្រុមបុរសមួយចំនួនផ្សេងទៀត នៅក្នុង «ប្រតិបត្តិការដ៏ស្មុគស្មាញ» មួយ។
ដោយបានថ្លែងក្នុងលក្ខខណ្ឌអនាមិក មន្ត្រីកងកម្លាំងប្រតិបត្តិសន្តិសុខជាតិ NDS ម្នាក់ បានថ្លែងប្រាប់ AFP ថា ក្រុមអាស្លាម ហ្វារ៉ូជី គឺជាមេខ្លោងនៅពីក្រោយការវាយប្រហារ បានអះអាងដោយក្រុមរដ្ឋអ៊ិស្លាមទៅលើព្រះវិហារស៊ីកហ៍មួយកន្លែង នៅក្នុងទីក្រុងកាប៊ុលកាលពីខែមុន ដែលបានបង្កឲ្យមនុស្សយ៉ាងតិច ២៥ នាក់ស្លាប់។
ត្រូវបានគេស្គាល់ឈ្មោះថា ជាក្រុមរដ្ឋអ៊ិស្លាមនៅក្នុងតំបន់ហ្គូរ៉ាសាន (IS-K) ជាសាខាក្រុមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានគាំទ្រក្រុមរបស់ខ្លួន ឲ្យបើកការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបានបន្តធ្វើប្រតិបត្តិការដោយក្រុមកងកម្លាំងរបស់អាមេរិក និងប្រតិបត្តិការដាច់ដោយឡែករបស់ក្រុមតាលីបង់។
កាលពីខែវិច្ឆិកា មន្ត្រីអាហ្វហ្គានីស្ថានបានថ្លែងថា ក្រុម IS-K ត្រូវបានវាយកម្ទេចទាំងស្រុងនៅក្នុងខេត្តណាងហ្គារហារ ជាខេត្តមួយក្នុងចំណោមខេត្តសំខាន់នៅភាគខាងកើត ជាទីដែលពួកគេ បានស្វះស្វែងដំបូង ដើម្បីបង្កើតទីតាំងឈរជើងមួយកាលពីឆ្នាំ ២០១៥។
ចាប់តាំងពីប៉ុន្មានឆ្នាំមុន ពួកគេបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារគួរឲ្យរន្ធត់ជាបន្តបន្ទាប់ នៅទូទាំងប្រទេស អាហ្វហ្គានីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមកងកម្លាំងប្រតិបត្តិសន្តិសុខជាតិ NDS បានថ្លែងថា ក្រុមហ្វារ៉ូជី បានសារភាពថា មានទំនាក់ទំនងជាមួយ «ក្រុមទីភ្នាក់ងារចារកម្មក្នុងតំបន់» បាននិយាយយ៉ាងច្បាស់សំដៅទៅលើប្រទេស ប៉ាគីស្ថាន ដែលប្រទេស អាហ្វហ្គានីស្ថាន ជាទម្លាប់បានស្តីបន្ទោស ជុំវិញការគាំទ្រក្រុមជីហាដ និងការជួយដល់ក្រុមតាលីបង់។
ក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធថា មិនបានធ្វើដូច្នេះនោះទេ៕ AFP/SK